វ៉ាក់សាំង​ប្រឆាំង​ Covid-19 “Made in Vietnam” អាច​ប្រើប្រាស់​បាន​ចាប់ពី​ខែឧសភា 2021

ជាមួយនឹង​ការរីកចម្រើន​ផ្នែក​ស្រាវជ្រាវ និង​ការធ្វើ​តេស្ត​វ៉ាក់សាំង​យ៉ាង​លឿន​ដូច​បច្ចុប្បន្ន ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​របស់​វៀ​ត​ណា​ម​រំពឹងថា ចាប់ពី​ខែឧសភា 2021 វ៉ាក់សាំង​នានា​ដែល​ត្រូវបាន​ផលិត​នៅ​វៀតណាម នឹង​អាច​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​នេះ។

ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ប្រើប្រាស់​សាក​ល្បង​ ឬ​ការពិសោធ​លើ​វ៉ាក់សាំង Nano Covax នៃ​​ក្រុមហ៊ុន Nanogen លោក​វេជ្ជបណ្ឌិត Nguyen Ngo Quang ដែល​ជា​អនុប្រធាននាយកដ្ឋាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​បណ្ដុះបណ្ដាល​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងដំណាក់កាល​ទីមួយ វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព។ ជាមួយនឹង​ការចាក់​បី​លើក៖ 25 mcg, 50 mcg និង 75 mcg វ៉ាក់សាំង​នេះ​សុទ្ធតែ​បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ​បានល្អ ក្នុងនោះ​អត្រា​នៃ​ការបង្កើត​អង្គ​ប​ដិ​ប្រាណ (សមត្ថភាព​ការពារ​រាងកាយ​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មិនឱ្យ​ឆ្លង Covid-19) បាន​ឡើងដល់ 90%។

នា​ព្រឹក​នេះ ក្រុមប្រឹក្សាភិបាល​របស់​ក្រសួងសុខាភិបាល​វៀតណាម នឹងមាន​កិច្ចប្រជុំ​ចុងក្រោយ​មួយ មុនពេល​សម្រេច​ថា គួរឱ្យ Nano Covax ពិសោធន៍​លើ​មនុស្ស​ដំណាក់​ទី​ពីរ​ដែរ ឬ​យ៉ាងណា។

វេជ្ជបណ្ឌិត Ngo Quang បញ្ជាក់ថា ក្រុមហ៊ុន Nanogen មានលទ្ធភាព​ផលិត​វ៉ាក់សាំង Covid-19 ចំនួន 70 លាន​ដូ​ស/ឆ្នាំ។ ចំណែក​វិទ្យាស្ថាន IVAC បើសិនជា​ត្រូវបាន​វិនិយោគ ក៏​នឹង​អាច​ផលិត​បាន 30 លាន​ដូ​ស/ឆ្នាំ​ផងដែរ។ ជាមួយនឹង​ល្បឿន​នៃ​ការអភិវឌ្ឍ និង​ផលិតភាព​ដូច​បច្ចុប្បន្ន វៀតណាម​ត្រូវការ​ពេល​ចំនួន 2 ខែ​ទៀត​ដើម្បី​បញ្ចប់​ការពិសោធ​លើ​មនុស្ស​ក្នុងដំណាក់កាល​ទី​ពីរ។

លោក Ngo Quang បន្ថែមទៀតថា ដល់​ខែមេសា ឆ្នាំ 2021 ការពិសោធ​លើ​មនុស្ស​ដំណាក់​ទី 2 នឹងត្រូវ​បញ្ចប់ ហើយ​និង​មានការ​វាយតម្លៃ​ដោយ​សុក្រឹតភាព​ជាង​មុន​ទាក់ទង​នឹង​បរិមាណ​សមស្រប​បំផុត​សម្រាប់​ការចាក់​វ៉ាក់សាំង​នេះ។ ឈាន​ចូលដល់​ខែឧសភា ឆ្នាំ 2021 នៅក្នុង​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី វ៉ាក់សាំង​របស់​វៀតណាម​នឹង​អាច​យកទៅ​ចាក់​យ៉ាង​ទូលំទូលាយ​នៅក្នុង​សហគមន៍​នៃ​ប្រទេស​នេះ។

​អំពី​ការ​នាំចូល​វ៉ាក់សាំង Covid-19 ពី​បរទេស ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន AstraZeneca ប្រចាំ​វៀតណាម នាំចូល​វ៉ាក់សាំង 204,000 ដូ​ស ជាបន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ។ តាម​ផែនការ​ដែល​បាន​ព្រម​ព្រៀង​ វ៉ាក់សាំង AstraZeneca នឹង​មកដល់​វៀតណាម នៅ​ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021។

ក្រៅពី​បរិមាណ​នៃ​វ៉ាក់សាំង​ខាងលើ វៀតណាម​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​របស់ COVAX Facility ប្រមាណ 4.88 លាន​ដូ​ស​ផងដែរ ដែល​នឹង​មកដល់​នាពេលខាងមុខ។ ដូច្នេះ ដំណាក់កាល​ដំបូង វៀតណាម នឹងមាន​វ៉ាក់សាំង​ប្រហែល​ជាង 5 លាន​ដូ​ស ដើម្បី​ចាក់ឱ្យ​ពលរដ្ឋ​ជាង 5 លាន​នាក់៕

ប្រភព​៖ NLD

Advertisement