ពហុប្រយោជន៍របស់សាប៊ូដុំ ដែលមិនមែនមានសម្រាប់តែទុកលាងដៃនោះទេ

ទោះជានាពេលបច្ចុប្បន្នសាប៊ូទឹកបានទទួលការពេញនិយមខ្លាំងជាងសាប៊ូដុំ(សាប៊ូក្រអូប)មែន តែទោះយ៉ាងណាសាប៊ូដុំក៏នៅតែជារបស់ប្រើប្រាស់ដែលត្រូវតែមាននៅក្នុងផ្ទះដដែល ព្រោះក្រៅតែពីសម្រាប់ដុសសម្អាតខ្លួនប្រាណហើយ សាប៊ូដុំនៅមានប្រយោជន៍ល្អៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូច្នេះថ្ងៃនេះ ឡារ៉ែន សុំអនុញ្ញាតឱ្យអ្នកគ្រូ ឆវី នាំយកគុណប្រយោជន៍របស់សាប៊ូដុំមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសបងៗស្រ្តីមេផ្ទះ ដោយអ្នកគ្រូ ឆវីបានលួចខ្សឹបប្រាប់ថា សាប៊ូដុំនេះអាចប្រើប្រាស់បានគ្រប់កន្លុកកន្លៀតនៅក្នុងផ្ទះ ដែលពេលបានដឹងហើយ ច្បាស់ជាប្រញាប់រត់ទៅទិញសាប៊ូដុំយកមកទុកប្រើជាមិនខាន(ហ៊ីសៗ)។

1 . កែបញ្ហាថតតុ ថតទូ ឬទ្វាររុញ តឹងពិបាកបើក-បិទ

បើសិនជាថតតុ ថតទូ ឬទ្វាររុញ(ទៅខាង)តឹងស្អិតរហូតដល់ត្រូវប្រើកម្លាំងកាយខ្លាំងក្នុងការបើក-បិទនោះ សាកល្បងយកសាប៊ូដុំមកដុសចុះឡើងនៅត្រង់គែមថតតុ ឬលើចង្អូរផ្លូវរុញរបស់ទ្វារលមើល៍ ធានាថា បន្ទាប់ពីនោះមកគ្រាន់តែទាញតែបន្តិចក៏នឹងបើក-បិទបានយ៉ាងងាយស្រួល រអិលប្រិល លែងមានបញ្ហាមិនខាន។

2 . បិទរន្ធតូចៗនៅលើជញ្ជាំង

កុំបណ្ដោយឱ្យជញ្ជាំងផ្ទះមានរន្ធ ឬប្រហោងតូចៗច្រើនរហូតដល់មើលទៅលែងស្អាតនោះ គ្រាន់តែជ្រើសរើសយកដុំសាប៊ូណាដែលមានពណ៌ដូចគ្នា ឬស្រដៀងៗនឹងពណ៌ជញ្ជាំងនោះមកដុសខាត់នៅត្រង់រន្ធទាំងនោះរហូតទាល់តែសាច់សាប៊ូចូលពេញរន្ធទាំងនោះ រួចយកម្រាមដៃកៀរសម្អាតឱ្យរាបស្មើ តែប៉ុណ្ណឹងជញ្ជាំងផ្ទះនឹងស្អាតរលោងដូចដើមមិនខាន។

3 . ការពារគ្រឿងសង្ហារិមខូចខាតដោយសារសត្វចិញ្ចឹម

សម្រាប់ស្នាមខ្វាចឆ្កូតរបស់សត្វឆ្មា ឬឆ្កែនៅលើគ្រឿងសង្ហារិមធ្វើពីឈើ ក៏អាចកែខៃឱ្យល្អដូចដើមវិញបានដែរ ដោយគ្រាន់តែយកដុំសាប៊ូមកដុសលើបរិវេណដែលមានស្នាមឆ្កូតនៅលើគ្រឿងសង្ហារិម(តុ កៅអី-ល-)ទាំងនោះជាការស្រេច និងថែមទាំងជាការការពារមិនឱ្យសត្វចិញ្ចឹម(ឆ្មា ឆ្កែ-ល-)ចូលមកជិតទៀតផង ព្រោះសត្វទាំងនោះមិនចូលចិត្តក្លិនសាប៊ូក្រអូបទាំងនោះទេ។

