ប្រយោជន៍ 9 យ៉ាងរបស់ស្រាបៀរជាមួយការងារផ្ទះដែលស្រ្តីមេផ្ទះគួរតែដឹង!

ឡារ៉ែននឹងបង្ហើបប្រាប់ពីចំណុចល្អមួយផ្នែកទៀតរបស់ស្រាបៀរដែលអាចប្រើការជាមួយការងារផ្ទះបានយ៉ាងច្រើនបែបច្រើនយ៉ាង រហូតដល់បងៗស្រ្តីមេផ្ទះសឹងតែមិនជឿឡើយថា ភេសជ្ជះដែលធ្វើឱ្យស្រវឹងមួយនេះអាចធ្វើបានដល់ថ្នាក់ហ្នឹងផងឬ? ប្រហែល​ជានឹកឆ្ងល់ហើយមែនទេ ថាតើស្របៀរពិតជាប្រើការឱ្យកើតប្រយោជន៍បានមែនឬ? ដូច្នេះកុំឱ្យខាតពេល សូមអានជាបន្តទាំងអស់គ្នាតែម្តង។

1 – បង្កើនសារធាតុអាហារនៅក្នុងដីដើម្បីឱ្យរុក្ខជាតិលូតលាស់ល្អស្រស់

មិនថាតែដីនៅក្នុងសួនច្បារធំ ឬដីក្នុងផើងនោះទេ ត្រូវតែបានទទួលសារធាតុអាហារដែលសម្បូរគ្រប់គ្រាន់ទើបហុចផលល្អដល់រុក្ខជាតិ នឹងដំណាំគ្រប់ប្រភេទដែលដាំនោះ ចូរចាក់ស្រាបៀរចូលទៅក្នុងកំប៉ុងស្រ្បៃ៉យ៍ ហើយយកទៅបាញ់នៅលើដីទាំងនោះ មេរោគបាត់តេរីនៅក្នុងដីនឹងស៊ីជាតិស្ករ និងយីសត៍ដែលជាចំណែកផ្សំរបស់ស្រាបៀរជាអាហារធ្វើឱ្យសារធាតុអាហារនៅក្នុងដីសម្បូរ​ឡើង រុក្ខជាតិ ផ្កា ដំណាំក៏នឹងល្អទៅតាមនោះដែរ។

2 – ធ្វើជាអន្ទាក់កំចាត់សត្វដង្កូវបាក់ខ្នង និងខ្យងហៀន

បើក្នុងច្បារដំណាំរបស់អ្នកកំពុងជួបនឹងបញ្ហាដង្កូវបាក់ខ្នង និងខ្យងហៀនវាយលុកនោះ មិនចាំបាច់ទៅខំគិតរិះរកវិធីកែបញ្ហា ឬប្រើថ្នាំកំចាត់សត្វល្អិតនាំតែខូចដីនោះទេ ព្រោះភេសជ្ជះល្អៗដូចជាស្រាបៀរនេះក៏អាចកំចាត់បញ្ហាទាំងនេះបានដូចគ្នាដែរ ដោយការចាក់ស្រាបៀរឱ្យពេញមួយពែង ហើយយកទៅដាក់នៅក្នុងច្បារដំណាំដើម្បីបញ្ឆោតពួកវាឱ្យមកធ្លាក់ចូលអន្ទាក់មុននឹងកំចាត់វាចោល។

3 – ជូតសម្អាតឧបករណ៍ផ្ទះបាយដែលធ្វើអពីស្ពាន់ និងទង់ដែងបានយ៉ាងស្អាត់ហ្មត់ចត់

ឧបករណ៍ផ្ទះបាយដែលប្រើការយូរៗទៅនោះត្រូវតែល្អក់ស្អាប់លែងភ្លឺរលោងតាមពេលវេលាខ្លះជារឿងធម្មតា រឹតតែជាឧបករណ៍ដែលធ្វើអំពីស្ពាន់ និងទង់ដែងផងនោះ រឹតតែត្រូវមើលថែទាំជាពិសេសតែម្តង ដោយការនាំយកទៅដាក់ត្រាំនៅក្នុងស្រាបៀរជាមុនសិន រួចសឹមលាងសម្អាតដោយទឹកស្អាត និងជូតឱ្យស្ងួត ឧបករណ៍ផ្ទះបាយទាំងនោះនឹងត្រឡប់មកជាថ្មីភ្លឺរលោងឡើងវិញម្តងទៀតជាមិនខាន។

4 – ធ្វើជាអន្ទាក់ចាប់សត្វកន្លាតដើម្បីកំចាត់ឱ្យអស់ពីផ្ទះ

បងៗស្រ្តីមេផ្ទះណាដែលមិនត្រូវធាតុគ្នាជាមួយសត្វកន្លាតនោះ សូមស្តាប់ខាងណេះ ព្រោះបើបងៗយកនំប៉័ងទៅជ្រលក់ក្នុងស្រាបៀរឱ្យជោកហើយយកទៅដាក់ក្នុងកែវធំចំហរមាត់មួយ លាបពីត្រូលៀមជេលលីនៅខាងក្នុង និងជុំវិញមាត់កែវនោះបន្តិច តែប៉ុនហ្នឹងម្នាលសត្វកន្លាតដ៏គួរឱ្យស្អប់ទាំងឡាយនឹងត្រូវបានបញ្ឆោតឱ្យធ្លាក់ចូលទៅក្នុងកែវ និងមិនអាចតោងប្រវេប្រវាឡើងមកវិញបានឡើយ។

