វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

ទោះវាជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ត្រូវមាត់ ត្រូវចិត្តមនុស្សភាគច្រើនមែន តែត្រូវតែព្រមទទួលស្គាល់ហើយថា ទុរេន គឺ​ជាផ្លែឈើដែលមានក្លិនខ្លាំងបំផុត ជាពិសេសក្នុងរដូវផ្លែទុរេនកំពុងឱ្យផលបែបនេះ ធ្វើឱ្យអ្នកដែលមិនសូវជាចូលចិត្តក្លិនរបស់វានាំគ្នាស្រែកចាចគ្រប់ៗគ្នា​ ចំណែកអ្នកដែលចូលចិត្តវិញ ត្រូវតែមានជាប់ដៃយកទៅផ្ទះញ៉ាំជុំគ្នាសឹងតែរាល់ថ្ងៃមិនខាន ប៉ុន្តែបើយើងយកទុរេនមកញ៉ាំក្នុងផ្ទះហើយ មិនដឹងពីវិធីកម្ចាត់ក្លិនឱ្យបាត់សូន្យឈឹងទៅវិញនោះ អាចនឹងធ្វើឱ្យនៅក្នុងផ្ទះមានក្លិនមិនគួរឱ្យបេតីអណ្ដែតវិលវល់ពេញក្នុងនោះរហូតធ្វើឱ្យលែងចង់ចូលផ្ទះក៏អាចថាបាន។ ដូច្នេះជម្រើសដែលល្អ គឺនាំគ្នាមកមើលពីវិធីកម្ចាត់ក្លិនទុរេនបែបងាយៗ ដែលអ្នកគ្រូ ឆវី ធានាថា នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះអាចញ៉ាំទុរេនបានបែបសប្បាយៗមិនចាំបាច់ខ្លាចថាមានក្លិននៅជាប់ក្នុងផ្ទះឡើយ។

1 . កាកកាហ្វេ ៈ ដោយសារតែកាកកាហ្វេមានក្លិនឈ្ងុយ និងស្រស់ស្រាយ ដូច្នេះគ្រាន់តែបងៗស្ត្រីមេផ្ទះដាក់កាកកាហ្វេនៅក្នុងកូនចានចង្កឹះ រួចយកទៅដាក់ចោលនៅជ្រុងណាមួយនៅក្នុងបន្ទប់ តែប៉ុណ្ណឹងកាកកាហ្វេនឹងបឺតយកក្លិនខ្លាំងៗរបស់ទុរេនឱ្យបាត់អស់មិនខាន ព្រមទាំងបានក្លិនក្រអូបស្រស់ស្រាយរបស់កាហ្វេមកជំនួសវិញទៀតផង និងបើក្នុងបន្ទប់ណាដែលមានធុំក្លិនទុរេនខ្លាំងក្លានោះ បងៗស្រ្តីមេផ្ទះគ្រាន់តែបន្ថែមបរិមាណកាកកាហ្វេឱ្យច្រើនជាងមុនបន្តិចទៅជាការស្រេច។

2 . ម្សៅប៊េកឃីងសូដា ៈ មិនថាតែក្នុងទូទឹកកក បន្ទប់ម៉ាស៊ីនត្រជាក់ ឬបន្ទប់ដែលគ្មានបង្អួចនោះឡើយ វត្ថុពហុប្រយោជន៍ដូចជាម្សៅប៊េកឃិងសូដាមួយនេះក៏អាចបំបាត់ក្លិនទុរេនបានដែរ ដោយគ្រាន់តែចាក់ដាក់ចាន ឬកំប៉ុង ហើយយកទៅដាក់នៅត្រង់ចំណុចដែលត្រូវការបំបាត់ក្លិន និងឧស្សាហ៍ប្ដូរម្សៅប៊េកឃីងសូដារៀងរាល់ 2 – 3ថ្ងៃម្ដងដើម្បីប្រសិទ្ធភាពដ៏ល្អជាការស្រេច។

