ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

61 . វិធីសម្អាតស្នាមកខ្វក់ដែលជាប់នៅលើឥដ្ឋការ៉ូបន្ទប់ទឹកអាចធ្វើបានដោយវិធីដូចតទៅ គឺ ជះទឹកទៅលើឥដ្ឋការ៉ូទាំងនោះឱ្យសព្វ ហើយយកអំបិលសម្លរោយនៅលើច្រាសខាត់បន្ទប់ទឹក ឬរោយលើក្រណាត់សើមក៏បាន រួចយកមកដុសខាត់លើឥដ្ឋការ៉ូទាំងនោះ កំណកកខ្វក់ៗទាំងនោះនឹងរបូតចេញអស់ ហើយការ៉ូបន្ទប់ទឹករបស់លោកអ្នកស្អាតភ្លឺរលោងយ៉ាងពេញចិត្ត។

62 . វិធីបោកសម្អាតវាំងននដែលធ្វើពីក្រណាត់សិប្បនិមិត្តគឺ គួរតែបោកដោយដៃ តែមុននឹងបោកគួរបោសវាស​ៗធូលីដីឱ្យស្អាតជាមុនសិន បន្ទាប់ពីនោះចាក់ទឹកសាប៊ូបោកគក់នៅលើកន្លែងដែលមានស្នាមប្រឡាក់ ហើយជ្រលក់ចូលទៅក្នុងទឹកសាប៊ូបោកគក់ដែលលាយជាមួយទឹកក្តៅឧណ្ហៗ។ លុះមើលឃើញថាបោកបានស្អាតហើយ ចូរលើកឡើង តែកុំពូតឱ្យសោះ គួរលាហាលទាំងសើម ព្រោះនៅពេលស្ងួតទៅ យើងនឹងបានវាំងននដែលរាបស្អាត មិនញីញក់ហ្នឹងឯង។

63 . វិធីសម្អាតភ្លុកដំរីតាំងលម្អក្នុងផ្ទះដែលមានកំណកធូលីដីប្រឡាក់ជាប់នោះគឺ យកមកដុសនឹងទឹកក្រូចឆ្មារជាមួយអំបិល ហើយលាងចេញដោយទឹកសាប៊ូ រួចយកភ្លុកដំរីនោះទៅដាក់កណ្តាលថ្ងៃទាំងនៅសើមទឹកសាប៊ូនោះ ទុកចោលប្រមាណជាកន្លះម៉ោង រួចសឹមលាងចេញដោយទឹកស្អាត នៅពេលស្ងួតហើយ ចូរខាត់ដោយកន្សែងពោះគោ នោះយើងនឹងបានភ្លុកដំរីតាំងលម្អក្នុងផ្ទះដែលភ្លឺស្អាតរលោងដូចដើមមិនខាន។

64 . ភាជនៈ(ចានក្បានសម្រាប់អាហារ)ពណ៌សៗដែលប្រើប្រាស់យូរទៅមានស្នាមលឿងៗប្រឡាក់ជាប់ស្អិតនោះ យើងមានវិធីសម្អាតដូចតទៅ គឺយកប្រេងប៉ារ៉ាហ្វ៊ីនមកដុសសម្អាតលើស្នាមប្រឡាក់ពណ៌លឿងៗទាំងនោះ ព្រោះប្រេងប៉ារ៉ាហ្វ៊ីននឹងជួយជម្រះឱ្យភាជនៈទាំងនោះឡើងសវិញបាន។

65 . វិធីសម្អាតស្នាមកំណកខ្មៅៗរបស់កាហ្វេនៅក្នុងឆ្នាំងឆុងកាហ្វេនោះគឺ យកសាប៊ូម្សៅបោកខោអាវ 1 ស្លាប​ព្រាបាយដាក់ចូលទៅក្នុងឆ្នាំងនោះ រួចដាក់ទឹកចូលឱ្យពេញឆ្នាំង ហើយត្រាំទុកចោលប្រមាណជា 1 ម៉ោងសឹមលាងសម្អាត។

(នៅមានត)

Advertisement