Pfizer ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ម្ជុល​ទី​បី ដើម្បី​ស្វែងរក​វិធី​ទប់​ទល់នឹង​វីរុស​ក្លាយ​ពូជ​ថ្មី

បើទោះជា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 2 ម្ជុល​របស់ Pfizer មាន​ប្រសិទ្ធភាព​ទៅដល់ 95% ប៉ុន្តែ ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​ការពិសោធ​លើ​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី ដើម្បី​ឱ្យដឹងថា វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ ទល់​នឹង​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី​ដែរ ឬ​យ៉ាងណា។

យោងតាម NBC News កាលពី​ថ្ងៃទី 25 កុម្ភៈ ក្រុមហ៊ុន Pfizer បានប្រកាសថា ខ្លួន​កំពុងតែ​ស្រាវជ្រាវ​លើ​ការចាក់​វ៉ាក់សាំង​បន្ថែម ចំពោះ​ក្រុមមនុស្ស​ដែល​បាន​ចាក់​គ្រប់ 2 ម្ជុល កាលពី​ជាង 6 ខែ​មុន។

នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​សារព័ត៌មាន NBC News នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឱសថ Pfizer លោក Albert Bourla បានឱ្យដឹងថា ម្ជុល​ទី​បី​នឹង​បង្កើន​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​ខ្ពស់ជាង​មុន ដើម្បី​ទប់ទល់​នឹង​វីរុស Covid-19 ប្រភេទ​ក្លាយ​ពូជ​ថ្មី។

«យើង​ជឿជាក់ថា ការចាក់​វ៉ាក់សាំង​លើក​ទី​បី​នឹង​ជួយ​បន្ថែម​ប្រតិកម្ម​របស់​ប្រព័ន្ធ​បង្ការ​វីរុស​ឱ្យបាន​ខ្ពស់ជាង​មុន​ពី 10-20 ដង» លោក Albert Bourla អះអាង​ដូច្នេះ។

ការពិសោធ​ថ្មី​នេះ​នឹងត្រូវ​តាមដាន​លើ​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ម្ជុល​ទី​បី ដែល​នឹងត្រូវ​ចាក់ឱ្យ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បែងចែក​ទៅតាម​វ័យ៖ ក្រុមមនុស្ស​មាន​វ័យ​ចាប់ពី 19-55 ឆ្នាំ និង​ក្រុមមនុស្ស​វ័យ​ពី 65-85 ឆ្នាំ។

CEO របស់​ Pfizer លោក Albert Bourla

ក្រុម​អ្នកស្ម័គ្រចិត្ត​ចូលរួម​ការសិក្សា​ស្រាវជ្រាវ​នេះ គឺជា​ក្រុម​ដំបូង​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង Pfizer/​PioNTech ​ដែល​បាន​ចូលរួម​ការពិសោធ​ក្នុងដំណាក់កាល​ទី ½ របស់ Pfizer ដែល​បានចាប់ផ្ដើម​ពី​ខែឧសភា 2020។

ក្រុមហ៊ុន Pfizer ក៏​កំពុង​រៀប​គម្រោង​ចាប់ផ្ដើម​ការពិសោធ​លើ​កំណែ​ថ្មី​មួយ​នៃ​វ៉ាក់សាំង​បង្ការ Covid-19 របស់ខ្លួន ដើម្បី​ស្វែងយល់​ឱ្យដឹងថា វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី ដែលមាន​ប្រភពពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែរ ឬ​អត់។

CEO របស់ Pfizer លោក Bourla បញ្ជាក់ថា៖ «ជា​រៀងរាល់ឆ្នាំ អ្នកត្រូវការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​គ្រុនផ្ដាសាយ​។ ប្រការនេះ​ក៏​នឹង​កើតឡើង​ចំពោះ Covid-19។ អ្នក​ត្រូវតែទៅ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជា​រៀងរាល់ឆ្នាំ ដើម្បី​ការពារ​សុខភាព​របស់​អ្នក»។

ចំណែក Moderna ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 ទី​ពីរ​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 24 កុម្ភៈ ក៏បាន​ប្រកាសថា ពួកគេ​កំពុងតែធ្វើការ​ដូច​ទៅនឹង Pfizer ដែរ ដើម្បី​រក​វិធី​ទប់​ទល់នឹង​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង៕

ប្រភព៖ NBC News
ប្រែ​សម្រួល៖ បុត្រា

Advertisement