ក្រសួងសុខាភិបាល​នឹង​ពិន័យ​ចាប់ពី 1លាន​រៀល រហូត​ដល់ 50លាន​រៀល ចំពោះ​អ្នក​​ដែល​គេចវេះ និង​អ្នក​នាំ​គេ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក

ការពិន័យ​ចំពោះ​អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ត្រូវបាន​បង្កើន​ទម្ងន់​បន្ថែមទៀត​នៅក្នុង​អនុក្រឹត្យ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទើប​បានចេញ​កាលពីពេលថ្មីៗនេះ។

ក្នុងនោះ អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ដែល​គេចវេះ​មិនឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2015 ស្ដីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅតាម​ច្រកព្រំដែន​របស់​​កម្ពុជា នឹងត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី 1 លាន​រៀល ទៅ 5 លាន​រៀល និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល។

អនុក្រឹត្យ​ថ្មី​បន្ថែមថា ចំពោះ​ជន​ណា​ដែល​ផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ ជួយ​សម្រួល​ដោយ ចេតនា​ដល់​អ្នកដំណើរ​ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេច​ពី​ការអនុវត្ត​វិធានការ ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី 10 លាន​រៀល ទៅ 50 លាន​រៀល។ ការពិន័យ​ទាំងនេះ​គឺជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល។

ក្រុមមន្ត្រី​ច​ត្តា​ឡី​ស័ក នឹង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បដិសេធ​ការចេញ-ចូល​ប្រទេស​កម្ពុជា​របស់​អ្នកដំណើរ បើ​សិន​​ពួក​គេ​​មិន​ព្រម​អនុវត្តតាម​បទ​ប្បញ្ញត្តិ​របស់​អនុក្រឹត្យ​ខាងលើ។

អនុក្រឹត្យ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​សុខាភិបាល​ និង​ក្រសួងយុត្តិធម៌ ​រួម​នឹង​ក្រុមប្រឹក្សា​អ្នកច្បាប់​ឱ្យ​​ធ្វើ​វិសោធនកម្ម​«អនុក្រឹត្យ​លេខ​ 129 ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ-ចូល​» របស់​កម្ពុជា​ ដែល​ការ​បញ្ជា​នេះ​ ធ្វើ​ឡើង​តាម​រយៈ​​ការ​ផ្ញើ​សារ​ជា​សំឡេង​​​ កាល​ពី​ថ្ងៃទី 15​ កុម្ភៈ ឆ្នាំ​ 2021៕


Advertisement