ហុងស៊ុយ ចង្ក្រាន​បាយ​ផ្ទះល្វែង ដើម្បី​សុខភាព និង​ទ្រព្យសម្បត្តិ

ក្រៅពី​បន្ទប់​ចង្ក្រាន​បាយ ជា​ចំណែក​មួយ​ដែលមាន​ភាព​សំខាន់បំផុត​នៅក្នុង​ផ្ទះ​ហើយ ក្នុង​ក្បួន​សាស្ត្រា​របស់​ហុងស៊ុយ  ផ្ទះបាយ​ថែមទាំង​ជា​បន្ទប់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​មានទ្រព្យ​សម្បត្តិ និង​ជា​ចំណែក​សំខាន់​មួយ ក្នុង​ចំណែក​សំខាន់​ទាំង3 របស់​ផ្ទះ ដែល​នឹង​ជួយ​បង្កើន​ក្នុង​រឿង​សុខភាព ដល់​អ្នក​ស្នាក់អាស្រ័យ​ទៀតផង។ តែ​សម្រាប់​ផ្ទះល្វែង ដែលមាន​ទីកន្លែង​តូច មានកំណត់ និង​មិនដឹង​ជា​រៀបចំ​បន្ទប់​ផ្ទះបាយ​ដ៏​តូច​របស់ខ្លួន ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន​សាស្ត្រា​របស់​ហុងស៊ុយ​យ៉ាងដូចម្តេច​បាន​នោះ ពេលនេះ​សូម​សាកល្បង​តាមដាន​អត្ថបទ​វិធី​រៀបចំ​ហុងស៊ុយ សម្រាប់​បន្ទប់​ចង្ក្រាន​បាយតូចៗដូចខាងក្រោម៖

រៀបចំ​របស់របរ​ឱ្យមាន​របៀប

ហុងស៊ុយ​ដែល​ល្អ ត្រូវតែមាន​ប្រឡោះ​ទុកឱ្យ​ថាមពល «ស៊ី» ហូរ​វិល​ចូល និង​ចេញ​បាន​ងាយស្រួល ដែល​មានន័យថា បន្ទប់​ចង្ក្រាន​បាយ​របស់​អ្នក ត្រូវតែមាន​របៀបរៀបរយ  គ្មាន​របស់របរ​ទុកចោលរ​កេករ​កាក រញ៉េរញ៉ៃ សូម្បីតែ​ក្នុង​ថតទូ​ដាក់​ឥ​វ៉ាន់ ក៏​ត្រូវតែ​រៀបចំ​ទុកដាក់​ឱ្យមាន​របៀប​ដែរ ដើម្បី​ងាយស្រួល​ក្នុងការ​ចាប់យក​របស់​របរ​មកប្រើប្រាស់ និង​បើ​អាចទៅរួច គួរ​យក​វត្ថុ​ដែល​មិនចាំបាច់​ក្នុង​កិច្ចការងារ​ចង្ក្រាន​ជើង​ឆ្នាំង​ចេញ​ឱ្យអស់ ដើម្បី​អំណោយផល​ដល់​ថាមពលល្អៗ ឲ្យ​វិល​ចូលមកក្នុង​បន្ទប់ចង្ក្រាន​បាយ​បាន​យ៉ាង​ពេញទំហឹង និង​ជួយ​បង្កើន​ឱ្យមាន​មាសប្រាក់ លុយកាក់​ហូរ​ចូល​ផ្ទះ​មិន​ជំពប់​អាក់​ទៀតផង។