4 . កម្ចាត់ស្នាមកខ្វក់ដែលស្អិតជាប់ណែន

មិនថាតែ ស្នាមប្រឡាក់ខ្លាញ់ ឬស្នាមកខ្វក់ជាប់ស្អិតផ្សេងៗនោះទេ គ្រាន់តែចាក់ទឹកដាក់លើស្នាមប្រឡាក់ទាំងនោះឱ្យសើមជោក រួចហើយយកសាប៊ូដុំមកដុសខាត់រហូតឡើងពពុះ រួចហើយលាងសម្អាតចេញ ក៏អាចកម្ចាត់ស្នាមកខ្វក់ទាំងនោះចេញបានយ៉ាងងាយទៅហើយ។

5 . ជួយឱ្យការដេរប៉ះកាន់តែងាយស្រួលឡើង

សាប៊ូដុំអាចយកមកជួយក្នុងការងារដេរប៉ះប៉ាក់បានច្រើនយ៉ាង មិនថាតែការយកសាប៊ូដុំមកដុសលើក្រណាត់ត្រង់កន្លែងដែលត្រូវដេរ ដើម្បីជួយឱ្យការដេរកាន់តែងាយស្រួល និងរអិលឡើង ឬមុននឹងដេរ អាចយកម្ជុលមកចាក់ៗលើដុំសាប៊ូហើយសឹមយកទៅដេរក៏នឹងធ្វើឱ្យការដេររអិល និងងាយស្រួលដេរដែរ។

6 . បំបាត់ក្លិនស្អុយរបស់ស្បែកជើង

គ្រាន់តែយកក្រដាស់ជូតដៃអនាម័យមករុំខ្ចប់ដុំសាប៊ូ រួចយកទៅដាក់នៅក្នុងស្បែកជើងណាដែលធុំក្លិនស្អុយ ទុកចោលមួយយប់ តែប៉ុណ្ណឹងធានាថា ក្លិនស្អុយនឹងរលាយបាត់សូន្យឈឹង ក្លាយជាមានក្លិនក្រអូបប្រហើររបស់សាប៊ូជំនួសវិញ។

7 . ធ្វើឱ្យសម្លៀកបំពាក់ក្រអូបស្រស់ស្រាយ

ទោះជាមិនបានប្រើការក៏ដោយ តែក៏យើងអាចធ្វើឱ្យសម្លៀកបំពាក់ចាស់ៗនៅរក្សាភាពក្រអូបស្រស់ស្រាយបានរហូតដែរ គ្រាន់តែយកបន្ទះក្រណាត់មួយផ្ទាំងមកខ្ចប់ដុំសាប៊ូ ព្រមទាំងចងឱ្យជាប់ដោយកៅស៊ូកង រួចយកទៅដាក់នៅក្នុងថតទូដាក់ខោអាវ តែប៉ុណ្ណឹងបញ្ហាសម្លៀកបំពាក់ធុំក្លិនអាប់ក៏លែងមានបាត់ទៅហើយ។

8 . បណ្ដេញសត្វល្អិតសត្រូវដំណាំ

សូមប្រាប់នៅពេលនេះទៅចុះថា សាប៊ូដុំក៏អាចបណ្ដេញសត្វល្អិតសត្រូវដំណាំបានដែរ ដោយប្រើវិធីងាយៗគឺ យកដុំសាប៊ូសើមៗទៅដុសនៅលើស្លឹកដើមរុក្ខជាតិ ក៏អាចជួយការពារសត្វដង្កូវ និងសត្វល្អិតសត្រូវដំណាំបានដែរ ឬបើអ្នកណាចង់ធ្វើជាទឹកថ្នាំបណ្ដេញសត្វល្អិត ក៏គ្រាន់តែយកសាប៊ូដុំដាក់ចូលក្នុងដបទឹក ហើយក្រឡុកឱ្យរលាយទៅជាទឹក រួចហើយយកទៅបាញ់នៅលើដើមរុក្ខជាតិដើម្បីបណ្ដេញសត្វបានតែម្ដង។

9 . កម្ចាត់ស្នាមផ្សែងខ្មៅៗនៅគូទឆ្នាំង ឬខ្ទះ

សម្រាប់អ្នកដែលចម្អិនម្ហូបអាហារដោយចង្រ្កានធ្យូង យើងសូមណែនាំឱ្យយកសាប៊ូដុំទៅដុសៗដើម្បីស្រោបលើគូទឆ្នាំង ឬខ្ទះនោះស្ដើងៗមុននឹងយកទៅដាក់ដាំស្ល។ ដល់ពេលយកទៅលាងសម្អាត វានឹងជួយឱ្យងាយស្រួលដុសសម្អាតស្នាមប្រឡាក់ផ្សែងខ្មៅៗដែលនៅជាប់គូទឆ្នាំងនោះបានកាន់តែឆាប់ស្អាតឡើង៕

Advertisement