ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

11 . ការកម្ចាត់ស្នាមជើងសត្វរុយកខ្វក់ៗនៅលើកញ្ចក់ អាចធ្វើបានដោយវិធីពិសេសដូចតទៅ យកម្សៅកាហ្វេលីងមួយស្លាបព្រា លាយជាមួយប្រេងកាត 1 លិត្រ ហើយយកក្រណាត់ប្តិតៗមកជូតស្នាមជើងសត្វរុយដែលមានពណ៌អុចៗខ្មៅៗលើកញ្ចក់នោះ ស្នាមកខ្វក់ទាំងនោះនឹងរលាយបាត់អស់មិនខាន។

12 . បើសិនត្រូវការលាបថ្នាំបន្ទប់ជាថ្មី តែខ្លាចថា បន្ទប់នឹងធុំតែក្លិនឈួលរបស់ថ្នាំជាច្រើនថ្ងៃនោះ យើងមានវិធីកម្ចាត់ក្លិនរបស់ថ្នាំលាបនោះ គឺមុននឹងលាប ចូរដាក់ទឹកក្រអូបវ៉ានីលឡា 1 ស្លាបព្រាកាហ្វេទៅក្នុងទឹកថ្នាំលាបជញ្ជាំង 1 ធុង រួចកូរឱ្យចូលគ្នាសព្វ រួចហើយសឹមយកទៅលាបបន្ទប់ ធានាថា ថ្នាំដែលលាបហើយថ្មីៗនោះនឹងគ្មានធុំក្លិនជាដាច់ខាត។

13 . វិធីការពារមិនឱ្យថង់ផ្ទុកធូលីដីនៅក្នុងម៉ាស៊ីនបូមធូលីដីត្រូវសត្វល្អិតខាំចោះឡើងធ្លុះជារន្ធៗនោះ គឺយកគ្រាប់ថ្នាំការពារសត្វកន្លាត 1 គ្រាប់ទៅដាក់នៅក្នុងថង់ផ្ទុកធូលីដីនោះ ក្រៅពីការពារមិនឱ្យសត្វល្អិតខាំចោះហើយនោះ នៅការពារក្លិនអាប់បានទៀតផង។

14 . កែបញ្ហាសត្វមូសចូលទៅពងនៅក្នុងធុងស្តុកទឹក ធ្វើឱ្យកើតមានដង្កូវទឹកនោះ យើងអាចធ្វើបានដោយការយកឥដ្ឋតាន់ពណ៌ក្រហម (ឥដ្ឋដែលគេប្រើក្នុងការងារសំណង់)មកដុតភ្លើងឱ្យក្តៅ ហើយយកទៅដាក់ក្នុងធុងស្តុកទឹកនោះភ្លាម តែប៉ុណ្ណឹង មូសនឹងលែងហ៊ានចូលទៅសម្ងំពងនៅក្នុងទីនោះទៀតហើយ។

15 . វិធីកម្ចាត់ដើមស្មៅដែលដុះឡើងតែពីសតែពាស អាចធ្វើបានដោយការយកអំបឹលទៅរោយនៅលើកន្លែងដែលមានស្មៅដុះឡើងនោះ ព្រោះថា អំបឹលនឹងទៅធ្វើឱ្យដីនៅត្រង់នោះឡើងប្រៃ និងនឹងធ្វើឱ្យស្មៅងាប់ និងលែងដុះមកទៀតនៅទីបំផុត។

(នៅមានត)

Advertisement