WHO ៖ ពុំមាន​មូលហេតុ​ដែល​ត្រូវ​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca

វ៉ាក់សាំង AstraZeneca

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា មិនមាន​មូលហេតុ​អ្វីដែល​នាំឱ្យ​ពិភពលោក​ត្រូវ​ផ្អាក​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់​ក្រុមហ៊ុន AstraZeneca (អង់គ្លេស-ស៊ុយអែដ) នោះទេ ក្រោយពី​មាន​ប្រទេសមួយ​ចំនួន​បាន​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង​នេះ។

ខាងលើនេះ​គឺជា​ការលើកឡើង​របស់​លោកស្រី Margaret Harris អ្នកនាំពាក្យ​នៃ​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី 12 មីនា 2021។

ការលើកឡើង​របស់ WHO ត្រូវបាន​ធ្វើឡើង ក្រោយពី​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ដូចជា ដា​ណឺ​ម៉ាក, ន័​រ​វែ​ស, អ៊ី​ស្លង់ ជាដើម បានប្រកាស​ផ្អាក​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដោយសារ​តែមាន​បញ្ហា​កកឈាម​លើ​មនុស្ស​មួយចំនួន​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​នេះ។ ប្រទេស​ថៃ កាលពី​ម្សិលមិញ​ក៏បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ផ្អាក​ការចាក់​វ៉ាក់សាំង​នេះដែរ។

លោកស្រី Margaret Harris អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោក

ក៏ប៉ុន្តែ រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន នៅតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ដោយ​យល់ថា ផលប្រយោជន៍​ដែល​វ៉ាក់សាំង​នេះ​នាំមក​គឺ​ធំធេង​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ហានិភ័យ។

យោងតាម​ស្ថិតិ​ពី​អង្គភាព​ចាក់​វ៉ាក់សាំង​នានា​នៅ​អឺរ៉ុប នៅក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជា 5 លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca មាន​មនុស្ស​ប្រហែល 30 នាក់​ប៉ុណ្ណោះ​ដែល​ជួប​បញ្ហា​កកឈាម។ អត្រា​នេះ​មិន​ស្ថិត​នៅក្រៅ​ការ​ព្យាករ​អំពី​ហានិភ័យ​នោះទេ។

វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​ក្រុមហ៊ុន AstraZeneca សហការ​អភិវឌ្ឍ​ជាមួយនឹង​សាកលវិទ្យាល័យ Oxford ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់ និង​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជាង 50 ក្នុងនោះ​មាន​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប (EU) ផងដែរ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement