អាមេរិក​ផ្ដល់ជំនួយ 4ពាន់​លាន​ដុល្លារ​ដល់​កម្មវិធី COVAX របស់​ WHO

រដ្ឋាភិបាល​របស់លោក Joe Biden នឹង​ផ្ដល់ជំនួយ​ចំនួន 4 ពាន់​លាន​ដុល្លារ​ដល់​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង COVAX ដោយ​សង្ឃឹមថា ប្រទេស​ដទៃ​នឹងមាន​ការរួមចំណែក​ផ្ដល់​វិភាគទាន​ប្រហាក់ប្រហែល​នេះ។

ប្រធានាធិបតី​អាមេរិក Joe Biden បានឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​ដំបូង​ជាមួយនឹង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស G7 នា​ថ្ងៃទី 19 កុម្ភៈ​នេះ នឹង​ប្រកាស​អំពី​ខ្ទង់​ជំនួយ 2 ពាន់​លាន​ដុល្លារភ្លាមៗ ដល់ COVAX ដែលជា​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ គោលដៅ​របស់ COVAX គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ប្រកបដោយ​យុត្តិធម៌​នៅ​ទូទាំង​ពិភពលោក។ ទឹកប្រាក់​ជំនួយ​ចំនួន 2 ពាន់​លាន​ដុល្លារ​ទៀត​របស់​សហរដ្ឋអាមេរិក នឹងត្រូវ​ទូទាត់​នៅក្នុង​អំឡុង​ពីរ​ឆ្នាំ​ទៀត ក្រោយពី​ប្រទេសផ្សេងៗសម្រេចចិត្ត និង​លើកឡើង​នូវ​ការសន្យា​ផ្គ​ល់​ជំនួយ​រៀង​ៗ​ខ្លួន​​របស់​​ពួក​គេ។

«យើង​មានបំណង​ប្រែក្លាយ 2 ពាន់​លាន​ដុល្លារ ឱ្យទៅជា​ច្រើន​ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​យ៉ាងហោច​ក៏ 15 ពាន់​លាន​ដុល្លារ​អាមេរិក» មន្ត្រី​អាមេរិកាំង​ម្នាក់​បាន​ថ្លែង​ដូច្នេះ។ ខ្ទង់​ជំនួយ​របស់​សហរដ្ឋអាមេរិក ត្រូវបាន​សភា​អនុម័ត​យល់ព្រម​រួចហើយ។

សកម្មភាព​របស់​ប្រធានាធិបតី Biden គឺ​ផ្ទុយ​ពី​អតីត​ប្រធានាធិបតី Donald Trump។ លោក Trump ធ្លាប់បាន​គំរាមថា​នឹង​ដក​អាមេរិក​ចេញពី WHO ជា​អង្គ​ការដែល​លោក​ចោទប្រកាន់ថា ជា​អាយ៉ង​របស់​ចិន។

COVAX បានកំណត់​គោលដៅ​ហើយ​ថា នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 យ៉ាងតិច​ចំនួន​ពីរពាន់​លាន​ដូ​ស នៅ​ចុងឆ្នាំ 2021 សម្រាប់​ពលរដ្ឋ​ងាយ​ឆ្លង​វីរុស​ចំនួន 20% នៃ​បណ្ដា​ប្រទេស​ក្រីក្រ និង​ប្រទេស​មាន​ចំណូល​ទាប។ កម្មវិធី​នេះ កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការដួលរលំ ដោយសារតែ​បញ្ហា​ខ្វះ​ហិរញ្ញវត្ថុ៕

ប្រភព៖ Reuters

Advertisement