ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

គន្លឹះថ្មីៗល្អៗ 6យ៉ាងក្នុងការបោកគក់សម្លៀកបំពាក់ ប្ដូរការងារពិបាក ឱ្យក្លាយជារឿងងាយ។

បងៗស្រ្តីមេផ្ទះជាច្រើនតែងតែគិតថា ការបោកគក់សម្លៀកបំពាក់គឺជាការងារមួយដែលពិបាក និងប្រើពេលវេលាច្រើន ជាពិសេសចំពោះសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ស្អិតជាប់ណែន សឹងតែបោះចោលតែម្ដង។ តែឈប់សិន! កុំអាលបោះចោលអី ព្រោះថ្ងៃនេះ ឡារ៉ែនមានគន្លឹះថ្មីៗ ល្អៗក្នុងការបោកគក់សម្លៀកបំពាក់មកជម្រាបជូន ទាំងវិធីកម្ចាត់ស្នាមកខ្វក់ដែលគិតថា បោកមិនចេញ វិធីមើលថែទាំខោអាវឱ្យនៅមានទ្រង់ទ្រាយដូចមុនដដែល មានពណ៌ស្រស់ស្អាតដដែល និងពាក់បានកាន់តែយូរឡើង មកជម្រាបជូន និងមានថែមវិធីលាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់យ៉ាងងាយៗមកចែករំលែកជូនទៀតផង។

1 . លាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដោយទឹកថ្នាំខ្ពុរមាត់

បើបងៗស្រ្តីមេផ្ទះសង្កេតឃើញថា ម៉ាស៊ីនបោកគក់ខោអាវនៅក្នុងផ្ទះចាប់ផ្ដើមមានក្លិនមិនល្អ ឬមានស្នាមកខ្វក់ហើយនោះ បញ្ជាក់ថា ដល់ពេលត្រូវលាងសម្អាតវាចេញម្ដងហើយ ដូច្នេះគ្រាន់តែចាក់ទឹកថ្នាំខ្ពុរមាត់ប្រមាណជាកន្លះកែវចូលទៅក្នុងប្រឡោះដាក់ម្សៅសាប៊ូ បន្ទាប់មកក៏ចុចកុងតាក់បើកឱ្យម៉ាស៊ីនធ្វើការតាមធម្មតា។ តែប៉ុណ្ណឹង ទាំងមេរោគផ្សិត និងបាក់តេរីបង្កក្លិនផ្សេងៗនឹងត្រូវសម្លាប់អស់មិនខាន។

2 . កម្ចាត់ស្នាមលឿងៗលើសម្លៀកបំពាក់ដោយថ្នាំ អាស្ពីរីន

ដោយគ្រាន់តែកិនគ្រាប់ថ្នាំអាស្ពីរីន ចំនួន 5គ្រាប់ រួចយកទៅលាយក្នុងទឹក 2លិត្រ រួចហើយយកសម្លៀកបំពាក់ពណ៌សទៅត្រាំ(កុំភ្លេចសង្កត់ឱ្យទទឹកឱ្យសព្វ) ហើយទុកចោលយ៉ាងតិច 8ម៉ោង ដើម្បីរង់ចាំឱ្យជាតិអាស៊ីត សាលីស៊ីលិក ពីគ្រាប់ថ្នាំអាស្ពីរីនបញ្ចេញឫទ្ធិ បន្ទាប់មកសឹមយកមកបោកគក់តាមធម្មតា។ តែប៉ុណ្ណឹង ក៏នឹងជួយឱ្យសម្លៀកបំពាក់នោះត្រឡប់ទៅជាសស្អាតបានបាត់ទៅហើយ។

ក្រៅពីនេះ ថ្នាំអាស្ពីរីន នៅអាចកម្ចាត់ស្នាមប្រឡាក់ឈាមនៅលើខោអាវបានទៀតផង ដោយគ្រាន់តែរំលាយថ្នាំអាស្ពីរីននៅក្នុងទឹកត្រជាក់(ហាមប្រើទឹកក្ដៅជាដាច់ខាត ព្រោះនឹងធ្វើឱ្យស្នាមប្រឡាក់នោះរឹតតែជាប់ស្អិតទៅទៀត) បន្ទាប់មកក៏យកខោអាវដែលប្រឡាក់ឈាមនោះមកត្រាំ។ បើស្នាមប្រឡាក់ឈាមនោះស្ងួត ចូរយកថ្នាំអាស្ពីរីនដែលកិនជាម្សៅមកដុសនៅលើស្នាមប្រឡាក់នោះ ទុកចោល 2ម៉ោង រួចសឹមយកទៅបោកគក់តាមធម្មតា។

3 . មិនគួរហាលយូរពេកទេ

ព្រោះការហាលសម្លៀកបំពាក់ចោលយូរពេក នឹងធ្វើឱ្យសាច់ក្រណាត់ឡើងរឹង ពិបាកអ៊ុត ទោះបីជាឆ្នាំងអ៊ុតមានចំហាយទឹកក៏អ៊ុតឱ្យរាបមិនបានដែរ តែបើសិនជាហាលទុកចោលរហូតដល់ភ្លេចសា និងមានបញ្ហាដូចខាងដើមនោះ ឡារ៉ែនណែនាំឱ្យប្រោះទឹកលើសម្លៀកបំពាក់នោះបន្តិចៗ ក៏អាចជួយឱ្យកាន់តែងាយស្រួលអ៊ុតឡើងដែរ។

4 . ដាក់ស្រោមជើងក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងដាក់បោក

សម្រាប់អ្នកដែលមានបញ្ហា ស្រោមជើងយារ ឬច្រើនតែបាត់អស់ម្ខាងជាប្រចាំនោះ ឡារ៉ែនណែនាំឱ្យដាក់ក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងយកទៅដាក់បោកក្នុងម៉ាស៊ីន ព្រោះវាជាការថែទាំស្រោមជើងឱ្យទុកពាក់បានយូរ និងថែមទាំងមិនធ្វើឱ្យបាត់អស់ម្ខាងក្រោយពេលបោកគក់រួចទៀតផង។

5 . ស្ដារសភាពសម្លៀកបំពាក់រួញដោយសាប៊ូកក់សក់កូនក្មេង

ស្ដារសភាពសម្លៀកបំពាក់ណាដែលរួញដោយការលាយទឹកសាប៊ូកក់សក់ក្មេងជាមួយទឹកក្ដៅឧណ្ហៗនៅក្នុងចានដែក ហើយយកសម្លៀកបំពាក់ដែលរួញនោះមកដាក់ត្រាំទុកចោលប្រមាណ 5 – 10នាទី បន្ទាប់ពីនោះស្រង់ឡើងមកដោយមិនចាំបាច់លាងសម្អាតទេ ហើយយកទៅដាក់លើកន្សែងពោះគោដែលស្ងួត ព្រមទាំងមូររុំចូលគ្នាដើម្បីឱ្យបឺតជាតិទឹកចេញ។ ធ្វើបែបហ្នឹងដដែលៗរហូតទាល់តែសម្លៀកបំពាក់នោះត្រឡប់មកមានខ្នាតដូចដើមវិញ។

6 . ប្រើគ្រីមរំអិលសម្រាប់កោរពុកមាត់លុបស្នាមប្រឡាក់គ្រឿងសម្អាង

បើមានស្នាមគ្រឿងសម្អាងប្រឡាក់ជាប់នៅលើសម្លៀកបំពាក់ ហើយបោកមិនចេញសោះនោះ ចូរយកគ្រីមរំអិលសម្រាប់កោរពុកមាត់មកដុសនៅលើកន្លែងដែលប្រឡាក់ ហើយទុកចោល 10 – 15នាទី មុននឹងយកទៅបោកគក់តាមធម្មតា និងបើសិនធ្វើបែបនោះម្ដងហើយ នៅតែមិនទាន់ជ្រះស្អាតទៀត ចូរធ្វើដូចគ្នាម្ដងទៀត។

សម្លៀកបំពាក់ដែលស្លៀកយូរៗទៅ វាត្រូវតែខូចទ្រង់ទ្រាយ រាងរៅ ឬស្លេកពណ៌ខ្លះៗជារឿងធម្មតា តែយើងអាចពន្យារពេលការប្រើប្រាស់ឱ្យបានយូរឡើងតាមរយៈគន្លឹះល្អៗទាំងអស់ខាងលើដែលវានឹងជួយរក្សាទ្រង់ទ្រាយ និងពណ៌របស់សម្លៀកបំពាក់ឱ្យនៅតែស្អាត ភ្លឺរលោង មើលទៅមិនចាស់ ព្រមទាំងទុកស្លៀកពាក់បានកាន់តែយូរឡើងទៀតផង៕

Advertisement