ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

66 . វិធីកម្ចាត់ស្នាមប្រឡាក់នៅលើកម្រាលតុឱ្យស្អាតឡើងវិញគឺ ចូររោយអំបិលនៅលើស្នាមប្រឡាក់ទាំងនោះ រួចស្រោចពីលើដោយទឹកក្តៅ ហើយយកទៅដាក់ត្រាំនៅក្នុងទឹកដោះគោឆៅដាំនៅលើភ្លើងតិចៗ រួចហើយសឹមនាំយកទៅបោកគក់សម្អាតត្រង់ស្នាមប្រឡាក់នោះ។

67 . វិធីសម្អាតវាំងននផ្លាស្ទិក គួរបោកគក់សម្អាតដោយទឹកដែលលាយសាប៊ូតិចៗ ឬទឹកសាប៊ូលាយទឹកក្តៅឧណ្ហៗ រួចហើយយកទៅដាក់សំដឹលហាលឱ្យត្រូវខ្យល់ល្អជាងហាលឱ្យត្រូវថ្ងៃ ព្រោះវាមិនធ្វើឱ្យវាំងនននោះស្លេកពណ៌។

68 . វិធីសម្អាតកញ្ចក់ឆ្លុះមុខឱ្យភ្លឺថ្លាឡើងវិញនោះគឺ យកថ្នាំដុសធ្មេញមកច្របាច់ដាក់លើកញ្ចក់ ហើយរកក្រណាត់ជ្រលក់ទឹកមកជូតខាត់ថ្នាំដុសធ្មេញដែលច្របាច់ទុកនៅលើកញ្ចក់នោះដោយត្រូវខាត់ឱ្យសព្វលើកញ្ចក់ រួចហើយយកក្រណាត់ស្ងួតជូតម្តងទៀត កញ្ចក់ឆ្លុះមុខដែលស្រអាប់មើលមិនច្បាស់នោះ នឹងភ្លឺថ្លាឡើងវិញភ្លាមតែម្តង។

69 . វិធីសម្អាតស្នាមប្រេងដែលស្រក់ប្រឡាក់នៅលើកម្រាលស៊ីម៉ង់ត៍ឱ្យស្អាតដូចដើមវិញនោះគឺ រកកម្ទេចផេះដែលនៅក្នុងចង្រ្កានធ្យូងមករោយនៅលើស្នាមប្រឡាក់ប្រេងលើកម្រាលស៊ីម៉ង់ត៍នោះឱ្យសព្វ ទុកចោលមួយសន្ទុះ រួចសឹមលាងចេញដោយទឹកឱ្យស្អាត ព្រោះកម្ទេចផេះនឹងបឺតស្នាមប្រេងទាំងនោះចេញទាល់តែអស់។

70 . វិធីសម្អាតស្នាមប្រឡាក់ខ្មៅដៃ ឬស្នាមខ្មៅដៃពណ៌នៅលើក្រដាសបិទជញ្ជាំងវ៉លផេភើរ៍គឺ ចូរប្រើប្រដាប់ផ្លុំសក់មកផ្លុំដោយប្រើខ្យល់ក្តៅដាក់ត្រង់ស្នាមប្រឡាក់នោះ ហើយរកក្រណាត់កូតុងជ្រលក់ទឹកសាប៊ូ ពូតឱ្យនៅសើមតិចៗយកមកជូតដុសត្រង់ស្នាមប្រឡាក់នោះ ស្នាមប្រឡាក់ខ្មៅដៃពណ៌ទាំងនោះនឹងរលាយបាត់អស់មិនខាន។

(នៅមានត)

Advertisement