វៀតណាម​ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដែល​ទើបតែ​បាន​នាំចូល​កាលពី​ម្សិលមិញ

ថ្ងៃទី 24 កុម្ភៈ​កន្លងទៅ យន្តហោះ​ដឹក​វ៉ាក់សាំង​បង្ការ Covid-19 បាន​មកដល់​ប្រទេស​វៀតណាម ហើយ​នេះ​គឺជា​ឈុត​ដំបូង​នៃ​វ៉ាក់សាំង​របស់ AstraZeneca (អង់គ្លេស) ដែល​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​វៀតណាម VNVC (Vietnam Vaccine Joint Stock Company/VNVC)។

តំណាង VNVC ឱ្យដឹងថា វ៉ាក់សាំង​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 រវាង​ក្រុមហ៊ុន AstraZeneca និង VNVC។

យោងតាម​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បច្ចុប្បន្ន​ប្រទេស​នេះ និង​ប្រទេស​ថៃ គឺជា​ទឹកដី​ដំបូង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បានទទួល​វ៉ាក់សាំង​ពី AstraZeneca។

វ៉ាក់សាំង​បង្ការ Covid-19 ដែល​ទើប​មកដល់​វៀតណាម​នេះ មាន​ចំនួន 117,000 ដូ​ស។ ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2021 ក្រសួងសុខាភិបាល​វៀត​ណា​ម នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 30 លាន​ដូ​ស ដែល​ប្រទេស​នេះ​បាន​បញ្ជា​ទិញ។ ក្រៅពីនេះ COVAX ដែលជា​អង្គការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ទូទាំង​ពិភពលោក​ប្រកបដោយ​តម្លាភាព ក្រុម​ការចាត់ចែង​រប​ស់​អង្គការ​សុខភាព​ពិភពលោក ក៏​នឹង​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង (AstraZeneca) ដល់​វៀតណាម​ចំនួន 4.9 លាន​ដូ​ស​ផងដែរ នៅក្នុង​ត្រីមាស​ទីមួយ និង​ទី​ពីរ។ ត្រីមាស​ទី​បី វៀតណាម​នឹង​ទទួលបាន 33 លាន​ដូ​ស។

វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន AstraZeneca ដែលមាន​ឈ្មោះថា ChAdOx នេះ ត្រូវបាន​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford។ វ៉ាក់សាំង​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា vector virus ដែល​យក​វីរុស​ផ្ដាសាយធំ​ពី​សត្វ​ស្វា​ខ្មៅ Chimpanzee (ឈ្មោះ​តាម​វិទ្យាសាស្ត្រ៖ Pan troglodytes) មក​ផ្សំ។ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់ AstraZeneca ប្រែប្រួល​ពី 62 ដល់ 90% អាស្រ័យទៅលើ​បរិមាណ​នៃ​វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រើប្រាស់៕

ប្រភព៖ VE, CB

Advertisement