វិធីរក្ស ាថែទាំទូទឹកកក ដើម្បីពន្យារអាយុប្រើការឱ្យបានយូរ

នេះជារឿងដែលបងៗស្រ្តីមេផ្ទះត្រូវដឹង ព្រោះថា ទូទឹកកកស្អាត អាហារក៏មានសុវត្ថិភាព។

ទូទឹកកកប្រៀបដូចជាផ្ទះសំណាក់របស់អាហារដូច្នោះដែរ បើទូទឹកកករបស់បងៗមិនស្អាត ពេញទៅដោយមេរោគអតិសុខុម​ប្រាណប្រភេទផ្សេងៗនោះ ក្រៅពីនឹងធ្វើឱ្យមិនសប្បាយច្រមុះហើយ មេរោគផ្សេងៗទាំងនោះនៅតាមទៅវាយប្រហារពោះវៀនរបស់យើងធ្វើឱ្យកើតអាការរាករូសបានយ៉ាងងាយទៀតផង។

ការសម្អាតទូទឹកកកមិនមែនជារឿងពិបាកធ្វើនោះទេ គ្រាន់តែយកក្រណាត់ជូតទឹកក្តៅឧណ្ហៗដែលលាយម្សៅ បេឃិង ផៅឌើរ ( Baking Powder អាចរកទិញបាននៅតាមផ្សារទំនើប)បន្តិច ជូតផ្នែកខាងក្នុងរបស់ទូទឹកកកជាប់ជានិច្ច ឬអាចនឹងប្រើទឹកថ្នាំសម្រាប់ជូតសម្អាតទូទឹកកកក៏បាន ព្រោះវាមានឬទ្ធិក្នុងការកម្ចាត់ក្លិនបានយ៉ាងល្អ។

ហាម…ប្រើសាប៊ូជូតផ្នែកខាងក្នុងរបស់ទូទឹកកកជាដាច់ខាត ព្រោះក្លិនរបស់ម្សៅសាប៊ូនឹងសាយភាយពេញក្នុងនោះធ្វើឱ្យបណ្តាម្ហូបអាហាររបស់បងៗមានក្លិនសាប៊ូដែរ (បងៗសាកល្បងនឹកទៅមើលថា នំខេកក្លិនម្សៅសាប៊ូ មានអ្នកណាចង់ញ៉ាំទេ?)។

ហាម…ទឹកសាប៊ូផ្សេងៗដែលអាចនឹងមានឬទ្ធិខាំកម្ទេច ព្រោះនឹងធ្វើឱ្យទូទឹកកកខូចខាត។

ផ្នែកដែលត្រូវយកចិត្តទុកដាក់ជាពិសេសគឺ ប្រឡោះទុកផ្លែឈើ ព្រោះជាប្រឡោះដែលស្ថិតនៅខាងក្រោមបំផុត ទើបមានទឹកដក់ជាប់ជានិច្ច និងកន្លែងមួយទៀតគឺ ថ្នាក់ដាក់របស់ខាងៗទូ ច្រើនតែប្រឡាក់ស្នាមកខ្វក់ដែលដៃទាំងសងខាងរបស់យើងនាំយកទៅ ព្រោះជាចំណុចដែលយើងចាប់យកនេះយកនោះញឹកញាប់បំផុត។

រំលាយទឹកកកចោលម្តងម្កាលផង

ការរំលាយទឹកកកចោល ក្រៅពីនឹងជួយបង្កើនទីកន្លែងក្នងប្រឡោះក្លាស្សេឱ្យធំឡើងហើយ នៅជាការជួយឱ្យប្រព័ន្ធបញ្ចេញភាពត្រជាក់របស់ទូទឹកកកវិលវល់សាយភាយបានល្អឡើង ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ បើសិនមានទឹកកកតោងជាប់ក្រាស់ច្រើនរហូតហៀរចេញមក នឹងធ្វើឱ្យកើតការរុញឱ្យទ្វារទូបិទមិនជិត។

ទូទឹកកកទូទៅតែងមានប្រព័ន្ធរំលាយទឹកកកស្វ័យប្រវត្តិ ឬពាក់កណ្តាលស្វ័យប្រវត្តិ ដោយយើងត្រូវចុចកុងតាក់រំលាយទឹកកកដោយខ្លួនឯង។

ហាម…យកវត្ថុអ្វីក៏ដោយមកគាស់ ឬបុកបំបែកដុំទឹកកកនោះជាដាច់ខាត ព្រោះអាចធ្វើឱ្យទូទឹកកកខូចអស់បាន។

មុននឹងដំណើរការរំលាយដុំទឹកកក កុំភ្លេចយកអាហារដែលក្លាស្សេនៅក្នុងនោះចេញសិន ហើយយកមករុំខ្ចប់ដោយក្រដាស់កាសែតឱ្យបានច្រើនជាន់ ដើម្បីជួយរក្សាភាពត្រជាក់ជំនួសទូទឹកកកដែលបិទដំណើរការបណ្តោះអាសន្នប្រមាណជា 1 – 2 ម៉ោង។

ក្នុងអំឡុងពេលរង់ចាំឱ្យទឹកកករលាយអស់ពីប្រឡោះកន្លែងកកនោះ ចូរបើកទ្វារទូទឹកកកចំហរចោល ដើម្បីឱ្យទឹកដែលរលាយហូរចូលទៅក្នុងថាសត្រងទឹកដែលនៅពីក្រោម និងឧស្សាហ៍ដោះយកទៅចាក់ចោលផង។ គន្លឹះសំខាន់ ៈ បើសិនទឹកកករលាយយឺត យើងអាចដាក់ឆ្នាំង ឬចានដែកដែលមានទឹកក្តៅឧណ្ហៗនៅខាងក្នុងទៅក្នុងប្រឡោះកន្លែងក្លាស្សេនោះដើម្បីឱ្យទឹកកកឆាប់រលាយអស់។

ទុកឱ្យម៉ាស៊ីនទូទឹកកកបានបំភាយកំដៅចេញផង

ជាចំណុចសំខាន់ និងសំខាន់បំផុត ព្រោះទូទឹកកត្រូវបំភាយកម្តៅចេញពីគ្រឿងផលិតភាពត្រជាក់ បើទូទឹកកមិនអាចបំភាយកម្តៅចេញបាន គ្រឿងនឹងធ្វើការរឹតតែខ្លាំងឡើង ធ្វើឱ្យអាយុការប្រើការមានរយៈពេលខ្លី ដូច្នេះចូរកុំតាំងទូទឹកកកនៅជាប់នឹងជញ្ជាំងជ្រុលពេក រួមទាំងកុំឱ្យមានអ្វីមកដាក់ពាំងពីមុខកន្លែងបំភាយកម្តៅផង។ ក្រៅពីនេះបងៗស្រ្តីមេផ្ទះគួរបោសសម្អាតធូលីដីដែលតោងជាប់នៅផ្នែកខាងក្រោយនៃទូយ៉ាងហោចណាស់មួយឆ្នាំឱ្យបាន 2 ដងផង៕

Advertisement