របស់របរ 10 យ៉ាងនៅក្នុងផ្ទះដែលគួរផ្លាស់ប្ដូរស្វាគមន៍ឆ្នាំថ្មី

មិនយូរប៉ុន្មានទៀតទេក៏នឹងផុតឆ្នាំចាស់ ឈានចូលឆ្នាំថ្មីម្ដងទៀតហើយ ឡារ៉ែនជឿថាបងៗស្រ្តីមេផ្ទះទាំងឡាយនឹងត្រូវត្រៀមការរៀបចំតុបតែងផ្ទះសំបែងទទួលស្វាគមន៍ឆ្នាំថ្មីសកលជាមិនខាន ហើយបើសិនបងៗចង់ធ្វើការជម្រះភាពចាស់ៗពីក្នុងផ្ទះដើម្បីឱ្យអ្វីៗវាថ្មីដូចគ្នានឹងឆ្នាំថ្មីដែរនោះ វត្ថុ 10 យ៉ាងតទៅនេះ គឺជាអ្វីដែលបងៗគួរតែផ្លាស់ប្ដូរដើម្បីស្វាគមន៍ឆ្នាំថ្មីហើយ។

1 . ខ្នើយ ៈ ការពិតទៅ យើងគួរតែផ្លាស់ប្ដូរខ្នើយដែលយើងកើយរៀងរាល់ 1 ទៅ 2 ឆ្នាំម្ដង ព្រោះខ្នើយគឺជាវត្ថុដែលប្រមូលសន្សំកោសិកាដែលងាប់ហើយ រួមទាំងជាទីស្នាក់នៅរបស់ធូលីដី និងមេរោគផ្សិតទៀតផង ដូច្នេះទើបវាជារឿងល្អណាស់ បើយើងនាំគ្នាផ្លាស់ប្ដូរខ្នើយថ្មី ដើម្បីឱ្យស្អាតស្រស់ស្រាយ និងមានអនាម័យល្អ។

2 . ពូក ៈ អាយុការប្រើប្រាស់របស់ពូកស្ថិតក្នុងរយៈពេល 7 ដល់ 10 ឆ្នាំ។ ពូករបស់យើងមានការខូចខាតសភាព ដូចជាដាច់រហែក ពុកផុយជាដើម។ បើសិនជាបងៗស្រ្តីមេផ្ទះភ្ញាក់ពីដំណេកឡើងព្រមជាមួយអាការឈឺខ្នង ឈឺចង្កេះនោះ វាអាចជាការបញ្ជាក់ថា ដល់ពេលដែលត្រូវផ្លាស់ពូកថ្មីហើយ។ ជាទូទៅ នៅពេលដែលពូកគេងមានអាយុការប្រើការលើស 7 ឆ្នាំ វាច្រើនតែលែងផ្ដល់ភាពស្រួលសប្បាយដូចកាលពីទើបប្រើថ្មីៗហើយ។

3 . អេប៉ុងលាងចាន ៈ អាយុការប្រើការរបស់អេប៉ុងលាងចានស្ថិតក្នុងរយៈពេលប្រមាណជា 1 ខែ តែវាក៏អាស្រ័យលើការប្រើការថា តើប្រើច្រើនតិចប៉ុនណាដែរ? បើសិនប្រើញឹកញាប់ និងមើលឃើញថា មានក្លិន ឬប្រែពណ៌ ទោះជាប្រើការមិនទាន់បាន 1 ខែក៏ដោយ ក៏ល្មមសមគួរប្ដូថ្មីហើយ។

4 . ជ្រុញ ៈ បងៗស្រ្តីមេផ្ទះគួរតែប្ដូរជ្រុញហើយនៅពេលមើលឃើញថា វាមានការខូចខាត ក្រៅពីនោះ យើងគួរតែបែងចែកប្រភេទជ្រុញទៅតាមអាហារដែលយើងហាន់ ដើម្បីពន្យារអាយុប្រើការ។ ជ្រុញមិនចាំបាច់លាងដោយទឹកក្ដៅ និងសាប៊ូលាងចានទេពេលប្រើប្រាស់រួច និងបើសង្កេតឃើញមានស្នាមកំណក ឬចាស់ពេលហើយ ក៏ត្រូវតែប្ដូរថ្មីហើយ។

5 . កន្សែងពោះគោ(ជូតខ្លួន) ៈ ជាប្រក្រតីយើងគួរប្ដូរកន្សែងជូតខ្លួនថ្មីរៀងរាល់ 2 ឆ្នាំម្ដង តែបើឃើញថា វាមានក្លិន និងលែងស្អាតហើយទោះជាបោកហើយ និងមិនទាន់ដល់ 2 ឆ្នាំក៏ដោយនោះ ក៏គួរតែប្ដូរថ្មីហើយ ឯកន្សែងចាស់នោះគួរយកទៅធ្វើជាកន្ទបជូតជើងក៏បាន។

6 . ថ្នាំផ្សេងៗដែលផុតកំណត់ ៈ បងៗស្រីមេផ្ទះគួរយកថ្នាំសង្កូវមកពិនិត្យមើលថ្ងៃផុតកំណត់ឱ្យបានញឹកញាប់ បើរកឃើញថា ថ្នាំដែលយើងទិញយកមកទុកព្យាបាលបណ្ដោះអាសន្ននៅក្នុងផ្ទះនោះផុតកំណត់ហើយ គួរតែយកទៅបោះចោលភ្លាមទើបជាការល្អ។

7 . ប៊ិចដែលអស់ទឹក ឬសរសេរលែងចេញ ៈ មនុស្សជាច្រើនចូលចិត្តរក្សាទុកប៊ិចពីកន្លែងផ្សេងៗធ្វើអនុស្សាវរីយ៍ ដូចជាប៊ិចដែលបានមកពីពិធីសិក្ខាសាល សណ្ឋាគារ ឬពីអ៊ីវឹនផ្សេងៗ តែប៊ិចទាំងអស់នោះ បើទុកយូរឆ្នាំទៅ វានឹងខូចគុណភាព ដូច្នេះចូរបងៗសាកល្បងប្រមូលយកមកសរសេរលមើល បើសរសេរលែងចេញហើយ ក៏គួរតែបោះចោលហើយ។

Tactile Turn EiMIM Mover and Shaker Pen Review

8 . វត្ថុអំណោយ ឬវត្ថុអនុស្សាវរីយ៍ពីពិធីមង្គលការ ៈ មនុស្សមិនតិចទេចូលចិត្តសន្សំវត្ថុអនុស្សាវរីយ៍ដែលបានមកពីពិធីមង្គលការ ដោយពេលបានមកក៏យកទៅទុកក្នុងថតតុ។ របស់ទាំងអស់ហ្នឹង បើមិនបានប្រើការទេ គួរតែយកទៅបរិច្ចាគ មិនបាច់សន្សំទុកនាំតែពេញផ្ទះទេ ព្រោះកាន់តែយូរទៅ កាន់តែបានមកច្រើនហ្នឹងឯង។

9 . ច្រាសដុសធ្មេញ ៈ យើងគួរប្ដូរច្រាសដុសធ្មេញរៀងរាល់ 3 ទៅ 6 ខែម្ដង និងបើឃើញថា សរសៃច្រាសខូចខាត ឬប្ដូរសភាព ដូចជារីកស្គុយហើយទោះជាមិនទាន់ដល់ពេលត្រូវចោលក៏ដោយ ក៏ត្រូវដែរប្ដូរថ្មីភ្លាមៗដែរៗ។

10 . ជក់ផាត់មុខ ៈ ជក់ផាត់មុខក៏មានអាយុប្រើការដូចគ្នាដែរ ភាគច្រើនជក់ទាំងនោះច្រើនមានអាយុប្រើការប្រមាណជា 2 ឆ្នាំ ឬនៅលើជក់ខ្លះមានសរសេរប្រាប់ថ្ងៃផុតកំណត់ការប្រើប្រាស់ឱ្យដឹង ដែលបងៗស្រ្តីមេផ្ទះគួរតែធ្វើតាមពាក្យណែនាំនោះ ដើម្បីអនាម័យដ៏ល្អ៕

Advertisement