វ៉ាវ! ប្រយោជន៍ថ្មីៗទៀតរបស់ថ្នាំ អាស្ពីរីន ដែលបងៗស្ត្រីមេផ្ទះមិនធ្លាប់ដឹង

របស់ប្រើប្រាស់នៅក្នុងផ្ទះនីមួយៗអាចមានប្រយោជន៍ច្រើនជាងដែលយើងធ្លាប់ដឹងទៅទៀត ដូចជាថ្នាំអាស្ពីរីន( Aspirin )ជាដើម ដែលក្រៅពីសម្រាប់លេបព្យាបាលជំងឺហើយនោះ នៅអាចនាំយកមកច្នៃប្រើជាមួយនឹងការងារក្នុងផ្ទះបានទៀតផង មិនថាតែជួយកម្ចាត់ស្នាមកខ្វក់ ជួយឱ្យផ្កាក្នុងថូនៅស្រស់បានយូរ ការពារមេរោគផ្សិតនៅក្នុងសួនច្បារ និងផ្សេងៗទៀតជាច្រើន ដូច្នេះបើបងៗស្រី្តមេផ្ទះចង់ដឹងថា តើអាថ្នាំគ្រាប់តូចៗនោះអាចប្រើការអ្វីបានទៀតនោះ សូមតាមដានជាបន្តជាមួយឡារ៉ែនដូចតទៅ។

1 – កម្ចាត់ស្នាមញើសជាប់នៅលើអាវពណ៌ស

សម្រាប់អ្នកដែលមិនហ៊ានទាញយកអាវពណ៌សមកពាក់ ព្រោះតែមានប្រឡាក់ស្នាមញើសរហូតធ្វើឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯងនោះ ចូរកិនថ្នាំអាស្ពីរីន2គ្រាប់ឱ្យម៉ដ្ឋ លាយជាមួយទឹកក្តៅឧណ្ហៗកន្លះពែង រួចយកមកបៀកលាបលើបរិវេណដែលមានស្នាមប្រឡាក់ញើសនោះ ទុកចោលប្រមាណជា 2 – 3 ម៉ោង រួចហើយសឹមបោកសម្អាតតាមធម្មតា។

2 – រក្សាភាពស្រស់ថ្មីរបស់ផ្កា

ចំណែករឿងបញ្ហាផ្កាដែលដោតតាំងលម្អនៅក្នុងថូឆាប់រុះរោយស្រពោននោះ មិនពិបាកទេ គ្រាន់តែកិនថ្នាំអាស្ពីរីន 2 – 3 គ្រាប់ឱ្យម៉ដ្ឋ ហើយលាយជាមួយទឹកនៅក្នុងថូដាក់ផ្កានោះទៅ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បានយូរមិនខាន តែសូមកុំភ្លេចប្តូរទឹករៀងរាល់ 2 – 3 ថ្ងៃម្តងផង។

3 – កម្ចាត់មេរោគផ្សិតនៅក្នុងដីដំណាំ

ថ្នាំប្រភេទនេះមិនមែនត្រឹមតែជួយព្យាបាលជំងឺរបស់មនុស្សប៉ុណ្ណោះទេ តែនៅជួយកម្ចាត់មេរោគផ្សិតនៅក្នុងដីបានទៀតផង

ដោយគ្រាន់តែលាយថ្នាំអាស្ពីរីនជាមួយទឹកក្នុងបរិមាណ 1 គ្រាប់ក្នុងទឹក1 លិត្រ ហើយយកទៅស្រោចនៅលើដីដែលសម្បូរដោយមេរោគផ្សិតដាំអ្វីក៏មិនបាននោះទៅជាការស្រេច។ តែសូមប្រយ័ត្នក្នុងការប្រើថ្នាំនេះបន្តិច ព្រោះបើមានជាតិថ្នាំច្រើនពេកនឹងធ្វើឱ្យដំណាំងាប់ដើមបាន។