5 – លាងសម្អាតស្នាមប្រឡាក់ទឹកតែ – កាហ្វេចេញពីកម្រាលព្រំគ្មាននៅសល់ស្នាមពណ៌លឿងៗឡើយ

ការលាងជម្រះស្នាមទឹកតែ – កាហ្វេដែលកំពប់ប្រឡាក់លើកម្រាលព្រំនោះមិនមែនជារឿងងាយស្រួលឡើយ ទោះជាប្រើសាប៊ូម្សៅល្អលេខមួយយ៉ាងណា ក៏នៅតែមានបន្សល់នូវស្នាមលឿងៗឱ្យឃើញទុកជាអនុស្សាវរីយ៍ដដែល ដូច្នេះត្រូវតែកែបញ្ហានេះដោយការចាក់ស្រាបៀរពីលើស្នាមប្រឡាក់នោះ និងទុកចោលមួយស្របក់ រួចហើយសឹមយកក្រណាត់ស្អាតជ្រលក់ទឹកមកជូតប្តិតៗចេញម្តងទៀត (សម្រាប់តែកម្រាលព្រំណាដែលមិនស្លកពណ៌ ព្រោះទឹកស្រាបៀរអាចធ្វើឱ្យកម្រាលព្រំហើរពណ៌ត្រង់នោះបាន)។

6 – ខាំកំទេចស្នាមច្រែសនៅលើលោហៈឱ្យរបេះបាត់អស់រលីង

មើលទៅដូចជាបញ្ហារឿងស្នាមច្រែសក្លាយជារឿងដែលពិបាកកែខ្លាំងណាស់ តែបើសិនជានៅក្នុងផ្ទះរបស់បងៗមានស្រាបៀរនោះ មិនបាច់បារម្ភឡើយ ព្រោះគ្រាន់តែយកគ្រឿងដែកដែលមានច្រែសស៊ីនោះទៅដាក់ត្រាំនៅក្នុងស្រាបៀមួយសន្ទុះ អាស៊ីតនៅក្នុងស្រាបៀរក៏នឹងជួយខាំបំបែកស្នាមច្រែសទាំងនោះឱ្យរបេះចេញអស់រលីងមិនខាន។

7 – រីហ្វ្រេស គ្រឿងសង្ហារិមធ្វើពីឈើឱ្យនៅតែមានភាពក្លាសស៊ិកជានិច្ច

ការថែរក្សាគ្រឿងសង្ហារិមធ្វើអំពីឈើមិនមែនជារឿងពិបាក និងមិនចាំបាច់ប្រើទឹកថ្នាំល្អៗថ្លៃៗនាំតែអស់ប្រាក់ច្រើននោះទេ គ្រាន់តែប្រើក្រណាត់កន្សែងពោះគោសាច់ហ្មត់ល្អិតជ្រលក់ស្រាបៀរ និងជូតសម្អាតប៉ុណ្ណោះ គ្រឿងសង្ហារិមធ្វើពីឈើទាំងនោះនឹងត្រឡប់មកថ្មីស្អាត និងនៅតែមានភាពក្លាសស៊ិកយូរតទៅទៀតមិនខាន។

8 – ធ្វើឱ្យមាសនៅថ្មីភ្លឺចាំងស្អាតរហូត

ដោយសារតែសាច់របស់មាសមានភាពទន់ស្រួយ ប្រើច្រាស់ដុសសម្អាតក៏មិនប្រាកដក្នុងចិត្តថា នឹងគ្មានស្នាមឆ្កូតនោះទើប ឡារ៉ែន ណែនាំឱ្យយកគ្រឿងអល្លង្ការដែលធ្វើពីមាសទៅដាក់​ត្រាំក្នុងស្រាបៀរមួយស្របក់ រួចហើយសឹមស្រង់ឡើងមកយកទៅលាងជាមួយទឹកស្អាត និងយកកន្សែងជូតប្តិតៗរហូតឱ្យស្ងួត តែប៉ុនហ្នឹង មាសនឹងស្អាតភ្លឺរលោងគួរឱ្យចង់ពាក់ឡើងវិញមិនខាន។

9 – ហៅមេអំបៅឱ្យមកលេងក្នុងសួនច្បារ

ក្រៅពីទិចនិកការធ្វើសួនច្បារឱ្យស្អាតហើយនោះ សត្វមេអំបៅក៏អាចរាប់បានថាជាអង្គប្រកបមួយដែលធ្វើឱ្យសួនច្បារមើលទៅរមណីមានជីវិតរស់រវើកដែរ តែបើសួនច្បារនៅក្នុងភូមិគ្រឹះរបស់បងៗនៅមិនទាន់មានមេអំបៅហោះហើរចូលមកលេងកំសាន្តនោះ យើងសូមណែនាំឱ្យបងៗយកកំទេចក្រណាត់ចាស់ៗមកជ្រលក់ទឹកផ្លែឈើ និងស្រាបៀឱ្យជោក ហើយយកទៅដាក់នៅតាមចំណុចផ្សេងៗនៅក្នុងសួនច្បារ តែប៉ុនហ្នឹងមេអំបៅដ៏សែនស្រស់ស្អាតនឹងហើរចូលមកប្រឡែងលេងនៅក្នុងសួនច្បាររបស់អ្នកមិនខាន។

ដល់ថ្នាក់នឹកភ្ញាក់ផ្អើលហើយមែនទេ នៅពេលបានដឹងថា ស្រាបៀរក៏មានប្រយោជន៍ល្អៗនឹងគេដែរនោះ ដូច្នេះសាកល្បងងាកមកប្រើប្រយោជន៍ពីស្រាបៀរដូចដែល ឡារ៉ែននាំយកមកជម្រាបជូនខាងលើនេះសាកលមើល៍ រួចហើយនឹងដឹងថា វាល្អអ៊ីចឹងតើ!៕

Advertisement