3 . ស្លឹកតើយ ៈ ការកម្ចាត់ក្លិនផ្លែទុរេនទុំដោយស្លឹកតើយក៏មិនពិបាកដែរ គ្រាន់តែយកស្លឹកតើយមកបត់ធ្វើជារូបបូ រូបផ្កា ឬចងជាកញ្ចុំ ហើយយកទៅដាក់នៅត្រង់កន្លែងដែលមានធុំក្លិនទុរេន រហូតដល់ក្លិនក្រអូបប្រហើរឈ្ងប់ចាប់ផ្ដើមរសាយ ឬស្លឹកចាប់ផ្ដើមក្រៀមស្រពោន សឹមយកស្លឹកថ្មីមកប្ដូរ។

4 . ក្រូចលេម៉ុន ឬក្រូចឆ្មារ ៈ បងៗស្រីមេផ្ទះគ្រាន់តែពុះផ្លែក្រូចឆ្មារ ឬក្រូចលេម៉ុនជាបន្ទះៗ យកទៅដាក់ក្នុងទូទឹកកក តែប៉ុណ្ណឹងបន្ទះក្រូចឆ្មារក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ទៅហើយ។

5 . បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត ឬនំប៉័ងបន្ទះ ៈ អ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា ក្លិនស្អុយៗនៅក្នុងទូទឹកកកក៏អាចកម្ចាត់បានយ៉ាងងាយដោយរបស់ប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថោក ដូចជាបណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត

និងបន្ទះនំប៉័ង ដោយយើងត្រូវយករបស់ទាំងនេះណាមួយទៅដាក់ក្នុងទូទឹកកក ដែលបើសិនជាក្រដាសកាសែត ក៏ឆ្មូលវាឱ្យទៅជាដុំជាមុនសិន បើជានំប៉័ងបន្ទះ ក៏ប្រើប្រមាណជា 2បន្ទះ និងព្យាយាមប្ដូរឱ្យបានញឹកញាប់ផងទើបជាការល្អ។

6 . តែ ៈ ជាវត្ថុកម្ចាត់ក្លិនទុរេនមួយទៀតដែលឃើញលទ្ធផលច្បាស់ៗតែម្ដង ដោយគ្រាន់តែឆុងទឹកតែដាក់កែវ ហើយយកទៅដាក់ក្នុងទូទឹកកក ឬយកថង់កាកតែដែលឆុងរួចហើយទៅដាក់ក្នុងទូទឹកកកតែម្ដងក៏បាន តែប៉ុណ្ណឹងតែក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ និងថែមទាំងបញ្ចេញក្លិនក្រអូបប្រហើរតិចៗរបស់តែចេញមកទៀតផង។

7 . ដុំធ្យូង ៈ បើនិយាយពីជំនួយការក្នុងការបំបាត់ក្លិន គឺមិនអាចអត់ធ្យូងបានឡើយ។ មិនចាំបាច់ប្រាប់ឡើយថា ធ្យូងឈើអាចកម្ចាត់ក្លិនបានតាំងពីក្នុងទូដាក់ឥវ៉ាន់ ទូទឹកកក រហូតទៅដល់ក្នុងបន្ទប់ផ្សេងៗក្នុងផ្ទះទៀតផង ឯវិធីវិញ ក៏ងាយៗ គ្រាន់តែយកដុំធ្យូងឈើទៅដាក់នៅក្នុងទូទឹកកក បន្តិចក្រោយមករន្ធតូចៗនៅលើដុំធ្យូងក៏នឹងបឺតយកក្លិនមិនល្អទាំងឡាយម្ដងបន្តិចៗរហូតដល់អស់ ដែលវាអាចនឹងប្រើពេលយូរបន្តិច តែប្រាកដជាអាចកម្ចាត់ក្លិនបានល្អមែន។

ក្រៅពីនេះ ការបើកទ្វារ បើកបង្អួច ឬកង្ហារដើម្បីឱ្យខ្យល់អាកាសចេញចូលបានល្អ ក៏អាចជួយកម្ចាត់ក្លិនមិនល្អរបស់ទុរេនចេញបានដូចគ្នាដែរ ដូច្នេះបើដឹងខ្លួនថា ចូលចិត្តញ៉ាំទុរេន តែមិនចង់ឱ្យក្លិនរបស់ទុរេននៅជាប់ក្នុងផ្ទះយូរនោះ ក៏កុំភ្លេចនាំយកវិធីទាំងនេះទៅប្រើណា៎ចា៎ស៕

Advertisement