ចំណេះដឹងពាក់ព័ន្ធនឹងស៊ុតៗដែលធានាថា បងៗស្រ្តីមេផ្ទះដឹងហើយ ច្បាស់ជាមិនលាក់ទុកដឹងតែម្នាក់ឯងទេ

បងៗស្រ្តីមេផ្ទះទាំងឡាយណាដែលចូលចិត្តធ្វើម្ហូបអាហារពីស៊ុតមាន់ ឬស៊ុតទានោះ ថ្ងៃនេះទំព័រចំណេះដឹងស្រ្តីមេផ្ទះនៃទស្សនាវដ្តី ឡារ៉ែនសូមនាំយកចំណេះដឹងល្អពាក់ព័ន្ធនឹងស៊ុតទាំងអស់នោះមកជម្រាបជូន ដែលធានាថា ពេលបានដឹងហើយ បងៗច្បាស់ជាចែករំលែកចំណេះដឹងនេះទៅស្រ្តីមេផ្ទះដូចគ្នាឱ្យបានដឹងដែរជាមិនខាន…។

1 . វិធីពិនិត្យមើលថា តើស៊ុតណាស្អុយ ស៊ុតណានៅល្អ?

នៅពេលដែលបងៗស្រ្តីមេផ្ទះយើងមានស៊ុតឆៅទុកក្នុងទូយូរពេក ហើយថែមទាំងច្រឡំដៃ យកស៊ុតថ្មីៗដែលទើបនឹងទិញមកពីផ្សារទៅទុកលាយឡំជាមួយស៊ុតចាស់ទាំងនោះទៀត…អ៊ើ ពេលនេះវីវរហើយបងៗ…! ព្រោះមើលមិនដឹងថា តើអាណាមួយថ្មី អាណាមួយចាស់ឡើយ ចង់គោះបំបែកមើល ក៏ខ្លាចប៉ះចំស៊ុតស្អុយ ព្រោះក្លិនវាមិនបាច់បរិយាយឡើយថា វាស្អុយប៉ុនណានោះ។ មិនបាច់បារម្ភទេ! ឡា រ៉ែនមានវិធីងាយៗក្នុងការពិនិត្យមើលដើម្បីឱ្យដឹងថា តើស៊ុតមួយណាស្អុយ ស៊ុតមួយណានៅល្អ ដោយគ្រាន់តែធ្វើតាមដូចតទៅនេះ៖

យកស៊ុតទាំងនោះទៅដាក់ក្នុងទឹក ៖ ស៊ុតណាខូច ឬស៊ុតណាស្អុយ វានឹងអណ្តែតឡើង ឯស៊ុតដែលនៅល្អ វានឹងលិចនៅបាតទឹក ” ។

2 . វិធីទុកស៊ុតមាន់-ទាឱ្យបានយូរពី 10 -12ខែ

បងៗអាចរក្សាទុកស៊ុតមាន់ ឬទា បានយូរពី 10 – 12ខែដោយមិនចាំបាច់យកទៅទុកនៅក្នុងទូទឹកកកឡើយ ដោយគ្រាន់តែស្រោបស៊ុតទាំងនោះដោយទឺកប្រេងឆាស្តើងៗពីលើ ដើម្បីការពារកុំឱ្យអុកស៊ីហ្ស៊ែនជ្រៀតចូលទៅក្នុងស៊ុតបានតែប៉ុណ្ណោះ ។

ឯវិធីស្រោបស៊ុត មានដូចតទៅ ៖ សូមពាក់ស្រោមដៃជ័រ រួចបន្តក់ប្រេងឆានៅលើបាតដៃដែលពាក់ស្រោមជ័រនោះបន្តិច លាបឱ្យ​សព្វ​​​​​ពេញបាតដៃ កុំប្រើប្រេងឆាច្រើនពេក រួចយកស៊ុតមកប្រមៀលចុះឡើងលើបាតដៃដែលមានប្រេងឆានោះឱ្យប្រឡាក់សព្វ រួច​​ហើយយកទៅដាក់ក្នុងកញ្រ្ចែងស៊ុតដូចដើមវិញ។ តែប៉ុណ្ណឹងស៊ុតមាន់-ទា ដែលបងៗរក្សាទុកនោះនឹងនៅស្រស់បានយូរដល់ទៅ 10-12ខែឯណោះ។

3 . វិធីស្ងោរស៊ុតមិនឱ្យសាច់ស៊ុតហៀរចេញតាមសម្បកដែលប្រេះបែក

សម្បកស៊ុតប្រេះបែក ហៀរសាច់ស៊ុតចេញមកក្នុងអំឡុងពេលស្ងោរក៏ជាបញ្ហាមួយដែរ ជាពិសេសការស្ងោរស៊ុតម្តងៗច្រើនគ្រាប់ ដើម្បីបក​ដាក់​​​ក្នុងខសាច់​ជ្រូកជាដើម ព្រោះធ្វើឱ្យស៊ុតស្ងោចេញមកមានរូបរាងមិនស្អាត តែឡារ៉ែនមានវិធីល្អៗដើម្បីការពារមិនឱ្យសាច់ស៊ុត​ហៀរចេញតាមសម្បកស៊ុតដែលប្រេះ​បែកនោះ​មកជម្រាបជូន…៖

