ពលរដ្ឋ​អូទ្រីស ទទួលបាន​ឧបករណ៍​ធ្វើតេស្ត​វីរុស ដោយ​មិន​គិតថ្លៃ ទុក​សម្រាប់​ស្វែងរក Covid-19 នៅឯ​ផ្ទះ

ការផ្ដល់ជូន​ដោយ​មិន​គិតថ្លៃ​នូវ​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស Covid-19 នេះ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើតេស្ត​ដោយ​ខ្លួនឯង និង​មិនបាច់​ព្រួយចិត្ត​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​សុខភាព ក៏ដូចជា​ការបារម្ភ​អំពី​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នៅក្នុង​សហគមន៍ ពិសេស​គឺ​ចំពោះ​មនុស្ស​វ័យ​ចំណាស់។

រដ្ឋាភិបាល​ប្រទេស​អូទ្រីស បានឱ្យដឹងថា ការចែកជូន​ឧបករណ៍​ធ្វើតេស្ត​នេះ​នឹង​ចាប់ផ្ដើម​ពី​ខែមីនា​ខាងមុខ ពោលគឺ​ចាប់ពី​ថ្ងៃទី 1 ខែមីនា ពលរដ្ឋ​គ្រប់រូប​នៅ​ប្រទេស​នេះ​នឹង​ទទួលបាន​ឧបករណ៍​ធ្វើតេស្ត PCR ចំនួន 5 ឈុត ឬ​អង់​ទី​ក័​រ ជា​រៀងរាល់ខែ ដើម្បី​ទុក​សម្រាប់​ធ្វើតេស្តរ​កវី​រុស Covid-19 ដោយ​ខ្លួនឯង។

បច្ចុប្បន្ន កម្មវិធី​ខាងលើនេះ ទើបតែ​ចាប់ផ្ដើម​អនុវត្ត​ចំពោះតែ​មនុស្សពេញវ័យ​ប៉ុណ្ណោះ ប៉ុន្តែ រដ្ឋាភិបាល​ក៏​កំពុង​តែ​​ពិចារណា​អំពី​លទ្ធភាព​ផ្ដល់ជូន​ដល់​ក្រុម​គោលដៅ​ជា​កុមារ​ផងដែរ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​អូទ្រីស លោក Rudolf Anschober បា​ម​ឱ្យដឹងថា ការធ្វើ​តេស្ត​គឺជា​វិធានការ​សំខាន់បំផុត​ដើម្បី​ទប់ស្កាត់​ការឆ្លង​របស់​វីរុស។

ក្នុង​សប្ដាហ៍​កន្លងទៅ ការធ្វើ​តេស្ត PCR ចំនួន​ជាង 3 លាន​ដង និង​ការផ្ដល់ជូន​អង់​ទី​ក័​រ​ប្រមាណ 520,000 លើក​ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អូទ្រីស។ ក្រៅពី​ព​ន្លឿ​ន​ការធ្វើ​តេស្តរ​កវី​រុស Covid-19 ប្រទេស​អូទ្រីស​ក៏​កំពុង​តែ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ផងដែរ។ បច្ចុប្បន្ន ពលរដ្ឋ​នៃ​ប្រទេស​នេះ​ប្រមាណ​ជា 387,000 នាក់ ត្រូវបាន​ចាក់​វ៉ាក់សាំង ក្នុងនោះ​មាន​ប្រមាណ​ជា 150,000 នាក់ បាន​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ៕

Advertisement