គន្លឹះល្អៗ សម្រាប់បងៗស្រ្តីមេផ្ទះដែលមិនសូវមានពេលច្រើនក្នុងការឡើងផ្សារ

បងៗស្រ្តីមេផ្ទះដែលមានផ្ទះនៅឆ្ងាយពីផ្សារ ឬមិនសូវមានពេលឡើងផ្សារដើម្បីទិញម្ហូបអាហារប្រចាំថ្ងៃមកធ្វើឱ្យសមាជិកគ្រួសារបានបរិភោគថ្មីៗនោះ ពេលនេះមិនបាច់បារម្ភទៀតទេ ព្រោះ ឡារ៉ែនយើងមានគន្លឹះល្អៗក្នុងការថែររក្សាទុកដាក់ម្ហូបអាហារដែលបងៗបានទិញមកពីផ្សារដើម្បីទុកធ្វើពិសាឱ្យបានយូរនោះមកជម្រាបជូនដូចខាងក្រោមនេះ។

វិធីដាំបាយឱ្យទុកហូបបានយូរមិនជូរផ្អូម

បើសិនបងៗស្រ្តីមេផ្ទះណាមិនសូវមានពេល និងជាប់រវល់មមាញឹកក្នុងការងារ និងចង់ដាំបាយតែម្ដងទុកញ៉ាំបានយូរថ្ងៃនោះ យើង មានវិធីដាំបាយដើម្បីទុកទទួលទានឱ្យបានច្រើនថ្ងៃ ដោយមិនឱ្យបាយនោះជូរផ្អូម ឬខូចគុណភាពមកជំរាបជូនដូចតទៅ៖ វិធី គឺសែនងាយបំផុត បន្ទាប់ពីលាងសម្អាតអង្កររួចហើយ ចូរដាក់ទឺកសាជូចូលទៅផង ក្នុងអត្រា បើអង្ក 3កំប៉ុង ត្រូវប្រើទឹកសាជូ​ប្រមាណមួយស្លាបព្រាកាហ្វេ រួចហើយដាក់ដាំតាមធម្មតា។ ត្រឹមតែប៉ុណ្ណឹង បងៗនឹងបានបាយឆ្អឹនដែលដួសពិសាហើយដួ​សពិសាទៀត រួច​ទុកចោលនៅក្នុងឆ្នាំង 4-5ថ្ងៃ ក៏មិនខូច មិនផ្អូម មិនជោរទឹក និងទុកពិសាបានច្រើនថ្ងៃជាមិនខាន។​

វិធីរក្សាទុកស៊ុតមាន់-ទាឱ្យបានយូរពី 10-12ខែ

ស៊ុតមាន់ អាចរក្សាទុកបានយូរពី 10-12ខែ ដោយមិនចាំបាច់ទុកនៅក្នុងទូទឹកកកឡើយ ដោយគ្រាន់តែស្រោបស៊ុតទាំងនោះដោយទឺកប្រេងឆាស្តើងៗដើម្បីការពារកុំឱ្យអុកស៊ីហ្ស៊ែនជ្រៀតចូលទៅក្នុងស៊ុតបានតែប៉ុណ្ណោះ។

វិធីស្រោបស៊ុត ៖ សូមពាក់ស្រោមដៃជ័រ រួចបន្តក់ប្រេងឆានៅលើបាតដៃដែលពាក់ស្រោមជ័រនោះបន្តិច លាបឱ្យ​សព្វ​​​​​ពេញបាតដៃ (កុំប្រើប្រេងឆាជោកពេក) យកស៊ុតមកប្រមៀលចុះឡើងលើបាតដៃដែលមានប្រេងឆានោះឱ្យប្រឡាក់សព្វ រួច​​ហើយយកទៅដាក់ក្នុងកញ្រ្ចែងស៊ុតដូចដើមវិញ។ តែប៉ុណ្ណឹងស៊ុតមាន់-ទា ដែលលោកអ្នកទិញមកពីផ្សារច្រើនៗនោះនឹងអាចរក្សាទុកបានយូរដល់ទៅ 10-12ខែ​ហើយ ឯណោះ។

វិធីទុកផ្លែក្រូចឆ្មារឱ្យបានយូរ

វិធីរក្សាផ្លែក្រូចឆ្មារទុកឱ្យនៅស្រស់បានយូរនោះ គោលការណ៍ចម្បង គឺធ្វើយ៉ាងណាឱ្យសម្បកផ្លែក្រូចឆ្មារបាត់បង់សំណើមតិចបំផុតហ្នឹងឯង។ មានវិធីជាច្រើនក្នុងការថែរក្សាទុក ដូច្នេះស្រេចតែបងៗស្រឡាញ់ចូលចិត្តវិធីណាមួយ ឬងាយស្រួលជាមួយវិធីណាមួយ សូមធ្វើតាមចំណង់ចំណូលចិត្ត​ចុះ (បានលទ្ធផលល្អគ្រប់វិធី)៖

