រឿងដែលស្រ្តីមេផ្ទះគួរដឹង ពាក់ព័ន្ធនឹងចង្រ្កានម៉ៃក្រូវេហ្វ

យុគសម័យថ្មីនេះ ចង្រ្កានម៉ៃក្រូវេហ្វក្លាយជាឧបករណ៍ក្នុងផ្ទះបាយដែលមានប្រើសឹងតែគ្រប់ផ្ទះទៅហើយ ទោះវាជាឧបករណ៍ដែលយើងធ្លាប់ស្គាល់ហើយក៏ដោយ តែក៏អាចកើតមានគ្រោះថ្នាក់បានដែរបើប្រើប្រាស់មិនប្រយ័ត្ន។ នៅក្នុងប្រទេសអង់គ្លេសមានរបាយការណ៍ដែលបង្ហាញពីការរងរបួសដែលពាក់ព័ន្ធនឹងចង្រ្កានម៉ៃក្រូវេហ្វនេះក្នុងមួយឆ្នាំៗច្រើនជាង 2.000 នាក់ទៅទៀត ដូច្នេះ សុវត្ថិភាព និងការប្រើប្រាស់ដែលត្រឹមត្រូវតាមវិធីគឺជារឿងដែលយើងគួរតែរៀនយល់ដឹង ដើម្បីការពារគ្រោះភ័យដែលអាចនឹងកើតឡើង។

ឧបករណ៍ដាក់ម្ហូបអាហារដែលមិនគួរប្រើជាមួយចង្រ្កានម៉ៃក្រូវេហ្វ ឬត្រូវប្រយ័ត្ន

ឧបករណ៍ដាក់ម្ហូបអាហារដែលជាលោហៈ

ពេលរលកម៉ៃក្រូវេហ្វឆ្លងកាត់ទៅប៉ះផ្នែកដែលជាលោហៈ នឹងធ្វើឱ្យកើតចរន្តអគ្គីសនី និងកម្តៅឡើងនៅត្រង់នោះ លោហៈនឹងកើតកម្តៅខ្លាំងឡើង ជួនកាលដល់ថ្នាក់កើតការឆាបឆេះឡើងបានទៀតផង។ ទោះជាការឆេះមិនបានបំផ្លាញឧបករណ៍នោះមែន តែសារធាតុផ្សេងៗដែលប្រើក្នុងការផលិតឧបករណ៍នោះអាចនឹងជ្រាបចូលទៅលាយឡំនៅក្នងអាហារបាន។

ចានថ្មស្រោបរលោងៗ

ឧបករណ៍ដាក់ចំណីអាហារដែលជាថ្មស្រោបរលោងៗជាច្រើនប្រភេទមានចំណែកផ្សំរបស់លោហៈលើផ្នែកដែលជារូបភាពក្បាច់ក្បូរ ដោយអាចនឹងកើតកម្តៅឡើងខ្ពស់នៅត្រង់ចំណុចនោះ ក្រៅពីនេះចានថ្មរលោងៗច្រើនតែមិនធន់ជាមួយកម្តៅក្តៅខ្លាំងៗនោះទេ បើប្រើប្រាស់ក្នុងការដាក់ម្ហូបអាហារកម្តៅនោះ អាចនឹងកើតការបែកបាក់បាន។

ចានផ្លាស្ទិក និងចានស្នោ

ផ្លាស្ទិក និងស្នោមានចំណុចសីតុណ្ហភាពរំលាយខុសផ្លែកពីគ្នា ការយកចានផ្លាស្ទិកដែលមានចំណុចសីតុណ្ហភាពរលាយទាបទៅដាក់កម្តៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ នឹងធ្វើឱ្យកើតការរលាយ ឬទន់របស់ចានរហូតខូចរូបរាងអស់ និងអាចរលាយចូលទៅក្នុងម្ហូបអាហារបាន ដូច្នេះបើចង់ប្រើចានផ្លាស្ទិក ឬចានស្នោ ត្រូវសង្កេតមើលសញ្ញាសំគាល់ដែលបិទជាប់នៅលើចានទាំងនោះផងថា តើអាចយកចូលក្នុងចង្រ្កានម៉ៃក្រូវេហ្វបានឬទេ? និងគួរជ្រើសរើសម៉ាកយីហោណាដែលគួរឱ្យទុកចិត្តបានផង។

ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារ

ក្រដាសខ្ចប់ចំណីអាហារក្នុងពេលបច្ចុប្បន្ននេះច្រើនតែធ្វើពីអាលុយមីញ៉ូមហ្វ៉យល៍ ដែលអាចឆេះនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វបាន ដូច្នេះបើម្ហូបអាហារដែលបងៗស្រ្តីមេផ្ទះត្រូវការកម្តៅនោះមានរុំខ្ចប់ដោយក្រដាស់អាលុយមីញ៉ូម គួរតែយកចេញជាមុនសិន មុននឹងដាក់ចូលក្នុងចង្រ្កានម៉ៃក្រូវេហ្វ។

បន្ទះស្បោងផ្លាស្ទិកការពារចំណីអាហារ

បច្ចុប្បន្នយើងមានបន្ទះស្បោងផ្លាស្ទិកស្តើងដែលប្រើសម្រាប់រុំបិទពីលើចំណីអាហារដើម្បីការពារកុំឱ្យធូលីដីហុយមកចូល និងនៅពេលយើងចង់បរិភោគម្តងទៀតនោះ យើងតែងតែយកចូលទៅកម្តៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ។ ភាពប្រថុយប្រថានដែលអាចនឹងមាននោះគឺ កម្តៅដែលកើតឡើងពីចំហាយទឹក ឬពីម្ហូបអាហារនឹងអណ្តែតឡើងទៅរកបន្ទះស្បោងផ្លាស្ទិកស្តើងនោះ និងកើតចេញជាដំណក់ទឹកតូចៗ ដែលបើសិនជាបន្ទះស្បោងផ្លាស្ទិកស្តើងនេះមិនត្រឹមត្រូវតាមស្តង់ដារទេនោះ អាចនឹងកើតការរលាយរបស់សារធាតុគីមី ហើយស្រក់ចូលទៅក្នុងអាហារបាន ដូច្នេះបើចង់កម្តៅម្ហូបអាហារដើម្បីទទួលទាននោះ គួរយកបន្ទះស្បោងផ្លាស្ទិកស្តើងនេះចេញជាមុនសិន។

ការប្រើចង្រ្កានម៉ៃក្រូវេហ្វនៅក្នុងផ្ទះដែលមានកូនក្មេង

បើនៅក្នុងផ្ទះមានក្មេងតូច គួរជ្រើសរើសប្រើចង្រ្កានម៉ៃក្រូវេហ្វប្រភេទដែលមានភាពស្មុគ្រស្មាញក្នុងការប្រើតិចបំផុត ឬទុក​ដាក់នៅក្នុងកន្លែងដែលក្មេងតូចៗឈោងដៃមិនដល់ និងបើសិនជាចង់ឱ្យក្មេងប្រើការចង្រ្កានម៉ៃក្រូវេហ្វដែរនោះ ក៏គួរតែបង្ហាត់បង្រៀនឱ្យដឹងអំពីអ្វីដែលអាចដាក់ចូលទៅបាន និងអ្វីដែលហាមដាក់ចុល(ដូចជា ស៊ុតទាំងមូល ទឹកសុទ្ធ និងបន្លែផ្លែឈើទាំងមូល ​ជា​ដើម ព្រោះវានឹងផ្ទុះបែក) និងគួរឱ្យមានមនុស្សធំនៅជាមួយខណៈពេលប្រើការជានិច្ចផង៕

Close-up Of A Person Removing Prepared Food From Microwave Oven; Shutterstock ID 694624912; Job (TFH, TOH, RD, BNB, CWM, CM): TOH

Advertisement