ស្លាប់​ជាង 486,900នាក់​ដោយសារ Covid-19 អាមេរិក​ទិញ​វ៉ាក់សាំង​ចំនួន 200លាន​ដូ​ស​បន្ថែមទៀត

លោក​ Joe Biden បាន​ចាក់​វ៉ាក់សាំង​ជា​លើក​ទីពីរ​រួច​ហើយ

សហរដ្ឋអាមេរិក​គឺជា​តំបន់​សម្បុក​វីរុស Covid-19 ធំជាងគេ​បង្អស់​នៅ​​ក្នុង​ពិភពលោក ដោយមាន​ករណី​វិជ្ជមាន​សរុប​ចំនួន 28,000,788 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 486,914 នាក់។ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ អាមេរិក​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 93,199 នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 2,657 នាក់។

ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃទី 11 កុម្ភៈ បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​ទិញ​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 200 លាន​ដូ​ស​បន្ថែមទៀត និង​កំពុងតែ​រៀបចំ​សម្រាប់​ផ្ដល់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ចំនួន 300 លាន​នាក់​នៅ​ចុងខែ​កក្កដា ឆ្នាំ 2021។

«ក្នុង​រយៈពេល​បី​សប្ដាហ៍​កន្លងមក ដោយ​ការធ្វើការ​ទាំងយប់​ថ្ងៃ​ជាមួយនឹង​មនុស្ស​នៅ​ពីក្រោយ និង​នៅខាងមុខ​ជាច្រើន​នាក់ យើង​ក៏បាន​ទិញ​វ៉ាក់សាំង​គ្រប់​ចំនួន​សម្រាប់​ចាក់ឱ្យ​ពលរដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ហើយ​ពេលនេះ​យើង​នឹង​ប្រឹងប្រែង​ចាក់​ជូន​ពលរដ្ឋ​រាប់លាន​នាក់» លោក Biden ថ្លែង​ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល។

លោក​បន្ថែមថា «នៅ​រសៀល​នេះ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចុងក្រោយ​ដើម្បី​ទិញ​វ៉ាក់សាំង​ចំនួន 100 លាន​ដូ​ស​ពី Moderna និង 100 លាន​ដូ​ស​ពី Pfizer»។

យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​អាមេរិក (CDC) ជា​មធ្យម វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 1.49 លាន​ដូ​ស ត្រូវបាន​ចាក់​ជា​រៀងរាល់ថ្ងៃ​កាលពី​សប្ដាហ៍​មុន។

ដោយឡែក នៅ​ទូទាំង​ពិភពលោក Covid-19 បានសម្លាប់​អ្នកជំងឺ​សរុប​ចំនួន 2,377,196 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស​ចំនួន 25,439,999 នាក់ នៅក្នុង​ចំណោម​អ្នក​បាន​ឆ្លង​សរុប​ចំនួន 108,278,235 នាក់ ខណៈ​អ្នកជំងឺ​បានជា​សះស្បើយ​មាន​ចំនួន 80,311,739 នាក់៕

ប្រភព​៖ Reuters, CNN, AFP

Advertisement