វិធី​ជ្រើសរើស​ទិញ​បន្លែ ឱ្យបាន​បន្លែល្អៗ និងថ្មីៗ ស្រស់ៗ

ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សុំ​លើកយក​រឿង ដែល​ពាក់ព័ន្ធ​នឹង​គោលការណ៍ ក្នុងការ​ជ្រើសរើស​ទិញ​បន្លែ​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន ដោយ​ញែក​ទៅតាម​ប្រភេទ​របស់​បន្លែ​ដូចជា បន្លែ​មើម បន្លែ​ផ្លែ បន្លែ​ស្លឹក ជាដើម។

ការជ្រើសរើស​ទិញ​បន្លែ​ដែលជា​មើម៖

.មើមត្រាវ មើមដំឡូង ចូរ​ជ្រើស​រើសយក​មើម​ណា ដែលមាន​ទម្ងន់​ធ្ងន់ សាច់​ណែន សម្បក​រាបស្មើ។

.មើម​ឆៃថាវ ចូរ​រើសយក​មើម​ណា ដែល​ខ្ចី មិន-ង​កោង សម្បក​រាប​ស្អាត។

.មើម​ខ្ទឹមបារាំង  ចូរ​រើសយក​មើម​ណា ដែល​ហាប់​ណែន សម្បក​រឹង។

ការជ្រើសរើស​ទិញ បន្លែ​ដែលជា​ផ្លែ កួរវែងៗ ប្រភេទ សណ្តែកកួរ សណ្តែកបារាំង ជាដើម ចូរ​ជ្រើស​រើសយក​ផ្លែ​ណា​ដែល​ខ្ចី ពណ៌​បៃតងខ្ចី សាច់​ណែន មិន​ប៉ោងស្ពុលៗ កួរត្រង់ៗល្អ មិន​កោង-ង ។

ឯ​បន្លែ​ផ្លែ​ផ្សេងទៀត​ដែលមាន​ដូចជា៖

.ផ្លែ​ត្រប់ស្រួយ ចូរ​រើសយក​ផ្លែ ដែលមាន​ទង​នៅជាប់ ស្រស់ មិន​ស្វិត​ទន់ និងធ្ងន់។

.ផ្លែ​ត្រសក់ ចូរ​រើសយក​ផ្លែ​ណា​ដែលធ្ងន់ៗ ពណ៌​បៃតងខ្ចី ផ្លែ​វែង​ខ្លូត សម្បក​ម៉ដ្ឋ​រលោង មិន​ជាំ​ទន់។

.ផ្លែ​ត្រឡាច ត្រូវ​រើសយក​ផ្លែ​ណា ដែល​ធំ តែ​នៅ​ខ្ចី ពណ៌​បៃតង​ស្រស់ នៅមាន​រោម-សៗ ផ្លែ​ខ្លូត​ល្អ និង​ជាពិសេស​មុននឹង​ទិញ សូមកុំ​ភ្លេច​ចិត​ក្បាល​ចេញ​បន្តិច រួច​លិឍ​មើលថា តើ​ល្វីង ឬក៏​អត់​ផង  បើ​ល្វីង​មិនអាច​ប្រើការ​បានទេ។

.ផ្លែ​ល្ពៅ  ផ្លែ​ណា​ល្អ ត្រូវតែ​ធ្ងន់ ណែន សាច់​ពណ៌​លឿង​លាយ​បៃតង សម្បក​រឹង​គ្រើម។

.ផ្លែក្រូច​ឆ្មារ  ចូរ​រើសយក​ផ្លែ​ដែលមាន​សម្បក​រាប​រលោង មិន​ស្វិត និង​សាកល្បង​យកដៃ​ច្របាច់​មើល មិន​រឹង​ជ្រុល​ពេក។

ការជ្រើសរើស​ទិញ​បន្លែ​ស្លឹក ដែលមាន​ជាអាទិ៍ ដូចជា សាលាដ ស្ពៃ-ស ស្ពៃ​ខ្មៅ ផ្ទី ជាដើម​នោះ ចូរ​រើសយក​បន្លែ​ណា ដែលមាន​ពណ៌​បៃតង​ស្រស់ មិន​ស្វិត​ស្រពោន មិន​ស្អុយ គ្មាន​ស្នាម​ជាំ គុម្ព​ធំ​ល្អ ស្លឹក​នៅជាប់​នឹង​គល់។ ត្រូវ​ជ្រើស​រើសយក​គុម្ព​ណា ដែលមាន​ស្នាម​ដង្កូវ​ស៊ីខ្លះៗ ដើម្បី​ឱ្យបាន​ប្រាកដ​ក្នុង​ចិត្ត​ថា បន្លែ​នោះ មិនបាន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើន​ហួសហេតុ​ពេក​ហ្នឹងឯង។  ចំណែក​បន្លែ​ស្ពៃក្តោប​វិញ ចូរ​ជ្រើស​រើសយក​គុម្ព​ណាណែនៗ និងធ្ងន់។ ហើយ​បើ​មាន​ទំហំប៉ុនៗគ្នា ត្រូវ​រើសយក​គុម្ព​ណា​ដែល​ធ្ងន់​ជាង ព្រោះ​វា​មាន​ស្រទាប់​ស្លឹក​ច្រើន និង​ហាប់ ឯ​គុម្ព​ណា​ដែលស្រាលៗនោះ អាចមាន​ដង្កូវ ឬ​ស្លឹក​រលួយ​នៅ​ខាងក្នុង៕

Advertisement