តិចនិកទុកដាក់ និងការពារម្ហូបអាហារកុំឱ្យឆាប់ខូចរបស់ស្រ្តីមេផ្ទះជនជាតិជប៉ុន

ប្រទេសជប៉ុន ពេលធាតុអាកាសក្ដៅ ក៏ក្ដៅមិនចាញ់ស្រុកយើងប៉ុន្មានដែរ ដូច្នេះហើយទើបស្រ្តីមេផ្ទះជនជាតិជប៉ុនមានតិចនិកល្អៗក្នុងការការពារម្ហូបអាហារកុំឱ្យផ្អូមខូចនៅក្នុងរដូវក្ដៅច្រើនណាស់…បងៗស្រ្តីមេផ្ទះទាំងឡាយអាចសាកល្បងយកមកកែច្នៃប្រើនៅក្នុងស្រុកយើងដើម្បីការពារកុំឱ្យម្ហូបអាហារឆាប់ខូចបានចា៎ស។

1 . ចំហាយទឹក ជើងឯកខាងធ្វើឱ្យម្ហូបអាហារឆាប់ខូច

មុនគេបង្អស់ រឿងដែលត្រូវចាំទុកគឺ រឿងចំហាយទឹកនៅក្នុងម្ហូបអាហារ សំខាន់ខ្លាំងណាស់ ព្រោះវាជាអ្នកដែលធ្វើឱ្យម្ហូបអាហារឡើងជោរទឹកពពាច ជាជើងឯកខាងធ្វើឱ្យម្ហូបអាហារឆាប់ខូច។ ដោយប្រអប់ប្លាស្ទិកដាក់អាហារដែលមានគម្របបិទជិត នៅពេលយើងដាក់ម្ហូបអាហារក្ដៅៗចូលទៅ ធ្វើឱ្យកើតចំហាយទឹក និងទោះជាអាហារមិនក្ដៅក៏ដោយ តែពួកទឹកឆា ទឹកស៊ីអ៊ីវដែលនៅក្នុងម្ហូបអាហារនោះ ពេលនៅក្នុងប្រអប់ និងត្រូវធាតុអាកាសក្ដៅៗ ក៏នឹងធ្វើឱ្យក្ដៅភាយចេញជាចំហាយទឹកបានដូចគ្នា។ ដូច្នេះយើងនាំគ្នាមកមើលពីវិធីងាយៗដែលមិនធ្វើឱ្យកើតមានចំហាយទឹកដូចតទៅ។

2 . អាហារចៀនបំពង មិនងាយខូច

អាហារចៀនបំពងជាអាហារដែលមិនងាយខូចទេ ព្រោះវាស្ងួត មានសំណើមតិចបំផុត បើធៀបនឹងម្ហូបឆាផ្សេងៗដែលមានទឹកគ្រឿងគ្រៅច្រើន ដូច្នេះទើបម្ហូបចៀនបំពង គឺជាជម្រើសដែលល្អមួយក្នុងការទុកដាក់បានល្អ។ ឧទាហរណ៍ ម្ហូបខ្មែរយើងមានដូចជា មាន់ចៀន សាច់ជ្រូកប្រឡាក់ចៀន សាច់ងៀត ជាដើម។

3 . បន្លែស្រុស ត្រូវឱ្យស្ងួតទឹក

ម្ហូប បើមានតែសាច់ក៏នឹងមិនទទួលបានសារធាតុអាហារគ្រប់មុខដែរ ដូច្នេះទើបបងៗស្រ្តីមេផ្ទះជាច្រើនដាក់បន្លែចូលដែរ ទោះជាតិចតួចក្ដី តែក៏សំខាន់ ប៉ុន្តែបន្លែស្រុស បន្លែស្ងោរផ្សេងៗត្រូវតែឱ្យស្រស់ទឹក និងប្រើក្រដាសអនាម័យសម្រាប់ប្រើជាមួយម្ហូបអាហារផ្ដិតឱ្យស្ងួតបានច្រើនបំផុត។ ពេលរៀបចំចូលក្នុងប្រអប់គួរប្រើចានក្រដាសបំបែកជាផ្នែកៗ មិនឱ្យទឹកដែលចេញពីបន្លែទៅប៉ះម្ហូបផ្សេងទៀត(ជួយរក្សាភាពឆ្ងាញ់ឱ្យនៅដដែលបានទៀតផង)។