4 – សម្អាតស្នាមច្រែះ

ស្នាមច្រែះក៏ជាបញ្ហាមួយដែលពិបាកកែដែរ តែក៏មិនមែនថាគ្មានវិធីសម្អាតបាននោះដែរ បងៗស្រ្តីមេផ្ទះអាចសម្អាតបានដោយយកថ្នាំអាស្ពីរីនមកកិនឱ្យម៉ដ្ឋ(ប្រមាណជា 2 – 3 គ្រាប់) បន្ទាប់មកយកទឹកមកស្រោចពីលើបរិវេណដែលមានស្នាមច្រែះនោះ រួចហើយរោយកម្ទេចថ្នាំនោះពីលើឱ្យសព្វ ទុកចោលប្រមាណ 10 នាទី រួចយកក្រណាត់អេប៉ុងជ្រលក់ទឹកដុសចេញ តែប៉ុណ្ណឹងជាការស្រេច។

5 – ញ៉ុករន្ធ ឬស្នាមចោះរន្ធតូចៗនៅលើជញ្ជាំង

ការលុបបំបាត់ស្នាមចោះរន្ធតូចៗនៅលើជញ្ជាំងជារឿងងាយបំផុត មិនចាំបាច់ទៅទិញស៊ីម៉ងត៍សមួយបាវមកប្រើទេ គ្រាន់តែយកថ្នាំអាស្ពីរីន 4 – 5 គ្រាប់មកកិនឱ្យក្លាយជាម្សៅ ហើយលាយជាមួយទឹកឱ្យខាប់ៗ រួចយកទៅបៀកបិទពីលើរន្ធ ឬស្នាមចោះរន្ធតូចៗនោះ ហើយទុកចោលរហូតដល់ស្ងួត យើងនឹងបានជញ្ជាំងរាបស្មើស្អាតដូចមុនបាត់ទៅហើយ។

6 – ជាជំនួយការលាងសម្អាតបន្ទប់ទឹកពេលបន្ទាន់ៗ

បើសិនជាថ្ងៃនេះដល់ពេលត្រូវលាងសម្អាតបន្ទប់ តែ ទឹកសាប៊ូលាងបន្ទប់ទឹកស្រាប់តែអស់រលីងនោះ បងៗស្រ្តីមេផ្ទះមិនចាំបាច់ចេញទៅទិញភ្លាមៗទេ ព្រោះអាចប្រើថ្នាំអាស្ពីរីនជំនួសមួយគ្រាក៏បាន។ ចាប់ផ្តើមដោយការកិនថ្នាំអាស្ពីរីន 2 – 3 គ្រាប់ ហើយលាយជាមួយទឹកក្តៅឧណ្ហៗ រួចលាងសម្អាតបន្ទប់ទឹកតាមវិធីធម្មតា នោះបន្ទប់ទឹកនឹងស្អាតឡើងវិញ គ្មានទាំងបន្សល់នូវកំណកសាប៊ូ ឱ្យឃើញទៀតផង។

7 – បោកសម្អាតស្នាមប្រឡាក់ស៊ុតមាន់នៅលើខោអាវ

បងៗស្រ្តីមេផ្ទះកុំអាលគិតថា ពិបាកបោកឱ្យជ្រះណាស់ បើមិនទាន់បានសាកល្បងប្រើវិធីនេះ ដំបូងគឺកិនគ្រាប់ថ្នាំអាស្ពីរីនឱ្យម៉ដ្ឋ(ប្រមាណ 1 – 2 គ្រាប់) ហើយលាយជាមួយ ក្រែម អហ្វ ថារ៍ថារ៍( Cream of Tartar ម្សៅដែលគេលាយជាមួយស៊ុតក្រឡុកដើម្បីឱ្យចៀនទៅឡើងប៉ោងល្អ។ អាចរកទិញបានតាមហាងផ្សារទំនើប)បន្តិច រួចចាក់ទឹកចូលទៅបន្តិច លាយឱ្យចូលគ្នាសព្វ ហើយយកទៅលាបពីលើស្នាមប្រឡាក់ស៊ុតលើខោអាវនោះ ទុកចោលប្រមាណ 30 នាទី។ នៅពេលគ្រប់កំណត់ម៉ោងហើយ ចូរស្រោចទឹកក្តៅឧណ្ហៗលាងល្បាយនោះចេញឱ្យអស់ មុននឹងយកទៅបោកគក់តាមប្រក្រតី៕

Advertisement