បន្ថែម​ពន្លឺ

បន្ទប់​ចង្ក្រាន​បាយតូចៗ មិនសូវមាន​ភាព​ល្អិតល្អន់​ក្នុង​ការរៀបចំ​ហុងស៊ុយ​ប៉ុន្មាន​ទេ  តែ​អាច​ប្រើ​វិធី​តុបតែង​លម្អ​បាន ដោយ​ការ​លាប​ពណ៌​លម្អ នៅតាម​ទ្វារ​បន្ទប់​បាយ  ទូ​ថត​ដាក់​ឥ​វ៉ាន់​ផ្ទះបាយ និង​ទូ​ទុកដាក់​របស់​ប្រើប្រាស់ ឱ្យ​មើលទៅ​ឃើញ​រាង​ភ្លឺ​ឡើង ដូចជា​បើ​ពេលនេះ ទ្វារ​បន្ទប់​បាយ ទ្វារ​ទូថ​តរបស់​អ្នកមាន​ពណ៌​ស្ករ ក៏​រក​ពណ៌​ស ឬ​ពណ៌​ពងមាន់​មក​លាប​ជាន់​ពីលើ ចង់​ថែម​ក្បូរក្បាច់​រូប​ផ្កាតូចស្អាតៗក៏បាន​ដែរ  ដើម្បីឱ្យ​បន្ទប់​ចង្ក្រាន​បាយ មើលទៅ​ឃើញ​ភ្លឺស្វាង បើកទទួល​ថាមពល​វិជ្ជមាន​ឱ្យបាន​កាន់តែ​ច្រើនឡើង។

ពណ៌​ពិតាន​បន្ទប់

ក្នុង​បន្ទប់​ចង្ក្រាន​បាយ គួរ​មាន​ពន្លឺ​ដែល​គ្រប់គ្រាន់ ព្រោះ​ក្រៅពី​ជួយ​បង្កើន​ឱ្យ​ថាមពល «ស៊ី» ហូរ​វិល​ចូល​បាន​ងាយស្រួល​ហើយ នៅមាន​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់​មនុស្ស​នៅក្នុង​ផ្ទះ​ទៀតផង ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​នឹង​ការបន្ថែម​ពន្លឺ​នៅក្នុង​ចង្ក្រាន​បាយ​ឱ្យបាន​ច្រើន ដូចជា​នៅលើ​ពិតាន​ដែលមាន​ពណ៌​ស​តែមួយគត់​នោះ បើ​អាចទៅរួច គួរតែ​លេង​លំដាប់​ពណ៌​ឱ្យ​មើលទៅ​ឃើញ​ប្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​បន្តិច ដើម្បីឱ្យ​បន្ទប់​ចង្ក្រាន​បាយ មើលទៅ​មាន​ពណ៌ស្អាតៗច្រើនឡើង​បន្តិច​ហ្នឹងឯង។

តុបតែង​បន្ថែម

រៀបចំ​សម្រួល​ចំណុចធំៗរបស់​បន្ទប់់​ចង្ក្រាន​បាយ​រួចរាល់​ហើយ ឥលូវ​នេះ​ដល់ពេល​ត្រូវ​បន្ថែម​ក្បាច់ក្បូរ​បន្តិចបន្តួច ដើម្បីឱ្យ​បន្ទប់​ចង្ក្រាន​បាយ កាន់តែ​សម្បូរបែប​ឡើង ដោយ​ចាត់ចែង​រក​ថូផ្កាស្អាតៗមក​ដាក់​ក្នុង​បន្ទប់​ខ្លះ ឬក៏​រក​រូបភាព​បន្លែ ផ្លែឈើ​ណា ដែល​មើលទៅ​ស្រស់ស្អាត​មក​ព្យួរ​ជញ្ជាំង​ក៏បាន  ហើយ​និង ដែល​ខ្វះ​មិនបាន​សោះ​នោះ គឺ​កញ្ចក់…នៅក្នុង​បន្ទប់​ផ្ទះបាយ គួរ​មាន​កញ្ចក់តូច1ផ្ទាំង ដើម្បី​ឱ្យជួយ​នាំ​ចំណាំង​ពន្លឺ ចូលមកក្នុង​ចង្ក្រាន និង​ដែល​សំខាន់ គឺ​ជួយ​បញ្ចាំង​ថាមពល​មិនល្អ និង​កម្ដៅ​ពេល​ចម្អិន​អាហារ​ចេញពី​ចង្ក្រាន​ផងដែរ។

ពេល​រៀបចំ​បន្ទប់​ចង្ក្រាន​បាយ តាម​គោលការណ៍​ហុងស៊ុយ​រួចហើយ ចូរ​កុំ​ភ្លេច​បោស​ជូត​សម្អាត​វា ឱ្យនៅ​ស្អាត មើលទៅ​ឃើញ​នៅ​ថ្មី​សន្លាង​ជានិច្ច​ផង ដើម្បី​ឱ្យមាន​អនាម័យ​ល្អ និង​ជា​សិរី​មង្គល​ដល់ផ្ទះ​សំបែង​ផង៕

Advertisement