  1. ប្រើក្រដាសខ្ចប់ ដោយខ្ចប់បំបែកគ្នាមួយផ្លែៗ រួចដាក់ក្នុងថង់ប្លាស្ទិក ចងមាត់ឲ្យជិត ហើយដាក់នៅក្នុងទូទឹកកកក្នុងកន្លែងធម្មតា។ វិធីនេះងាយស្រួលធ្វើ និងអាចរក្សាទុកបានរាប់ខែ។
  2. កប់ទុកនៅក្នុងធុងដីខ្សាច់ ដោយស្រោចទឹកឱ្យសើមល្មម កុំឱ្យជោកជាំពេក វិធីនេះអាចរក្សាផ្លែក្រូចឆ្មារទុកបាន 3ខែ។
  3. ដាក់ផ្លែក្រូចឆ្មារក្នុងថង់ផ្លាស្ទិកដែលមានចោះរន្ធឱ្យខ្យល់ចេញចូលបានខ្លះ រួចទុកនៅក្នុងទូទឹកកកក្នុងកន្លែងធម្មតា។  វិធីអាចរក្សាទុកបាន 1ខែ។
  4. វិធីចុងក្រោយ ច្របាច់យកតែទឹក ដាក់ចូលក្នុងដប បិទគម្របឱ្យជិត ដាក់ក្នុងទូទឹកកកក្នុងកន្លែងកក ពេលចង់ប្រើ ក៏យកចេញមក ទុកឱ្យវារលាយជាមុនសិន។ ធានាថា រសជាតិទឹកក្រូចឆ្មារនៅដដែល100%។

វិធីរក្សាទុកស្លឹកជី-បហោ ស្លឹកជីនាងវង ទុកប្រើបានយូរ

ពពួកបន្លែស្លឹក ដូចជាស្លឹកជី បហោ ឬ ស្លឹកជីនាងវងជាដើម ជាបន្លែស្លឹកដែលងាយខូច និងងាយរលួយណាស់ បើ​ចៃដន្យបងៗទិញមកច្រើនជ្រុលពេក ហើយចង់រក្សាទុកប្រើឱ្យបានច្រើនថ្ងៃ​នោះ ចូរបេះយកស្លឹកចេញពីមែក ដាក់សំដឹលឱ្យ​ស្រស់ទឹក (មិនបាច់លាងទឹកទេ ហើយក៏កុំភ្លេចខ្លួនដាក់ហាលរហូតឡើងស្ងួតក្រៀមដែរ) រួចហើយយកមកដាក់ចូលក្នុងថង់ប្លាស្ទិក ចងមាត់ថង់ឱ្យណែន ឱ្យមានខ្យល់នៅខាងក្នុងថង់ខ្លះ បន្ទាប់មកយកទៅទុកក្នុងទូទឹកកកក្នុងកន្លែងដាក់បន្លែធម្មតា។ វិធីនេះនឹងអាចរក្សាទុកបានយូរថ្ងៃ​។

ការរក្សាទុកសាច់ជ្រូក

ការថែរក្សាសាច់ជ្រូកដើម្បីទុកសម្រាប់ធ្វើម្ហូបឱ្យបានច្រើនថ្ងៃនោះ គួររក្សាទុកនៅក្នុងកន្លែងកកក្នុងទូទឹកកក តែពេលយក​ចេញមកដើម្បីធ្វើម្ហូប សាច់ជ្រូកដែលកកមួយដុំធំនោះនឹងពិបាកក្នុងការកាត់យកតាមតម្រូវការខ្លាំងណាស់ ឬមិនដូច្នោះទេក៏ត្រូវរង់ចាំ​យូរណាស់ ទម្រាំតែវាទន់វិញ ឬពេលខ្លះប្រញាប់ផងនោះ ក៏យកទៅដាក់ត្រាំក្នុងទឹក ធ្វើឱ្យសាច់ជ្រូកបាត់បង់គុណប្រយោជន៍ខាង​អាហារអស់។ ដូច្នេះពេលទិញសាច់ជ្រូកមកហើយ គួរលាងវាឱ្យស្អាត រួចកាត់ជាដុំៗធំល្មមទុកសម្រាប់ធ្វើម្ហូបមួយពេលៗរួចជាស្រេច បន្ទាប់មកដាក់ក្នុងថង់ប្លាស្ទិកដាច់ដោយឡែកពីគ្នា រួចយកទៅដាក់ក្លាស្សេទុកនៅក្នុងទូទឹកកក។ នៅពេលត្រូវធ្វើម្ហូប ក៏យកចេញមកមួយដុំ ទុកឱ្យបាត់កក ឬបើប្រញាប់អាចដាក់ត្រាំទឹកបាន តែចូរត្រាំទាំងថង់ប្លាស្ទិក…ធ្វើបែបនេះ​ពិតជាងាយស្រួលមែន៕

Advertisement