ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

71 . វិធីសម្អាតកំណកកករដែលជាប់នៅក្នុងក្បាលរ៉ូប៊ីណេផ្កាឈូកគឺ សម្រាប់បែបមិនអាចដោះចេញបាន ចូរយកទឹកខ្មេះសាជូរច្រើនសមល្មមដាក់ក្នុងថង់ រួចយកទៅចងភ្ជាប់ក្បាលទឹកផ្កាឈូកនោះដាក់ត្រាំក្នុងថង់ទឹកសាជូរនោះ ទុកចោលមួយយប់ រួចសឹមស្រាយយកថង់ទឹកសាជូរចេញ ហើយលាងសម្អាតក្បាលទឹកផ្កាឈូកនោះដោយទឹកស្អាត ក្បាលទឹកផ្កាឈូកនោះនឹងស្អាត និងលែងមានកំណកកករ ធ្វើឱ្យទឹកហូរចេញមកស្រួលជាមុន។

72 . វិធីសម្អាតកំណកថ្នាំលាបផ្សេងៗដែលប្រឡាក់នៅលើបង្អួចដែលបណ្តាលមកពីការលាបជញ្ជាំងផ្ទះ ចូរប្រើទឹកសាជូរលាយជាមួយទឹកធម្មតាក្នុងអត្រា 2 / 1 ហើយយកទៅដាក់ដាំនៅលើភ្លើងឱ្យក្តៅខ្លាំង រួចយកជក់ដែលស្អាតជ្រលក់ល្បាយដែលកំពុងក្តៅនោះមកដុសសម្អាតលើស្នាមប្រឡាក់ទាំងនោះ។ ស្នាមប្រឡាក់ទាំងនោះនឹងរបូតចេញមកដោយឯកឯង។

73 . វិធីសម្អាតស្នាមប្រេងដែលប្រឡាក់ជាប់នៅលើក្រដាស់បិទជញ្ជាំងវ៉លផេភើរ៍ គឺប្រើម្សៅហុយលាយជាមួយទឹកសាប៊ូ ហើយយកមកលាបបៀកនៅត្រង់កន្លែងដែលកខ្វក់ ទុកចោលឱ្យស្ងួត រួចយកក្រណាត់ទន់ៗមកជូតចេញ មួយស្របក់ស្នាមប្រេងដែលប្រឡាក់នោះនឹងជាប់ទៅជាមួយក្រណាត់អស់មិនខាន។

74 . វិធីសម្អាតកម្រាលព្រំដែលប្រឡាក់ស្នាមប្រេង ចូរយកម្សៅបេកឃីងសូដា(រកទិញបាននៅក្នុងផ្សារទំនើប) មកចាក់លាបពីលើកន្លែងដែលប្រឡាក់ប្រេងនោះ ទុកចោលប្រមាណជា 12 ម៉ោង ហើយប្រើម៉ាស៊ីនបឺតធូលីដីមកបឹត​សម្អាតត្រង់កន្លែងប្រឡាក់ប្រេងនោះ ម្សៅបេកឃីងសូដានឹងបឺតយកជាតិប្រេងទាំងនោះចេញអស់ពីកម្រាលព្រំមិនខាន​

75 . វិធីសម្អាតស្នាមច្រែសចេញពីធុងទឹក អាចធ្វើបានដោយប្រើទឹកក្រូចឆ្មារដាក់ចូលទៅក្នុងម្តុំដែលមានច្រែសស៊ីនោះ ទុកចោលប្រមាណជា 2 – 3 ម៉ោង រួចលាងចេញ ស្នាមច្រែសទាំងនោះនឹងរបូតចេញអស់។

(នៅមានត)

Advertisement