វិធីបោកសម្អាតខ្នើយ ៈ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

ខ្នើយកើយ គឺជាវត្ថុមួយដែលបងៗស្រ្តីមេផ្ទះ និងសមាជិកក្នុងគ្រួសារត្រូវតែប្រើប្រាស់រៀងរាល់ថ្ងៃ និងអ្វីដែលសំខាន់នោះគឺខ្នើយត្រូវប៉ះនឹងផ្ទៃមុខរបស់យើងគ្រប់ពេលដែលយើងគេងសម្រាក ដូច្នេះហើយទើបយើងចាំបាច់ខ្លាំងណាស់ត្រូវតែឧស្សាហ៍បោកគក់សម្អាតឱ្យបានញឹកញាប់ ដើម្បីការពារវត្ថុកខ្វក់ផ្សេងៗទាំងនោះមិនឱ្យមកប៉ះដល់រាងកាយរបស់យើងបាន។ ការបោកសម្អាតខ្នើយកើយ និងខ្នើយគងគឺជារឿងសំខាន់មួយ តែសម្រាប់វិធីការថែទាំក៏មានភាពសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។ ខាងក្រោមនេះគឺជាវិធីបោកសម្អាតខ្នើយតាមបែបផ្សេងដែលបងៗស្រ្តីមេផ្ទះគួរតែយល់ដឹងដើម្បីភាពស្អាតមានអនាម័យ និងសុខភាពល្អរបស់សមាជិកគ្រួសារ និងខ្លួនឯងផ្ទាល់។

– ការបោកសម្អាតខ្នើយថ្មី

សម្រាប់ខ្នើយដែលទើបតែទិញមកថ្មីៗ ចាំបាច់ណាស់ត្រូវតែបោកសម្អាតជាមុនសិន មុននឹងយកមកប្រើ ដោយវិធីការបោកគក់ក៏អាចធ្វើឡើងដោយការប្រើម៉ាស៊ីនបោកគក់បានដែរ។ ដោយមុនដំបូងចូរយកម្សៅសាប៊ូប្រមាណជា 1 កូនពែង លាយជាមួយទឹកថ្នាំដាក់ឱ្យស 1/2កូនពែង និងម្សៅបេកគីងសូដា 1/2កូនពែង ដាក់ត្រាំនៅក្នុងទឹកក្ដៅរយៈពេល 20នាទី រួចហើយសឹមយកទៅដាក់ចូលក្នុងម៉ាស៊ីនបោកគក់ដើម្បីបោកតាមធម្មតា រួចហើយទើបយកទៅដាក់ហាលឱ្យស្ងួត។

– ការបោកសម្អាតខ្នើយធ្វើពីអេប៉ុង

គឺជាខ្នើយដែលមនុស្សជាច្រើនជ្រើសរើសប្រើ តែរឿងដែលសំខាន់នោះគឺ ដោយសារតែវាមិនអាចបោកសម្អាតដោយម៉ាស៊ីនបោកគក់បាន ដូច្នេះហើយទើបត្រូវបោកសម្អាតដោយការដោះស្រោមចេញមកបោកដោយឡែក និងសម្រាប់អេប៉ុងវិញអាចធ្វើការសម្អាតដោយការប្រើម៉ាស៊ីនបូមធូលីចេញ និងបន្ទាប់ពីនោះអាចប្រើផលិតផលកម្ចាត់ស្នាមប្រឡាក់ វែនីស ដើម្បីកម្ចាត់ស្នាមប្រឡាក់ផ្សេងៗ ហើយសឹមលាងចេញដោយទឹកស្អាត និងជូតផ្ដិតដោយកន្សែងពោះគោ រួចហើយទើបយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។

– ការបោកសម្អាតខ្នើយដែលប្រឡាក់ញើសឡើងពណ៌លឿង

សម្រាប់ខ្នើយដែលប្រឡាក់ឡើងពណ៌លឿងនេះគឺជារឿងធំណាស់ តែក៏អាចចាត់ការបញ្ហានេះបានយ៉ាងងាយដែរ ដោយការយកខ្នើយនោះទៅដាក់ត្រាំនៅក្នុងទឹកក្ដៅ រួមទាំងដាក់ម្សៅសាប៊ូ 1ពែង ទឹកសាប៊ូលាងចានមួយពែង ម្សៅបូរែកស៍(អាចរកទិញបាននៅក្នុងហាងផ្សារទំនើប)1/2ពែង ត្រាំទុកចោល 30នាទី រួចហើយទើបបោកគក់នឹងដៃតាមធម្មតា ឬដាក់បោកក្នុងម៉ាស៊ីនរហូតដល់ស្នាមលឿងៗទាំងនោះរលាយបាត់អស់។

– ការបោកសម្អាតខ្នើយដែលដុះផ្សិត

ខ្នើយដែលកខ្វក់ឡើ់ងដុះផ្សិត គឺជារឿងធំមួយទៀតដែលចាំបាច់យ៉ាងខ្លាំងត្រូវតែយកចិត្តទុកដាក់ តែក៏អាចធ្វើការបោកសម្អាតបានដោយងាយដែរ ដោយចាប់ផ្ដើមពីការយកខ្នើយនោះមកដាក់ត្រាំនៅក្នុងទឹកក្ដៅ ហើយបន្ថែមទឹកថ្នាំ ហាយដ្រូជេន ភើរ៍អុកសាយដ៍(Hydrogen Peroxide) 1ពែង បន្ទាប់មកដាក់ទឹកសាជូរចូលទៅ 1/2ពែង រួចត្រាំទុកចោល។ បន្ទាប់ពីនោះមកទើបបន្ថែមម្សៅបេកគីងសូដា និងបន្ថែមទឹកសាជូរចូលទៅទៀត រួចហើយសឹមបន្តក់ទឹកប្រេងក្រអូបចូលទៅបន្តិច។ បន្ទាប់ពីកម្ចាត់មេរោគផ្សិតរួចហើយ ទើបយកទៅបោកសម្អាតតាមប្រក្រតី។

ចំណេះដឹងបន្ថែម

បងៗស្រីមេផ្ទះជាច្រើនតែងនឹកឆ្ងល់ថា ក្នុងការបោកសម្អាតក្រណាត់ផ្សេងៗ ហេតុអ្វីចាំបាច់ត្រូវកំណត់សីតុណ្ហភាពទឹក(ទឹកក្ដៅ)? ព្រោះថា ការបោកគក់ខោអាវ ឬក្រណាត់ផ្សេងៗដោយប្រើទឹកដែលមានសីតុណ្ហភាព 40 អង្សានោះគឺ ដោយសារតែទឹកក្ដៅមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគផ្សេងៗ រួមទាំងអាចកម្ចាត់ស្នាមប្រឡាក់ផ្សេងៗបានយ៉ាងល្អ ដែលនឹងធ្វើឱ្យយើងកាន់តែងាយបោកគក់សម្អាតបានកាន់តែស្អាតឡើងហ្នឹងឯង៕

Advertisement