អង់គ្លេស​ជិត​ឱ្យ​អ្នកមាន​សុខភាព​ល្អ ប៉ះពាល់ Covid-19 ដើម្បី​ស្វែងយល់​បន្ថែម

បុគ្គលិក​សុខាភិបាល​ម្នាក់នៅ​ប្រទេស​អង់គ្លេស​ កាល​ពី​ឆ្នាំ 2020

ប្រទេស​អង់គ្លេស​នឹង​អនុញ្ញាតឱ្យ​ក្រុម​អ្នកស្ម័គ្រចិត្ត ប៉ះពាល់​នឹង Covid-19 ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​វីរុស បន្ទាប់ពី​នាយកដ្ឋាន​សិ​ល​ធម៌​ផ្នែក​វេជ្ជសាស្ត្រ​ប្រទេស​នេះ បើកភ្លើង​ខៀវ។

កាលពី​ថ្ងៃទី 17 កុម្ភៈ អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​អនុញ្ញាតឱ្យ​អ្នកស្ម័គ្រចិត្ត ធ្វើ​សកម្មភាព​ប៉ះពាល់​នឹង Covid-19 ដើម្បី​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​អំពី​រោគរាតត្បាត។ ការពិសោធ​នេះ​នឹងធ្វើ​ឡើង​នៅ​មួយខែ​ទៀត ក្នុងនោះ អ្នកស្ម័គ្រចិត្ត​ចំនួន 90 នាក់ ដែលមាន​សុខភាព​ល្អ និង​មាន​អាយុ​ចាប់ពី 18-30 ឆ្នាំ នឹង​ប៉ះពាល់​វីរុស Covid-19 នៅក្នុង​បរិស្ថាន​ដែល​ត្រូវបាន​គ្រប់គ្រង នេះ​បើតាម​សេចក្ដីប្រកាស​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី 17 កុម្ភៈ របស់​នាយកដ្ឋាន​សម្រាប់​អាជីវកម្ម ថាមពល និង​យុទ្ធសាស្ត្រ​ឧស្សាហកម្ម​អង់គ្លេស (Department for Business, Energy and Industrial Strategy)។

ការពិសោធ​ខាងលើនេះ​គឺ​ដើម្បី​ឱ្យដឹង​ច្បាស់​ថា វីរុស Covid-19 ត្រូវមាន​បរិមាណ​កម្រិតណា​ទើប​អាច​ចម្លង​បាន និង​ដើម្បី​ស្វែងយល់​អំពី​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ក៏ដូចជា​វិធី​ដែល​វីរុស​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស។ ការសិក្សា​ស្រាវជ្រាវ​នេះ នឹង​រួមចំណែក​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​វ៉ាក់សាំង ក៏ដូចជា​វិធី​ព្យាបាល​ដ៏​សមស្រប។ នេះ​បើតាម Chris Chiu ប្រធាន​ក្រុម​ស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍ (University of London) នៃ​ចក្រភព​អង់គ្លេស។

ក្រុម​អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​ក្រុមគ្រូពេទ្យ និង​អ្នកវិទ្យាសាស្ត្រ។ ក្រុម​អ្នកទទួលខុសត្រូវ​លើ​ការពិសោធ​នេះ និយាយថា វីរុស Covid-19 ដែល​ពួកគេ​យកមក​ធ្វើ​ការពិសោធ​លើក​នេះ មិនមែនជា​វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​អង់គ្លេស​នោះទេ ប៉ុន្តែ​វា​ជា​វីរុស Covid-19 ទម្រង់​ដើម​កាលពី​ឆ្នាំ 2020។ រដ្ឋាភិបាល​អង់គ្លេស ផ្ដល់ប្រាក់​ជំនួយ​ចំនួន 46.6 លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​កម្មវិធី​ពិសោធន៍​នេះ។ អ្នក​ដែល​ចង់​ចូលរួម​ធ្វើជា​អ្នកស្ម័គ្រចិត្ត អាច​ចុះឈ្មោះ​បាន​តាមរយៈ​គេហទំព័រ UK Covid Challenge

នៅ​ប្រទេស​អង់គ្លេស គិត​មកដល់​ព្រឹក​ថ្ងៃទី 18 កុម្ភៈ ឆ្នាំ 2021 នេះ អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 4,071,185 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ដល់​ទៅ 118,933 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស ចំនួន 1,669,549 នាក់ ដែល​ក្នុង​នេះដែរ មាន 2,708 នាក់ អាច​នឹង​បាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ៕

ប្រភព៖ AFP

Advertisement