ហ្វីលីពីន​ស្នើ បញ្ជូន​គិលានុបដ្ឋាក​ទៅធ្វើ​ការ​នៅ​អង់គ្លេស និង​អាល្លឺម៉ង់ ដើម្បី​ប្ដូរ​យក​វ៉ាក់សាំង Covid-19

ក្រុម​គិលានុបដ្ឋាក​របស់​ហ្វីលីពីន កាល​ពី​ឆ្នាំ​ 2020

កាលពី​ថ្ងៃទី 23 កុម្ភៈ មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​បានឱ្យដឹងថា ប្រទេស​នេះ​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​ផ្នែក​សុខាភិបាល​រាប់ពាន់នាក់​របស់ខ្លួន ដែល​ភាគច្រើន​គឺជា​គិលានុបដ្ឋាក ទៅធ្វើ​ការ​នៅ​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់ បើសិន​ប្រទេស​ទាំងពីរ​នេះ យល់ព្រម​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Covid-19 ដល់​ហ្វីលីពីន។

ហ្វីលីពីន​ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ករណី​ឆ្លង​វីរុស Covid-19 ច្រើនជាងគេ​នៅ​អាស៊ី បាន​បន្ធូរបន្ថយ​បទបញ្ជា​ហាម​បុគ្គលិក​សុខាភិបាល​ចាក​ចេញពី​ប្រទេស ប៉ុន្តែ​នៅតែ​រឹតត្បិត​លើ​អ្នកជំនាញ​សុខាភិបាល ដោយ​មិន​អនុញ្ញាតឱ្យ​ទៅធ្វើ​ការ​នៅ​បរទេស លើសពី 5,000/ឆ្នាំ។

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​បញ្ហា​អន្តរជាតិ​នៃ​ក្រសួង​ការងារ​ហ្វីលីពីន លោកស្រី Alice Visperas ឱ្យដឹងថា ប្រទេស​នេះ​កំពុង​រកមើល​លទ្ធភាព​បន្ធូរបន្ថយ​ការហាម​ប្រាម​លើ​បញ្ហា​ខាងលើ ដើម្បី​ប្ដូរ​យក​វ៉ាក់សាំង​របស់​អង់គ្លេស និង​អាល្លឺម៉ង។ វ៉ាក់សាំង​ទាំងនោះ​នឹងត្រូវ​យកមក​ចាក់ឱ្យ​ពលករ​បរទេស និង​ពលរដ្ឋ​ហ្វីលីពីន​ដែល​វិល​ត្រលប់​ពី​បរទេស។

អង់គ្លេស និង​អាល្លឺម៉ង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​អ្នក​ឆ្លង Covid-19 ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក។ ប្រទេស​ទាំងនេះ​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​រាប់សិប​លាន​នាក់​រួចហើយ ខណៈ​ហ្វីលីពីន មិនទាន់បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ពេញវ័យ 70 លាន​នាក់ ស្មើនឹង 60% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​នៅឡើយ។

ហ្វីលីពីន តាម​គម្រោង​នឹង​ទទួលបាន​វ៉ាក់សាំង​នៅក្នុង​សប្ដាហ៍​នេះ ដោយ​ចិន​ជា​អ្នកផ្ដល់ជំនួយ។ ហ្វីលីពីន មានបំណង​រក​ឱ្យបាន​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 148 លាន​ដូ​ស សម្រាប់​ចាក់ឱ្យ​ពលរដ្ឋ​របស់ខ្លួន។

ពលរដ្ឋ​ហ្វីលីពីន​ដែល​ធ្វើការ​នៅ​បរទេស ក្នុងនោះ​មាន​ក្រុម​គិលានុបដ្ឋាក​ផងដែរ បាន​នាំមក​នូវ​លំហូរ​សាច់ប្រាក់​ពី​បរទេស ប្រមាណ 30 ពាន់​លាន​ដុល្លារ/ឆ្នាំ ដល់​ហ្វីលីពីន។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល ឆ្នាំ 2019 គិលានុបដ្ឋាក​ជិត 17,000 របស់​ហ្វីលីពីន បាន​ចុះកិច្ចសន្យា​ធ្វើការ​នៅ​បរទេស៕

ប្រភព៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement