រឿងដ៏អស្ចារ្យរបស់ថង់កាកតែ ដែលបងៗស្រ្តីមេផ្ទះអាចយកទៅប្រើជាប្រយោជន៍ក្នុងផ្ទះបាន

តើបងៗស្រ្តីមេផ្ទះបានដឹងឬទេថា ថង់កាកតែដែលយើងឆុងញ៉ាំអស់ជាតិហើយនោះអាចយកទៅធ្វើអ្វីបានខ្លះដែរទេ? ថ្ងៃនេះ ឡារ៉ែនមានប្រយោជន៍ថ្មីៗរបស់ថង់កាកតែដែលប្រើហើយមកជម្រាបជូន ដែលពេលបងៗបានដឹងហើយច្បាស់ជាភ្ញាក់ផ្អើលមិនខាន ព្រោះមិនគួរឱ្យជឿឡើយថា វាប្រើការបានច្រើនយ៉ាងដូច្នេះសោះ…។

1 . ថែបំប៉នដើមរុក្ខជាតិ

សម្រាប់បងៗស្រ្តីមេផ្ទះដែលចង់ដាំដើមផ្កា ឬចង់ដាំដើមរុក្ខជាតិផ្សេងៗក្នុងផើងសម្រាប់តាំងលម្អផ្ទះនោះ បើចង់ឱ្យដើមរុក្ខជាតិទាំងនោះធំលូតលាស់បែកមែកសាខាចេញផ្កាល្អស្រស់នោះ ចូរយកថង់កាកតែដែលប្រើរួចមកដាក់ទ្រាប់បាតផើង ដោយដាក់បិទត្រង់រន្ធបង្ហូរទឹកជាមុនសិន បន្ទាប់មកសឹមដាក់ដីចូលទៅ និងដាក់ដើមផ្កា ឬដើមរុក្ខជាតិដាំជាក្រោយ។ ថង់កាកតែទាំងនោះនឹងជួយរក្សាសំណើមនៅក្នុងដីបានយ៉ាងល្អ និងថែមទាំងជាការបន្ថែមជីវជាតិដល់ដីនោះទៀតផង។

2 . ជូតសម្អាតកញ្ចក់

បើចង់ឱ្យកញ្ចក់លែងមានស្នាមប្រឡាក់ លែងមានស្នាមម្រាមដៃ និងត្រឡប់មកភ្លឺថ្លាស្អាតឡើងវិញនោះ គ្រាន់តែយកថង់កាកតែដែលប្រើហើយ និងនៅសើមៗនោះមកជូតដុសឱ្យសព្វលើផ្ទាំងកញ្ចក់នោះ បន្ទាប់មកក៏យកក្រណាត់ស្ងួតមកជូតពីលើមួយសាទៀត តែប៉ុណ្ណឹងស្នាមកខ្វក់ និងស្នាមប្រឡាក់មិនគួរឱ្យបេតីទាំងប៉ុន្មាននោះក៏រលាយបាត់អស់មិនខាន។

3 . កម្ចាត់ក្លិនមិនល្អដែលដិតជាប់ដៃ

សម្រាប់ក្លិនមិនល្អដែលធុំដិតជាប់ដៃ លាងសាប៊ូហើយក៏មិនបាត់ក្លិនទៀតនោះ យើងអាចកែបញ្ហានេះបានយ៉ាងងាយ មិនថាតែក្លិនខ្ទឹមស ឬក្លិនខ្ទឹមក្រហមនោះទេ បងៗគ្រាន់តែយកថង់កាកតែសើមៗមកដុសនៅលើដៃឱ្យសព្វគ្រប់កន្លុកកន្លៀត រួចបន្ទាប់មកក៏លាងដៃនឹងសាប៊ូតាមធម្មតា តែប៉ុណ្ណឹងក្លិនមិនល្អទាំងនោះនឹងបាត់អស់ទៅហើយ។

