អ៊ីស្រាអែល​ផ្ដល់​ប័ណ្ណ​បៃតងថ្មី​​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់

ក្រសួងសុខាភិបាល​អ៊ីស្រាអែល កាលពី​ថ្ងៃទី 24 កុម្ភៈ បានឱ្យដឹងថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​ផែនការ​ផ្ដល់​ប័ណ្ណ​បៃតង (Green Pass) ដល់​ពលរដ្ឋ​គ្រប់រូប​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 រួចរាល់ ដើម្បីឱ្យ​ពួកគេ​អាច​ចូល​ទៅកាន់​ទីតាំង​លេង​កម្សាន្ត ផ្សារ​ទំនើប ព្រមទាំង​អាច​ដើរទេស​ចរណ៍ និង​ចូលរួម​សកម្មភាព​នានា​ដែលមាន​មនុស្ស​ច្រើន។ Green Pass នេះ​មាន​ផ្ទុក​ទិន្នន័យ​សម្ងាត់​នៅក្នុង​កូដ QR ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ។

ជាក់ស្ដែង ចាប់ពី​ថ្ងៃទី 21 កុម្ភៈ អ៊ីស្រាអែល បានចាប់ផ្ដើម​អនុញ្ញាតឱ្យ​ទីតាំង​ផ្ដល់​សេវាកម្ម​សម្រាប់​មនុស្ស​ច្រើននាក់​ បើក​ដំណើរការ​ឡើងវិញ ជាមួយនឹង​លក្ខខណ្ឌ «អតិថិជន​ត្រូវតែមាន​ប័ណ្ណ​បៃតង» មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវបាន​បដិសេធ។ យោងតាម​ស្ថិតិ មកដល់ពេលនេះ អ៊ីស្រាអែល​​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​បាន​ចំនួន​ជាង 50% ក្នុងនោះ​មាន 4 លាន​នាក់ បាន​ចាក់​គ្រប់​ចំនួន។

បើទោះជា​មានការ​អះអាង​អំពី​សុវត្ថិភាព ប៉ុន្តែ នៅតែមាន​ពលរដ្ឋ​ជាច្រើន​មានការ​ព្រួយបារម្ភ​ចំពោះ​ការចាក់​វ៉ាក់សាំង។ ក្នុងចំណោម​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដែល​ត្រូវបាន​សួរ មាន​រហូតដល់ 41% ឆ្លើយថា ពួកគេ​ខ្លាច​មាន​បញ្ហា​សុខភាព​ក្រោយពី​ចាក់​វ៉ាក់សាំង ខណៈ 30% មាន​ការ​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង 25% មិនមាន​បំណង​ចាក់​វ៉ាក់សាំង។

មុននេះ ប័ណ្ណ​បៃតង ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល គ្រាន់តែ​ជា​ក្រដាស​បញ្ជាក់​ធម្មតា​មួយ​សន្លឹក ដោយ​វា​មិនមាន​បំពាក់​បច្ចេកវិទ្យា​ការពា​រការ​ក្លែងបន្លំ​នោះទេ ដូច្នេះ​មាន​ករណី​ធ្វើ​​ប័ណ្ណ​ក្លែងក្លាយ​រាប់ម៉ឺននាក់​បាន​កើត​ឡើង​ មុននឹង Green Pass ថ្មី​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ នេះ​បើតាម​អ្នកជំនាញ​ផ្នែក​ការពារ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត Ran Bar-Zik។

ឆ្លើយតប​នឹង​បញ្ហា​ខាងលើ អ៊ីស្រាអែល ក៏បាន​ចេញ​ប័ណ្ណ​បញ្ជាក់​សុខភាព​ថ្មី​មួយ​ប្រភេទ​ទៀត​ដែលមាន​ផ្ទុក​កូដ QR។ ពលរដ្ឋ​អាច​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​ដើម្បី​រាយការណ៍ ស្នើ​ និង​ទាញយក​ប័ណ្ណ​នេះ​មកប្រើប្រាស់។

ក្រោយពី​មានកម្ម​វិធី​ផ្ដល់​ប័ណ្ណ Green Pass រួម​នឹង​យុទ្ធនា​ការចាក់​វ៉ាក់សាំង រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល កំពុងមាន​ក្ដីសង្ឃឹម​ច្រើន​ថា​នឹង​អាច​បើក​ដំណើរការ​សេវាកម្ម​ទេសចរណ៍ វប្បធម៌ កម្សាន្ត និង​កីឡា ជាដើមឡើង​វិញ​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ប្រក្រតីភាព​ដូច​ដំណាក់កាល​មុន Covid-19៕

ប្រភព៖ NBCNews
ប្រែ​សម្រួល៖ បុត្រា

Advertisement