4 . បន្លែផ្លែឈើ មិនគួរបេះទងចេញទេ

ឧទាហរណ៍ដូចជា ផ្លែប៉េងប៉ោះតូចៗ(ប៉េងប៉ោះចង្កោម) តែបន្លែខ្លះដែលទងវាស្អុយរលួយហើយ ក៏គួរតែបេះចេញ ព្រោះអាចមានមេរោគបាក់តេរីច្រើនជាប់មកជាមួយ ដែលទោះជាលាងយ៉ាងណាក៏មិនអស់ដែរ។

5 . តម ឬចៀសវាងការបន្ថែមវត្ថុរាវ បើមិនចាំបាច់

ក្នុងការរៀបចំតុបតែងម្ហូបដោយផ្លែប៉េងប៉ោះ ឬបន្លែផ្លែឈើណាដែលមានជាតិទឹកច្រើន ការដោតឈើចាក់ ឬពុះជាពីរ ទោះជាមើលទៅឃើញស្អាត និងងាយស្រួលចាប់កាន់ញ៉ាំមែន តែក៏មិនគួរធ្វើបែបហ្នឹងដែរ ព្រោះទឹកដែលនៅក្នុងបន្លែផ្លែឈើទាំងនោះនឹងហូរចេញមក ធ្វើឱ្យម្ហូបនោះឆាប់ខូចបាន។

សម្រាប់ឈើចាក់ដែលទិញមកហើយ មិនបាច់ខ្លាចថា នឹងមិនបានប្រើនោះទេ បងៗស្រ្តីមេផ្ទះអាចយកមកដោតលើម្ហូបផ្សេងៗទៀតបានដូចជា សាច់ក្រក(ហាន់ចំណិតៗ) ពងទាក្រឡុក(កាត់ជាដុំ) ប្រហិត ឬពងក្រួចស្ងោរបានចា៎ស។

6 . ម្ហូបអាហារគ្រប់យ៉ាងត្រូវទុកឱ្យត្រជាក់សិន

ម្ហូបអាហារដែលបងៗស្រ្តីមេផ្ទះត្រូវការដាក់ចូលទៅក្នុងប្រអប់ ពេលចម្អិនរួចរាល់ហើយ គួរដាក់ចានទុក ចាំឱ្យត្រជាក់សិន សឹមរៀបចំដាក់ចូលក្នុងប្រអប់ទុក(បើចង់ញ៉ាំបែបក្ដៅ ពេលញ៉ាំអាចកម្ដៅបាន)។

បាយអង្ករខ្សាយក៏អ៊ីចឹងដែរ ដួសដាក់ចានទុកសិន ហើយបិទដោយបន្ទះផ្លាស្ទិករុំអាហារ ដើម្បីកុំឱ្យបាយស្ងួតរឹង។ ពេលបាយត្រជាក់ហើយ សឹមរៀបចំដាក់ចូលប្រអប់។

បើដួសដាក់ប្រអប់តែម្ដង យើងក៏មានវិធីធ្វើឱ្យបាយដែលត្រជាក់ហើយនោះនៅតែមានភាពឆ្ងាញ់ដែរ ដោយប្រើក្រដាសអនាម័យដែលប្រើក្នុងការធ្វើម្ហូបអាហារមកបិទពីលើ។ វិធីនេះប្រៀបដូចជាការចំហុយចំហាយទឹកដែរ ធ្វើឱ្យបាយនៅទន់ និងពេលបាយត្រជាក់ហើយ ក៏យកក្រដាសអនាម័យចេញ។

ការរៀបចំប្រអប់អាហារបែបជប៉ុន មិនមែនជារឿងពិបាកឡើយ គ្រាន់តែមានចានក្រដាសតូចៗ(មានលក់នៅក្នុងផ្សារទំនើប) និងឈើចាក់ ក៏មើលទៅដូចអាហារជប៉ុនដែរ ទោះជាដាក់ម្ហូបខ្មែរយើងក៏ដោយ។ រឹតតែប្រើតិចនិកការរៀបចំប្រអប់អាហារក្នុងរដូវក្ដៅតាមដែលបានរៀបរាប់មកខាងលើផងនោះ ធានាថា នឹងរក្សាភាពឆ្ងាញ់បានរហូតដល់ពេលត្រូវយកមកញ៉ាំ និងមិនផ្អូមយ៉ាងពិតប្រាកដ ហើយបើនៅផ្ទះមានចង្ក្រានម៉ៃក្រូវេហ្វផងនោះ យកទៅកម្ដៅមុននឹងទទួលទាន អាហារនឹងរឹតតែមានរសជាតិល្អឡើងជាមិនខាន៕

Advertisement