4 . បឺតយកក្លិនស្អុយក្នុងស្បែកជើង

សម្រាប់ស្បែកជើងដែលមានក្លិនអាប់ដោយសារតែពាក់យូរថ្ងៃ បែកញើសធុំស្អុយរហូតទ្រាំលែងបាននោះ យើងគ្រាន់តែថង់កាកតែដែលប្រើហើយទៅដាក់ហាលថ្ងៃឱ្យស្ងួត ហើយយកទៅដាក់ក្នុងស្បែកជើងដែលធុំស្អុយនោះចោល 1 យប់ ស្អែកឡើងនឹងលែងមានក្លិនស្អុយឱ្យរំខានចិត្តទៀតហើយ។

5 . ការពារច្រែសលើឧបករណ៍ផ្ទះបាយ

បើបងៗស្រ្តីមេផ្ទះខ្លាចឧបករណ៍ក្នុងផ្ទះបានដែលធ្វើពីលោហៈឡើងច្រែសនោះ បងៗអាចការពារបញ្ហានេះជាមុនបាន ដោយយកថង់កាកតែដែលនៅសើមមកជូតគ្រឿងឧបករណ៍ផ្ទះបាយទាំងនោះឱ្យសព្វទាំងខាងក្នុង និងខាងក្រៅ ព្រោះសារធាតុធែននីននៅក្នុងកាកតែនឹងជួយស្រោបពីលើស្រទាប់ក្រៅរបស់ឧបករណ៍ផ្ទះបាយទាំងនោះ ដើម្បីការពារការកើតប្រតិកម្មអុកដេស្សិនដែលធ្វើឱ្យកើតជាច្រែសបាន។

6 . ជួយកាត់បន្ថយកំណកខ្លាញ់នៅលើចាន

ការលាងចានដែលមានប្រឡាក់កំណកខ្លាញ់ច្រើន លែងជារឿងធំ ឬក៏ត្រូវបញ្ចេញកម្លាំងដុសសម្អាតខ្លាំងៗទៀតហើយ គ្រាន់តែទម្លាក់ថង់កាកតែដែលប្រើហើយ 2 – 3 ទៅក្នុងទឹកដែលត្រាំចានទុកលាងទាំងនោះ ហើយទុកចោលបែបនោះប្រមាណជា 15 នាទី ថង់កាកតែទាំងនោះនឹងជួយស្ទាក់ចាប់កំណកខ្លាញ់បាន ដូច្នេះគ្រាន់តែលាងសម្អាតបែបធម្មតា ចានក៏នឹងស្អាតឡើងវិញហើយ។

7 . ជួយបណ្តេញសត្វល្អិត

មិនគួរឱ្យជឿឡើយថា ថង់កាកតែដែលប្រើហើយក៏អាចជួយបណ្ដេញសត្វល្អិតបានដែរ បងៗស្រ្តីមេផ្ទះអាចយកថង់កាកតែដែលប្រើហើយទៅដាក់ហាលឱ្យស្ងួត រួចបន្តក់ទឹកប្រេងក្រអូបក្លិនម៉ង់តុលពីលើ 3 – 4 តំណក់ ហើយយកទៅដាក់ក្នុងឡាំង ក្នុងថតតុ លើធ្នើរដាក់អីវ៉ាន់ និងក្នុងទូទុករបស់របរ ឬយកទៅដាក់នៅត្រង់កន្លែងណាដែលមានសត្វល្អិតមកធ្វើសម្បុក ក៏អាចជួយការពារមិនឱ្យសត្វល្អិតចង្រៃដូចជា ស្រមោច ឬពីងពាងរត់ចេញឆ្ងាយ លែងហ៊ានត្រឡប់មកទៀតដែរ។

បានដឹងរួចរាល់ហើយមែនទេថា ថង់កាកតែដែលយើងឆុងញ៉ាំហើយនោះវាមានប្រយោជន៍យ៉ាងណាខ្លះ ដូច្នេះបន្ទាប់ពីពេលនេះទៅ ក៏កុំបោះចោលអី រក្សាវាទុក ហើយយកទៅប្រើការតាមអ្វីដែលបានរៀបរាប់មកខាងលើ បងៗស្រ្តីមេផ្ទះច្បាស់ជានឹកអស្ចារ្យក្នុងចិត្តជាមួយលទ្ធផលដែលបានឃើញមិនខាន៕

Advertisement