ឥណ្ឌូនេស៊ី​ពិន័យ​ដល់​ប្រាក់ 5លាន​រូពី ចំពោះ​អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង Covid-19

អាជ្ញាធរ​ទីក្រុង ចា​កាតា (Jakarta) របស់​ប្រទេស​ឥណ្ឌូនេស៊ី បានចេញ​ប្រកាស​ព្រមាន​ថា​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន 5 លាន​រូពី (rupiah) ដែល​ប្រហែល 356.89 ដុល្លារ​អាមេរិក (1,455,000 រៀល) ចំពោះ​ពលរដ្ឋ​រូប​ណា​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង​ទប់ស្កាត់​វីរុស Covid-19។

ការពិន័យ​ជា​ប្រាក់​ដ៏​ច្រើន​បែបនេះ ត្រូវបាន​ឡើង​ដើម្បី​បង្ខំ​ឱ្យ​ពលរដ្ឋ​គោរព​ទៅតាម​ការកំណត់​ថ្មី​របស់​រដ្ឋាភិបាល ក្នុង​បំណង​ទប់ស្កាត់​ការបន្ត​ឆ្លង​រាលដាល​នៃ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី Covid-19។

នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អភិបាលរង​ទីក្រុង​ចា​កាតា Ahmad Riza Patria ថ្លែងថា៖ «បើសិន​អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង នោះ​អ្នកនឹង​ត្រូវ​ទទួល​បញ្ហា​ចំនួន 2 គឺ​មិន​ទទួលបាន​ជំនួយ​ផ្នែក​សង្គមកិច្ច និង​ត្រូវ​បង់ប្រាក់​ពិន័យ»។

ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ដែល​ចាប់ផ្ដើម​កាលពី​ខែ​មុន ឥណ្ឌូនេស៊ី បានកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឱ្យបាន 181.5 លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង 270 លាន​នាក់​របស់​ប្រទេស​នេះ នៅក្នុង​អំឡុង 15 ខែ។

កាលពី​ដើមខែ​នេះ ឥណ្ឌូនេស៊ី បានប្រកាស​បទបញ្ជា​មួយ ក្នុង​នោះបាន​ចែងថា អ្នកណា​មិន​ព្រម​ចាក់​វ៉ាក់សាំង Covid-19 នឹងមិន​ទទួលបាន​ជំនួយ​ផ្នែក​សង្គមកិច្ច ឬ​សេវាកម្ម​របស់​រដ្ឋាភិបាល ឬមួយ​ត្រូវ​បង់ប្រាក់​ពិន័យ។ កម្រិត​នៃ​ការពិន័យ​នឹង​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ស្ថាប័ន​សុខាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន។

លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Saiful Mujani កាលពី​ខែធ្នូ 2020 បង្ហាញថា មានតែ 37% ក្នុងចំណោម​ពលរដ្ឋ 1,202 នាក់​ដែល​ត្រូវបាន​សួរ បាន​ប្រាប់ថា ពួកគេ​នឹង​ចាក់​វ៉ាក់សាំង Covid-19 ខណៈ 40% មិនទាន់​សម្រេចចិត្ត និង 17% ឆ្លើយថា នឹង​បដិសេធ​ការចាក់​វ៉ាក់សាំង​នេះ៕

ប្រភព​៖ Arabnews

Advertisement