វ៉ាក់សាំង Sputnik-Light ចាក់​តែម្ដង​ជាការ​ស្រេច ដាក់ពាក្យ​សុំ​ចុះ​បញ្ជិកា​នៅ​រុស្ស៊ី

គណនី Twitter ផ្លូវការ​របស់ Sputnik-V កាលពី​ថ្ងៃទី 28 កុម្ភៈ បានប្រកាសថា ខ្លួន​បានដាក់​ពាក្យ​ស្នើ​ចុះបញ្ជី​ឈ្មោះ​វ៉ាក់សាំង Sputnik-Light ដើម្បី​ប្រើប្រាស់​ជាបន្ទាន់​នៅ​ប្រទេស​រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត។ Sputnik-Light គឺជា​វ៉ាក់សាំង​ប្រភេទ​សាមញ្ញ​របស់ Sputnik-V ដោយ​ចាក់​តែមួយ​ម្ជុល​គត់​ជាការ​ស្រេច ហើយ​អង្គ​ប​ដិ​ប្រាណ​នឹង​កើតឡើង​ក្រោយ​រយៈពេល 1 សប្ដាហ៍ បន្ទាប់ពី​បាន​ចាក់។

Alexander Ginzburg ប្រធាន​មជ្ឈមណ្ឌល​សុខាភិបាល Gamalei ដែលជា​ស្ថាប័ន​អភិវឌ្ឍ​វ៉ាក់សាំង​នេះ បាន​សង្កត់​ធ្ងន់ថា វ៉ាក់សាំង Sputnik Light នឹង​ការពារ​រាងកាយ​មិនឱ្យ​ឆ្លង​វីរុស Covid-19 រយៈពេល 5 ខែ។ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ​បាន 1 សប្ដាហ៍ សមត្ថភាព​បង្ការ Covid-19 នឹង​ចាប់ផ្ដើម​កើតឡើង ហើយ​បរិមាណ​ខ្ពស់បំផុត​​នៃ​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង​នេះ នឹង​កើតឡើង​ក្រោយ​ការចាក់​វ៉ាក់សាំង​រយៈពេល 4 សប្ដាហ៍។ វ៉ាក់សាំង​នេះ តាម​គម្រោង​នឹងត្រូវ​ចាក់ឱ្យ​ក្រុម​គោលដៅ​ដែលមាន​វ័យ​ក្រោម 30 ឆ្នាំ។

បច្ចុប្បន្ន Gamalei បានចាប់ផ្ដើម​ធ្វើតេស្ត Sputnik-Light លើ​មនុស្ស​ដំណាក់​កាលពី​បី រាប់​ចាប់ពី​ថ្ងៃទី 17 កុម្ភៈ​ ឆ្នាំ 2021 ដល់ 28 មករា 2022 ដោយមាន​ការស្ម័គ្រចិត្ត​ចូលរួម​ចំនួន 4,000 នាក់។ ការប្រើប្រាស់​សាក​ល្បង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅ​ប​ណ្ឌ​ល​ភាព​ចំនួន 15 កន្លែង នៅ​ទីក្រុង Moscow, Kaliningrad, Saint Petersburg, Saratov និង Smolensk។ល។

ក៏ប៉ុន្តែ យោងតាម​អគ្គនាយក​មូលនិធិ​វិនិយោគ​ផ្ទាល់​នៅ​រុស្ស៊ី Kirill Dmitriv គោលដៅ​របស់​វ៉ាក់សាំង Sputnik-Light នេះ នោះ​គឺ​ទីផ្សារ​បរទេស។

ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​អាជ្ញាធរ វ៉ាក់សាំង Sputnik-Light នឹងត្រូវ​បាន​ចាក់​ដំណាលគ្នា​នឹង​វ៉ាក់សាំង​ប្រភេទ​ចាក់ 2 ម្ជុល​ផ្សេងទៀត​របស់​ប្រទេស​រុស្ស៊ី។

មកដល់​បច្ចុប្បន្ន រុស្ស៊ី​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 3 ប្រភេទ​រួចហើយ ក្នុងនោះ​មាន​វ៉ាក់សាំង Sputnik-V, EpiVacCorona និង​វ៉ាក់សាំង CoviVac។

ប្រទេស​រុស្ស៊ី គិត​មកដល់​ថ្ងៃត្រង់​ទី 1 ខែមីនា 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 4,246,079 នាក់ ក្នុងនោះ​មាន    86,122 នាក់​បាន​ស្លាប់ និង 348,160 នាក់ កំពុង​ទទួល​ការព្យាបាល៕

ប្រភព​៖ RT
ប្រែសម្រួល​៖ បុត្រា

Advertisement