បើសិន​ប្រមូលយក​វីរុស ​Covid-19 ​​ទាំងអស់​នៅលើ​ពិភពលោក មក​ដាក់​មួយកន្លែង តើ​ពួកវា​មាន​ទំហំ​ប៉ុនណា?

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​គណិត​វិទូ​ជនជាតិ​អង់គ្លេស បាន​បង្ហាញថា «គេ​អាចយ​កវី​រុស Covid-19 ទាំងអស់​ដែល​កំពុងមាន​វត្តមាន​នៅ​ទូទាំង​ពិភពលោក មក​ដាក់ចូល​គ្នា​បាន​មួយ​កំប៉ុង​ទឹកក្រូច​មាន​ហ្កា​ស ចំណុះ 330 មិ​ល្លី​លីត្រ»។

យោងតាម​សារព័ត៌មាន Independent បណ្ឌិត Kit Yates សាស្ត្រាចារ្យ​ផ្នែក​គណិតវិទ្យា​ប្រចាំ​សាកលវិទ្យាល័យ Bath (អង់គ្លេស) ត្រូវបាន​ស្នើឱ្យ​គណនា​លើ​ទំហំ​សរុប​នៃ​វីរុស Covid-19 ដែល​កំពុងមាន​វត្តមាន​នៅលើ​ពិភពលោក​ទាំងមូល។ សាស្ត្រាចារ្យ​រូបនេះ ឱ្យដឹងថា វីរុស Covid-19 ចំនួន​ប្រហែល ពីរលាន​លាន​លាន/ពីរ​រយ​កោដិ​កោដិ (2,000,000,000,000,000,000) កូន កំពុង «រស់» នៅលើ​ភពផែនដី។

ដើម្បី​ជា​ឧទាហរណ៍ លោក​បណ្ឌិត Yates បាន​បកស្រាយ​ថា លោក​បាន​រកឃើញ​ប្រវែង​អង្កត់ផ្ចិត​មធ្យម​របស់​វីរុស Covid-19 មួយ​គ្រាប់ ដោយមាន​ប្រវែង​ប្រហែល 100 nanomet ពោលគឺ​ស្មើនឹង 1/100 ពាន់​លាន​ម៉ែត្រ។ ក្រោយមក លោក​បន្ត​គណនា​លើ​ទំហំ​របស់​គ្រាប់​វីរុស​ក្នុង​ទម្រង់​ជា​រាង​មូល។

លោក​សាស្ត្រាចារ្យ​បន្ថែមថា សូម្បីតែ​គណនា​ទាំង​ប្រូតេអ៊ីន​ដែល​ស្ថិតនៅ​ចន្លោះ​នៃ​បណ្ដា​គ្រាប់​វីរុស Covid-19 (ជាក់ស្ដែង​គឺថា បណ្ដា​គ្រាប់​វីរុស​រាង​មូល​នឹង​បន្សល់ទុក​ចន្លោះប្រហោង​ពេល​ត្រូវ​បានដាក់​លើ​គ្នា) ក៏​ទំហំ​សរុប​របស់​វីរុស​ទាំងអស់នោះ នៅតែ​តូច ឬ​តិចជាង​ភេសជ្ជ​មាន​ហ្គាស​មួយ​កំប៉ុង​ដែលមាន​ចំណុះ 330 មិ​ល្លី​លីត្រ។

ទំហំ​របស់​វីរុស​ Covid-19 ធៀប​នឹង​សរសៃ​សក់​របស់​មនុស្ស​

លោក​បណ្ឌិត​ថ្លែងថា៖ «ពិតជា​គួរឱ្យភ្ញាក់ផ្អើល នៅពេល​គេ​គិតថា រាល់​ការខូចខាត និង​ការបាត់​បង់ជីវិត​មនុស្ស ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​កន្លងទៅ​ដោយសារតែ Covid-19 គឺអាច​ដាក់​បានតែ​មួយ​កំប៉ុង​យ៉ាង​ដូច្នេះ​សោះ។ ប្រាកដ​ណាស់ វា​នឹង​ក្លាយជា​ភេសជ្ជ​ដ៏​មហា​សែន​អាក្រក់​ជាទីបំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

លទ្ធផល​នៃ​ការ​គណនា​របស់លោក Yates បាន​បញ្ជាក់ថា បើទោះជា​វីរុស Covid-19 មាន​ទំហំ​មហា​សែន​តូច​ក៏ពិតមែន ប៉ុន្តែ ពួកវា​មានអំណាច​យ៉ាងខ្លាំង​ក្លា អាច​បង្ក​វិនាសកម្ម​មហា​ធំធេង​នៅ​ទូទាំង​ពិភពលោក។

គិត​មកដល់​រសៀល​ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2021 វីរុស Covid-19 បានសម្លាប់​មនុស្ស​ជាង 2,420,000 នាក់ និង​កំពុង​បង្ក​ជំងឺ​ដល់​មនុស្ស​ចំនួន​ជាង 22,866,000 នាក់​ផ្សេងទៀត នៅក្នុង​ចំណោម​មនុស្ស​ជាង 109,715,000 ​នាក់ ដែល​បាន​ឆ្លង​វីរុស​នេះ៕

ប្រភព៖ Independent

Advertisement