រកឃើញ​វីរុស​ថ្មី​ ជាង 140,000ប្រភេទ កំពុង​រស់​នៅក្នុង​ពោះវៀន​មនុស្ស

ក្រុម​អ្នក​វិទ្យា​កំណត់​បាន​អត្តសញ្ញាណ​របស់​វីរុស​ថ្មី​ដែល​មិន​ធ្លាប់​ត្រូវបាន​រកឃើញ​ពីមុនមក រហូតដល់​ជាង 140,000 ប្រភេទ​ដែល​ស្ថិតនៅក្នុង​ពោះវៀន​របស់​មនុស្ស និង​រស់​នៅលើ​បាក់តេរី​ក្នុង​ពោះវៀន ក៏ប៉ុន្តែ ឥទ្ធិពល​របស់​ពួកវា នៅតែ​ជា​ប្រការ​អាថ៌កំបាំង​នៅឡើយ។

យោងតាម​សារព័ត៌មាន ScienceDaily ប្រព័ន្ធ​បាក់តេរី និង​សត្វល្អិត ឬ​អតិសុខុមប្រាណ​ក្នុង​ពោះវៀន​គឺជា​សហគមន៍​បាក់តេរី​ដែលមាន​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស។ សហគមន៍​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការរំលាយ​អាហារ និង​តុល្យភាព​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការបាត់​បង់​​តុល្យភាព​បាក់តេរី​នៅក្នុង​ពោះវៀន អាច​នាំឱ្យ​កើត​ជំងឺថ្លើម ធាត់ និង​បញ្ហា​ប្រតិកម្ម​នានា។

យ៉ាងណាក៏ដោយ ការយល់ដឹង​របស់​ម​នុស្ស​អំពី​ប្រព័ន្ធ​អតិសុខុមប្រាណ​នេះ នៅមានកម្រិត​នៅឡើយ។ បើទោះជា​ប្រព័ន្ធ​អតិសុខុមប្រាណ​មាន​សត្វល្អិត​ច្រើន ក្នុងនោះ​មាន​បាក់តេរី និង​វីរុស​ជាដើម ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវ​ស្ទើរ​តែ​ទាំងអស់​នាពេល​កន្លងមក បាន​ផ្ដោតទៅលើ​តែ​បាក់តេរី​ក្នុង​ពោះវៀន​ប៉ុណ្ណោះ។

នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ថ្មី អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​ប្រើប្រាស់​វិធីសាស្ត្រ​វិភាគ​អតិសុខុមប្រាណ​រស់ ដើម្បី​កំណត់​អត្តសញ្ញាណ​ប្រភេទ​វីរុស​នៅក្នុង​ពោះវៀន។ វិធីសាស្ត្រ​នេះ​រួមមាន ការវិភាគ​សមាសធាតុ​ហ្សែ​ន​របស់​សហគមន៍​បាក់តេរី​ក្នុងពេល​តែមួយ ហើយ​ក្រោយមក​បង្កើត​ផែនទី​ហ្សែ​ន​ដោយឡែក​សម្រាប់​ប្រភេទនីមួយ។ ពួកគេ​បាន​វិភាគ​លើ​សំណាក​ចំនួន 28,000 នៃ​ប្រព័ន្ធ​អតិសុខុមប្រាណ​ក្នុង​ពោះវៀន ដែល​យក​មកពី​ប្រទេស​ចំនួន 28 ក្នុង​ពិភពលោក។

ការវិភាគ​បានបង្ហាញ​ថា ប្រព័ន្ធ​ហ្សែ​ន​ពេញលេញ​នៃ​វីរុស​ជាង 140,000 ប្រភេទ កំពុង​រស់នៅក្នុង​ពោះវៀន​របស់​មនុស្ស។ ក៏ប៉ុន្តែ មនុស្សម្នាក់ៗមាន​ផ្ទុក​វីរុស​មិន​ច្រើន​នោះទេ។

បើទោះជា​មាន​វីរុស​ច្រើន​ប្រភេទ​រស់នៅក្នុង​ពោះវៀន ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្ដោតទៅលើ​តែ​វីរុស​ដែល​អាច​រស់​​នៅ​លើ​​បាក់​តេរី​​ប៉ុណ្ណោះ។ វីរុស​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅថា Bacteriophage។

ប្រធាន​ក្រុម​ស្រាវជ្រាវ Luis Camarillo-Guerrero មកពី​វិទ្យាស្ថាន Wellcome Sanger នៅ​ប្រទេស​អង់គ្លេស​បានឱ្យដឹងថា ភាគច្រើន​នៃ​វីរុស​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ហើយ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ប្រព័ន្ធ​អតិសុខុមប្រាណ​ក្នុង​រាងកាយ​មនុស្ស។

Bacteriophage អាច​ដើរតួ​ជា​ស្នូល​នៅក្នុង​ប្រព័ន្ធ​អតិសុខុមប្រាណ​ក្នុង​ពោះវៀន ដោយសារ​វា​បង្កើត​បាក់តេរី​មាន​​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ឥទ្ធិពល​លើ​វិធីសាស្ត្រ​រីក​លូត​លាត់​របស់​បាក់តេរី៕

ប្រភព​៖ ScienceDaily
ប្រែ​សម្រួល​៖ បុត្រា

Advertisement