អៃ​ឌៀ ឡូយ!! ប្រទេស​រុស្ស៊ី​ជំរុញ​ចិត្ត​ប្រជាជន ឱ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ-19 ដោយ​អៃ​ស្គ្រី​ម

អៃ​ឌៀ​ឡូយ! ប្រទេស​រុស្ស៊ី ប្រើ​កល​យុទ្ធ ឱ្យ​ប្រជាជន​ងាក​មកចាក់​វ៉ាក់សាំង​កូ​វីដ-19 កាន់តែ​ច្រើនឡើង ដោយ​ការយក​របស់​ហូបចុក​មក​ធ្វើជា​រង្វាន់ ចាក់​វ៉ាក់សាំង បាន​អៃ​ស្គ្រី​ម 1ដើម Free!

វា​ជា​រឿង​ធម្មតា​ទេ បើសិនជាក្មេងៗនឹង​បានទទួល​ស្ករ​គ្រាប់ ដើម្បី​សម្រាល​អាការ​ឈឺចាប់​ក្រោយ​ការចាក់​ថ្នាំ​រួច តែ​នៅ​ប្រទេស​រុស្ស៊ី​វិញ កំពុង​ឈានទៅ​មុខ មួយ​ជំហាន​ទៀត ដោយ​មជ្ឈមណ្ឌល​វ៉ាក់សាំង​មួយកន្លែង​នៅក្នុង​ទីក្រុង​មូ​ស្គូ បានសម្រេច​ចិត្ត​ប្រើ​ឧបាយកល ផ្ដល់​រង្វាន់​ឱ្យ​អ្នក​មកចាក់​វ៉ាក់សាំង ដោយ​ការ​ថែម​បង្អែម ជា​ការ៉េម​អៃ​ស្គ្រី​ម​ឱ្យ 1ដើម។

ក្នុងខណៈដែល​ប្រទេស​ជាច្រើន ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​វ៉ាក់សាំង​កូ​វីដ-19 តែ​ខាង​ប្រទេស​រុស្ស៊ី បែរជា​ត្រូវ​ប្រឈម​នឹង​សភាវ​ផ្គត់ផ្គង់​ដែល​ច្រើន​ហូរហៀរ​ទៅវិញ ព្រោះ​កំពុង​ជួបនឹង​បញ្ហា លួងលោម​បញ្ចុះបញ្ចូល​ឱ្យ​ប្រជាជន​ចូលមក​ទទួលយក​វ៉ាក់សាំង។ តាមរយៈ​លទ្ធផល​ធ្វើ​ប្រជាមតិ​របស់ Levada Center បាន​រកឃើញថា មាន​ប្រជាជន​រុស្ស៊ី​ត្រឹមតែ 38%ប៉ុណ្ណោះ ដែល​ពេញចិត្ត ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង Sputnik V ព្រោះ​ភាគច្រើន មាន​ក្ដីកង្វល់​ពី​ផលប៉ះពាល់ បើទោះជា មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចេញមក ធានារ៉ាប់រង​ប្រសិទ្ធភាព​ហើយក៏​ដោយ។

មជ្ឈមណ្ឌល​វ៉ាក់សាំង នៅក្នុង​ហាង​ផ្សារ​ទំនើប ក្នុង​ទីក្រុង​មូ​ស្គូ បានសម្រេច​ចិត្ត​រិះរក​កល​យុទ្ធ​ជំរុញ​ឱ្យ​មនុស្សម្នា​មកចាក់​វ៉ាក់សាំង ពួកគេ​គិតថា ហេតុផល​ខាង​វិទ្យាសាស្ត្រ ប្រើ​មិនបាន​លទ្ធផល​ល្អ​ទេ ដូច្នេះ​ក៏​សម្រេចចិត្ត​ប្រើ​វិធី​សូកប៉ាន់ ដោយ​ការស្នើ​យុទ្ធនាការ អ្នកណា​ចាក់​វ៉ាក់សាំង នឹង​បានទទួល​ការ៉េម​អៃ​ស្គ្រី​ម 1ដើម Free!  ដែល​លទ្ធផល​ទទួលបាន គឺមាន​ប្រជាជន​នាំគ្នា​ចូលមក​ទទួលយក​ការចាក់​វ៉ាក់សាំង កាន់តែច្រើនឡើងៗរៀងរាល់ថ្ងៃ។

លោកស្រី Natalya Kuzentova ប្រធាន​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង បាន​ថ្លែងថា អី​លូវ​នេះ មាន​មនុស្ស​មកចាក់​វ៉ាក់សាំង​នៅក្នុង​ហាង ប្រមាណ​ជា 300នាក់​ក្នុង 1ថ្ងៃ៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement