បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ដាក់ចូលទូទឹកកក

បើសួរថា ទូទឹកកកផ្ទះអ្នកណាខ្លះពេញណែនរកកន្លែងដាក់របស់មិនគ្រាន់ សូមលើកដៃឡើង! ធានាថាបងៗស្រ្តីមេផ្ទះទាំងឡាយច្បាស់ជានាំគ្នាលើកដៃឡើងព្រឹបៗមិនខាន ចំណែកអ្នកគ្រូ ឆវី វិញសូមលើកដៃទាំងពីរឡើងតែម្ដង ព្រោះជាមនុស្សចូលចិត្តធ្វើម្ហូប ទើបមានរបស់របរ និងគ្រឿងគ្រៅទុកក្នុងទូទឹកកកច្រើនណាស់។ ដូច្នេះថ្ងៃនេះអ្នកគ្រូ ឆវី សុំនិយាយពីរឿងរបស់របរដែលមិនចាំបាច់ត្រូវរក្សាទុកក្នុងទូទឹកកក(តែនាងខ្ញុំទុក)ម្ដង ដោយសារតែមូលហេតុថា កាលពីម្សិលមិញនាងខ្ញុំប្រុងយករបស់របរដែលទើបទិញមកពីផ្សារទៅទុកក្នុងទូទឹកកក តែពេលបើកទ្វារទូទឹកកកឡើង ក៏ស្រាប់តែភ្ញាក់ឱ្យព្រើតតែម្ដង ព្រោះស្ទើរតែគ្មាននៅសល់ប្រឡោះសម្រាប់ទុកឡើយ ទើបធ្វើឱ្យនឹកឃើញថា មានអាហារ និងបន្លែផ្លែឈើខ្លះអាចទុកក្រៅទូទឹកកកក៏បានដែរ។

Advertisement

1 . ទឹកឃ្មុំ ៈ យើងអាចទុកនៅក្រៅទូទឹកកកបាន ទោះជាបើកប្រើហើយក៏ដោយ គ្រាន់តែបិទកគម្របដបឱ្យជិតជាការស្រេច។ អ្នកគ្រូ ឆវី ធ្លាប់ទុកទឹកឃ្មុំទាំងនៅក្រៅ និងក្នុងទូទឹកកកហើយ លទ្ធផលឃើញថា ដបទឹកឃ្មុំដែលដាក់នៅក្រៅទូទឹកកកមានស្រមោចលួចចូលទៅស៊ីទឹកឃ្មុំ ព្រោះតែបិទគម្របមិនជិត។ ចំណែកឯដបទឹកឃ្មុំដែលទុកនៅក្នុងទូទឹកកកក៏មានបញ្ហាដែរ គឺពេលយកចេញមកប្រើការ បែរជាខាប់រឹងចាក់មិនចេញ។ នៅពេលវាដូច្នេះ សូមណែនាំឱ្យទុកនៅក្រៅទូទឹកកក ដោយត្រូវជូតដបឱ្យស្អាត បិទគម្របឱ្យជិត ហើយទុកនៅក្នុងចង្រ្កានបាយវិញប្រសើរជាង។

2 . ផ្លែប៉ោម ៈ បើទុកក្នុងទូទឹកកកច្រើនថ្ងៃ ពេលយកមកចិតញ៉ាំ រសជាតិនឹងប្រែប្រួល មិនដូចផ្លែដែលមិនទុកក្នុងទូទឹកកកនោះទេ។ អ្នកគ្រូ ឆវីមិនប្រាកដក្នុងចិត្ត ក៏ចិតមួយផ្លែទៀត រសជាតិប្រែប្រួលដូចគ្នាដដែល។ ចាប់តាំងពីពេលនោះមក អ្នកគ្រូក៏ទុកផ្លែប៉ោមនៅក្នុងកញ្ច្រែង ហើយដាក់លើតុបាយ ដែលធ្វើឱ្យរសជាតិនឹងនៅស្រស់ឆ្ងាញ់ដូចមុន មិនប្រែប្រួលឡើយ ថែមទាំងងាយមើលឃើញ និងដូចជាគ្រឿងលម្អតុបាយទៀតផង តែបើចិតរួចហើយញ៉ាំមិនអស់ អ្នកគ្រូ ឆវី សូមណែនាំឱ្យដាក់ក្នុងស្បោងហើយទុកក្នុងទូទឹកកកណា៎ចា៎ស។

3 . ខ្ទឹមក្រហម ខ្ទឹមស និងខ្ទឹមបារាំង ៈ អាចដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្រ្កានបាយបាន ចំណែកអ្នកគ្រូ ឆវី វិញ ចូលចិត្តទិញបែបគេចងជាបាច់ៗមកព្យួរទុកក្នុងចង្រ្កានបាយ។ ធ្លាប់ភ្លេចខ្លួនយកទៅទុកក្នុងទូទឹកកកដែរ ស្រាប់តែមានផ្សិតដុះឡើងជិត ព្រោះធាតុអាកាសក្នុងទូទឹកកកមានសំណើម។ តែបើបកសម្បកហើយប្រើមិនអស់ គួររក្សាទុកក្នុងប្រអប់ បិទគម្របឱ្យជិតណែនកុំឱ្យក្លិនវាទៅចូលក្នុងអាហារផ្សេងទៀតក្នុងទូទឹកកក។

4 . ទឹកស៊ីអ៊ីវ ទឹកត្រី-ល- ៈ យើងត្រូវបើកប្រើស្ទើរតែរាល់ថ្ងៃ ទើបមិនចាំបាច់ត្រូវទុកក្នុងទូទឹកកកទេ តែអ្នកគ្រូ ឆវីសូមសង្កត់ធ្ងន់លើភាពស្អាតបាតមានអនាម័យ ទើបបន្ទាប់ពីប្រើហើយ ត្រូវជូតដបឱ្យស្អាត និងបិទគម្របឱ្យជិត តែប៉ុណ្ណឹងក៏អស្ចារ្យទៅហើយ។

 

5 . ប្រេងឆា និងប្រេងប្រភេទផ្សេងៗ ៈ មិនបាច់ទុកក្នុងទូទឹកកកទេ។ អ្នកគ្រូ ឆវី ធ្លាប់យកទៅទុកក្នុងហ្នុងហើយ ដល់ពេលយកចេញមកប្រើ ស្រាប់តែឃើញមានដូចជាកករសៗដូចស៊ុតសរបស់មាន់ពេញមួយដបតែម្ដង និងថែមទាំងចាក់មិនចេញ ត្រូវទុកចោលនៅខាងក្រៅឡើងយូរទម្រាំនឹងប្រើបាន ធ្វើឱ្យអស់អារម្មណ៍ លែងចង់ធ្វើម្ហូបតែម្ដង។

6 . មើមដំឡូងជ្វា ដំឡូងបារាំង ដំឡូងឈើ មើមត្រាវ ៈ ក៏មិនចាំបាច់ដាក់ចូលក្នុងទូទឹកកកដែរ គ្រាន់តែដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្រ្កានបាយទៅបានហើយ ធ្វើឱ្យមើមវានៅស្រស់ល្អផង តែបើដាក់ក្នុងទូទឹកកក សម្បកវានឹងទន់ ថែមទាំងបើសិនជាមានស្នាមបែក ឬមុតរយះផងនោះ នឹងធ្វើឱ្យឆាប់ស្អុយរលួយ ឬឡើងខ្មៅទៀតផង។

7 . ត្រឡាច ល្ពៅ -ល- ៈ អាចរក្សាទុកនៅក្រៅទូទឹកកកបាន លើកលែងតែហាន់ជាដុំៗ ឬចំណិតៗហើយ សឹមយកបន្ទះប្លាស្ទិកមករុំខ្ចប់ឱ្យជិតស្អាត រួចយកទៅទុកក្នុងទូទឹកកកចុះ។

8 . តែ ឬម្សៅកាហ្វេ ៈ មិនគួរដាក់ក្នុងទូទឹកកកទេ លើកលែងត្រូវការបំបាត់ក្លិនរបស់វា។ យើងអាចប្រើស្លឹកតែស្ងួត និងម្សៅកាហ្វេដើម្បីកម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកកបាន តែយើងលែងអាចយកវាមកឆុងញ៉ាំបានហើយ ព្រោះក្លិនវាបានប្រែប្រួលអស់ហើយ។

9 . អាហារកំប៉ុងដែលមិនទាន់បើកញ៉ាំ ៈ (លើកលែងតែមានបញ្ជាក់ថា ត្រូវតែដាក់ក្នុងទូទឹកកក) និងក្នុងករណីយបើកកំប៉ុងប្រើហើយ គួរចាក់ចេញមកទុកនៅក្នុងភាជនៈ(ចាន ឬថង់-ល-)ផ្សេង មិនគួរទុកនៅក្នុងកំប៉ុងទៀតទេ ព្រោះកំប៉ុងអាចកើតច្រែះបាន។

ការពិត នៅមានរបស់ជាច្រើនប្រភេទទៀតដែលអាចរក្សាទុកនៅក្រៅទូទឹកកកបាន តែអ្វីដែលប្រាកដនោះគឺ ចង់ទុកនៅក្នុង ឬក្រៅទូទឹកកកក៏ដោយ យើងគួរតែសម្អាតវាឱ្យបានស្អាត ព្រោះវានឹងជួយពន្យារអាយុរបស់អាហារ ឬវត្ថុទាំងនោះបានកាន់តែយូរឡើង៕

Advertisement