ដំបូងបង្អស់អ្នកត្រូវជ្រើសរើសយកស៊ុតណាដែលថ្មី សម្បកគ្មានស្នាមប្រេះ និងស្អាត រួចពេលស្ងោរ ចូរដាក់ទឹកឱ្យលិច​ស៊ុតទាំងអស់តាំងពីដំបូង ឯតិចនិកសំខាន់ គឺស្ថិតនៅលើការដាក់ទឹកក្រូចឆ្មារបន្តិចចូលទៅក្នុងទឹកស្ងោរនោះ ព្រោះទឹកក្រូច​ឆ្មារនឹងជួយមិនឱ្យសាច់ស៊ុតហៀរ​ចេញពីសម្បកស៊ុត ឬក៏ដាក់អំបិលចូលទៅក្នុងទឹកស្ងោរនោះប្រហែលមួយស្លាបព្រាបាយ​ក៏បានដូច​គ្នា​ ព្រោះអំបិលវានឹងជួយការពារមិនឱ្យសាច់​ស៊ុត​​ហៀរចេញមកតាមស្នាមប្រេះនៅលើសម្បកហ្នឹងឯង។

4 . វិធីពុះស៊ុតឆ្អឹនបកហើយ ឱ្យស្អាតគួរចង់ទទួលទាន

ការពុះស៊ុតស្ងោរឆ្អឹនដែលបកសម្បកស្អាតហើយដោយកាំបិត គឺជាវិធីធម្មតាទូទៅដែលបងៗស្រ្តីមេផ្ទះអាចប្រើជាប្រចាំ តែបងៗដែលសង្កេតទេថា ស៊ុតដែលពុះហើយនោះ ជួនកាលមិនស្មើគ្នា ជួនកាលដាច់បាក់ជាកំណាត់ៗ និងជួនកាលស៊ុតក្រហមជាប់នឹងផ្លែកាំបិតក៏មានដែរ…តែមានវិធីដ៏ងាយបំផុតមួយ ក្នុងការពុះស៊ុតស្ងោរឱ្យនៅស្អាតដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ ដោយគ្រាន់តែបងៗមានខ្សែអំបោះ​នីឡុងមួយសរសៃតូចប៉ុណ្ណោះ។

យកចុងខ្សែម្ខាងទៅចងឱ្យជាប់នឹងអ្វីក៏បាន ដូចជាទូដាក់ម្ហូប ឬដែកគោលវីសដែលមួលជាប់​នឹង​ជញ្ជាំង​នៅក្នុងចង្រ្កានក៏បាន រួចហើយចាប់ទាញចុងម្ខាងទៀតឱ្យតឹងដោយដៃម្ខាង ហើយយកស៊ុតស្ងោរឆ្អឹន​​បក​​​​​​​សម្បក​ហើយនោះមកកាន់ដាក់ពីក្រោមខ្សែ រួចទាញសង្កត់ខ្សែពុះចុះក្រោម…បងៗនឹងបានស៊ុតស្ងោរដែលពុះជា 2 ហើយយ៉ាងស្អាត ស្មើគ្នាត្រឹមគួរឱ្យទទួលទានជាមិនខាន​ ។

5 . ស៊ុតមាន់ ឬទា ក៏អាចព្យាបាលស្នាមរបួសរលាកទឹកក្តៅបានភ្លាមៗដែរ

បងៗស្រ្តីមេផ្ទះដែលចូលចង្ក្រានដាំស្លអាចនឹងមានពេលខ្លះភ្លាត់ភ្លាំង ឬធ្វើទឹកក្តៅកំពប់ បណ្តាលឱ្យរលាកដៃខ្លួនឯង ឬច្រឡំលូកដៃទៅប៉ះនឹងឆ្នាំងដែលកំពុងក្តៅខ្លាំង នាំឱ្យរលាកក្តៅក្រហាយផ្សាបាន ដូច្នេះខាងក្រោមនេះ គឺជាវិធីព្យបាលបន្ទាន់ភ្លាមៗនៅពេលដែលបងៗ ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវរលាកដោយរបស់ដែលក្តៅខ្លាំង។

ដោយគ្រាន់តែបងៗយកស៊ុតមកគោះបំបែកយកតែស៊ុត-ស មកលាបនៅលើកន្លែងដែលរលាក ហើយទុកចោលរហូតស្ងួតដោយខ្លួន​ឯង និងរង់ចាំមួយស្របក់ធំទៀត សឹមលាងចេញដោយទឹកស្អាត កន្លែងដែលរលាកនោះនឹងគ្មានស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ។

តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-ស ចូរកុំឱ្យកន្លែងរលាកនោះប៉ះទឹកត្រជាក់ ឬវត្ថុអ្វីមុនឱ្យសោះ និងកុំកេះ ឬអេះពេល​ដែលស៊ុត-សជិតស្ងួត ព្រោះវាអាចធ្វើឱ្យរបកស្បែកមកជាមួយបាន៕

Advertisement