ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

76 . វិធីសម្អាតកម្រាលរោងឡានដែលប្រឡាក់ប្រេងម៉ាស៊ីនឱ្យស្អាតឡើងវិញនោះ គឺចូររោយដីខ្សាច់ហ្មត់ឱ្យសព្វពេញទីនោះ ទុកចោលមួយយប់ រួចហើយបោសដីខ្សាច់ទាំងនោះចេញ ស្នាមប្រឡាក់ប្រេងម៉ាស៊ីនទាំងនោះនឹងរបូតចេញអស់ទៅជាមួយដីខ្សាច់នោះឯង។

77 . បងៗស្រ្តីមេផ្ទះអាចសម្អាតកញ្ចក់បង្អួចផ្ទះឱ្យសភ្លឺថ្លាស្អាតឡើងវិញ ដោយការលាយផ្សំទឹកជាមួយនឹងទឹកខ្មេះក្នុងអត្រា 1 ៈ 2 ចំណែក ហើយយកទៅចាក់ចូលក្នុងដបបាញ់ស្រ្បៃយ៍ រួចយកទៅបាញ់លើកញ្ចក់បង្អួចដែលត្រូវការសម្អាត ហើយយកក្រដាសកាសែតជូតសម្អាតឱ្យស្អួត កញ្ចក់បង្អួចនឹងភ្លឺថ្លាឡើងវិញដូចថ្មីមិនខាន។

78 . វិធីសម្អាតព្យ៉ាណូ(ឧបករណ៍តន្រ្តីម្យ៉ាងដែលអ្នកខ្លះចូលចិត្តដាក់តាំងលម្អនៅក្នុងផ្ទះ)ឱ្យស្អាតឡើងវិញ គួរប្រើថ្នាំវេកស៊ី(ថ្នាំប៉ូលាពូកឡាន)មកសម្អាតគឺល្អបំផុត ព្រោះសារធាតុសម្អាតបែបផ្សេងទៀតអាចនឹងធ្វើឱ្យឈើកោងងបាន។

79 . វិធីសម្អាតគ្រឿងប្រើប្រាស់ដូចជា ពែង កែវ ចានដែលធ្វើពីកែវគ្រីស្តាល់ឱ្យភ្លឺរលោងចាំងល្អនោះគឺ ចូរយកក្រណាត់ស្បែកសត្វជូតខាត់សម្អាត ព្រោះស្បែកសត្វនឹងកម្ចាត់ស្នាមកំណកទឹក និងធូលីដីចេញយ៉ាងងាយស្រួលជាងក្រណាត់ដទៃទៀត។

80 . វិធីសម្អាតស្នាមកំណកតំណក់ទៀនដែលជាប់ណែនស្អិតចេញពីទម្រជើងទៀន មានវិធីធ្វើងាយៗបំផុតគឺ ដាក់ទម្រជើងទៀននោះនៅក្នុងកន្លែងកកទុកចោលមួយសន្ទុះ ដល់ពេលយកចេញមកវិញ បងៗស្រ្តីមេផ្ទះអាចបេះយកកំណកតំណក់ទៀនចេញបានយ៉ាងងាយ និងស្អាតយ៉ាងហ្មត់ចត់តែម្តង។

(នៅមានត)

Advertisement