ប្រធាន​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព៖ យោធិន​ម្នាក់​របស់ខ្លួន បាន​ឆ្លង Covid-19

បុគ្គលិក​សុខាភិបាល​ ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19 នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​

នាយទាហាន​ម្នាក់​ដែល​ធ្វើការ​នៅ​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព បានទទួល​លទ្ធផល​វិជ្ជមាន​នឹង Covid-19 បើទោះជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 លើកទីមួយ​ហើយ​ក្ដី។

មន្ត្រី​យោធិន​ដែល​ត្រូវបាន​រកឃើញថា​វិជ្ជមាន​នឹង Covid-19 កាលពី​ថ្ងៃទី 8 មីនា 2021 ខាងលើ មាន​ឈ្មោះថា លី ចាន់​សុវណ្ណ​បញ្ញា អាយុ 24 ឆ្នាំ មាន​តួនាទី​ជា​ជំនួយការ​របស់​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​កងទ័ព។ ព័ត៌មាន​នេះ​គឺ​យោងតាម​លិខិត​ជូនដំណឹង​របស់​ប្រធាន​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន ដែល​បាន​ផ្ញើជូន​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃទី 11 មីនា ឆ្នាំ 2021 នេះ។

លិខិត​ជូនដំណឹង​ខាងលើ​ក៏បាន​បញ្ជាក់ថា នាយទាហាន​ខាងលើ​គឺជា​កូនប្រសា​របស់​គ្រូពេទ្យ​មួយរូប​នៅ​អ្នក​លឿន ខេត្តព្រៃវែង ដែល​បាន​ឆ្លង​វីរុស Covid-19 មុន​នោះ។

ទោះជា​យ៉ាងនេះ​ក្ដី ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា ដោយសារតែ​នាយទាហាន​រូបនេះ​មិនសូវ​សកម្ម​នៅ​កន្លែងធ្វើការ ដូច្នេះ​មិនមាន​ហានិភ័យ​នៃ​ការចម្លង​វីរុស​ដល់​អ្នកដទៃ​ក្នុង​ខុទ្ទកាល័យ​នោះឡើយ៕

Advertisement