ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

51 . ការខាត់ក្តារកម្រាលផ្ទះឱ្យភ្លឺរលោងបែបបុរាណគឺ រកផ្លែដូងទុំមកពុះបំបែកជាបំណែក ហើយយកមកដាក់ផ្កាប់យកខាងសាច់ដូងមកដុសខាត់ក្តារកម្រាលផ្ទះឱ្យបានញឹកញាប់ ក្តារកម្រាលផ្ទះនោះនឹងភ្លឺរលោងចាំងមិនខាន។

52 . ស្នោ (ហ្វូម) អាចប្រើជាប្រយោជន៍បានច្រើនយ៉ាងណាស់ ដូចជា យកមកធ្វើជាជ័រកាវស្អិតសម្រាប់បិទស្នាមប្រេះលេចរបស់វត្ថុប្រើប្រាស់ផ្សេងៗបានយ៉ាងល្អគឺ មុននឹងយកមកប្រើ ត្រូវយកបំណែកដុំស្នោមកកាច់បំបែកជាកំទេចតូចៗទៅដាក់ត្រាំក្នុងប្រេងសាំងធិននើរ៍ ឱ្យវារលាយទៅជាល្បាយខាប់ៗស្អិតៗ ហើយយកទៅបិទភ្ជិតស្នាមបែកប្រេះលេចរបស់វត្ថុប្រើប្រាស់ផ្សេងៗ ដូចជា ចានដែកជ័រសម្រាប់បោកខោអាវ ជាដើម ទុកឱ្យស្ងួតល្អ របស់របរទាំងនោះនឹងអាចប្រើប្រាស់បានយូរតទៅទៀតមិនខាន។

53 . វិធីកំចាត់ស្នាមច្រែសនៅលើស្នួដែកហាលខោអាវគឺ រកកំទេចក្រណាត់មកជ្រលក់ទឹកខ្មេះ រួចយកទៅដុសលើស្នួច្រែសនោះឱ្យសព្វ ហើយយកទឹកសាប៊ូមកដុសសម្អាតពីលើថែមទៀត បន្ទាប់ពីនោះជូតសម្អាតដោយក្រណាត់ជ្រលក់ទឹកស្រពាប់ៗ តាមដោយក្រណាត់ស្ងួតមួយសាទៀត ស្នាមច្រែសនៅលើស្នួហាលខោអាវនោះនឹងបាត់អស់រលីង។

54 . ការសម្អាតផ្លែកាំបិតប្រើប្រាស់ក្នុងចង្រ្កានបាយដែលមានឡើងស្នាមច្រែសនោះគឺ យកកាំបិតនោះទៅដុសជាមួយក្រូចឆ្មារ ឬមើមខ្ទឹមក្រហមក៏បាន ហើយលាងចេញដោយទឹកស្អាត រួចជូតឱ្យស្ងួត ធានាថា កាំបិតធ្វើម្ហូបរបស់បងៗស្រ្តីមេផ្ទះយើងនឹងលែងមានស្នាមច្រែសឡើងទៀតមិនខាន។

55 . ការសំលៀងកាំបិតដែលប្រើក្នុងចង្រ្កានបាយឱ្យមុតបានយូរ អាចធ្វើបានដោយការបន្តក់ប្រេងកាតប្រមាណជា 2 – 3ដំណក់នៅលើថ្មសំលៀងកាំបិត ហើយសំលៀងតាមធម្មតា ធានាថាកាំបិតរបស់បងៗនឹងមុតយ៉ាងល្អ និងប្រើបានយូរទៀតផង។

(នៅមានត)

Advertisement