ប្រយោជន៍ល្អៗផ្សេងទៀតរបស់វត្ថុប្រើប្រាស់ក្នុងផ្ទះដែលបងៗស្រ្តីមេផ្ទះគួរដឹង…

Young smiling woman wearing rubber protective yellow gloves cleaning the stove with a rag and spray bottle detergent. Home, housekeeping concept. Looking at the camera

វត្ថុ និងរបស់របរនៅក្នុងផ្ទះជាច្រើនដែលយើងប្រើប្រាស់រាល់ថ្ងៃ ជាពិសេសគ្រឿងផ្សំអាហារ និងវត្ថុប្រើប្រាស់នៅក្នុងផ្ទះបាយ ជួនកាលបងៗស្ត្រីមេផ្ទះទាំងឡាយអាចនឹងមិនបានដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់វត្ថុទាំងនោះឡើយ ដូច្នេះថ្ងៃនេះ អ្នកគ្រូឆវីនឹងជម្រាបជូនបងៗស្ត្រីមេផ្ទះទាំងអស់អំពីគុណប្រយោជន៍ល្អៗមួយផ្សេងទៀតរបស់វត្ថុទាំងនោះ ដែលធានាថា នៅពេលបានដឹងហើយ បងៗច្បាស់ជាលាន់មាត់ថា វ៉ាវ!! មិនខាន។

1 . កាកកាហ្វេស្រស់

អ្នកដែលឈ្លក់វង្វេងនឹងក្លិន និងរសជាតិរបស់កាហ្វេស្រស់ ហើយច្រើនតែឆុងកាហ្វេស្រស់ញ៉ាំដោយខ្លួនឯងនៅផ្ទះជាប្រចាំនោះ ចាប់ពីពេលនេះតទៅ សូមកុំអាលបោះកាកកាហ្វេស្រស់នោះចោលអី ព្រោះយើងអាចយកវាមកដាក់ក្នុងកែវ ឬកូនចាន ហើយយកទៅ​ដាក់​​នៅ​​​​​ក្នុង​​​​ទូទឹកកកដើម្បីបំបាត់ក្លិនអាប់ និងក្លិនចំណីអាហារនៅក្នុងទូទឹកកកបាន។ ចូរឧស្សាហ៍ដូរកាកកាហ្វេថ្មីរៀងរាល់ 2 សប្តាហ៍​​​​​​​​​​​​​​ម្តង ដើម្បីឱ្យក្លិនក្នុងទូទឹកកកនៅតែស្រស់ថ្លាជានិច្ច។

2 . ទឹកខ្មេះ

ទឹកខ្មេះ-សនៅក្នុងចង្រ្កានបាយក៏ជាទឹកថ្នាំលាងសម្អាតវត្ថុប្រើប្រាស់ផ្សេងៗដ៏ល្អអស្ចារ្យមួយ មិនចាញ់ទឹកសាប៊ូលាងសម្អាតប្រភេទផ្សេងទៀតដែលមានដាក់លក់នៅក្នុងផ្សារឡើយ។ យើងអាចយកវាមកជូតកញ្ចក់ឱ្យថ្លាភ្លឺរលោង ឬយកមកលាងសម្អាត​ស្នាម​ក្អែលខ្មៅនៅក្នុងបន្ទប់ទឹកក៏បាន ឬអាចប្រើជូតសម្អាតរបស់ប្រើប្រាស់ដែលធ្វើពីដែកអុីណុក ឬក៏លាងសម្អាតអាងងូតទឹក ព្រមទាំងប្រើសម្រាប់បោកសម្អាតវាំងននដែលបាំងក្នុងបន្ទប់ទឹកដែលមានស្នាមក្អែលខ្មៅបានយ៉ាងស្អាតទៀតផង។

3 . ទឹកកក

អាចជាវិធីដែលមើលទៅរាងចម្លែកបន្តិច តែភាពត្រជាក់របស់ទឹកកកអាចជួយទប់ស្កាត់ភាពកខ្វក់មិនឱ្យរីករាលដាលពាសពេញលូបង្ហូរទឹកស្អុយនៅក្នុងផ្ទះបាន។ បន្ទាប់ពីចាក់បង្ហូរទឹកកក ឬទឹកត្រជាក់ចូលទៅក្នុងលូទឹកបង្ហូរទឹកស្អុយនោះហើយ លោកអ្នកគួរចាក់ទឹកក្រូចឆ្មារ រួមទាំងសម្បក ឬទឹកខ្មេះចូលទៅក្នុងលូទឹកនោះទៀតផង ដើម្បីបំបាត់ក្លិន និងត្រូវធ្វើបែបហ្នឹងរៀងរាល់ 2-3សប្តាហ៍ម្តង ទើបជាការប្រសើរ។

4 . ក្រដាសកាសែត

ក្រៅពីក្រដាសកាសែតអាចប្រើសម្រាប់ជូតកញ្ចក់បានយ៉ាងស្អាតភ្លឺថ្លាគ្មាននៅសល់ស្នាមប្រឡាក់ហើយនោះ ក្រដាសកាសែតនៅអាច​​​ជួយបំបាត់ក្លិនអាប់នៅក្នុងកាបូប ឬស្បែកជើង និងអាចលុបបំបាត់ក្លិនស្អុយក្នុងធុងសំរាមបានទៀតផង។ វិធីប្រើការ ក៏ងាយបំផុតទៀត គ្រាន់តែញីច្របាច់ក្រដាសកាសែតឱ្យមូរចូលគ្នាមួយដុំ រួចញាត់ចូលទៅក្នុងស្បែកជើង កាបូប ឬធុងសំរាមដែលមានក្លិនស្អុយនោះ រួចទុកចោលដើម្បីឱ្យវាបឺតយកក្លិនស្អុយទាំងនោះចេញឱ្យអស់។ តែបើសិនជាវានៅតែស្អុយទៀត ចូរប្តូរក្រដាសកាសែតថ្មីជារឿយៗ រហូតទាល់តែក្លិនរលាយ​បាត់អស់។

5 . ចង្រ្កានម៉ៃក្រូវេហ្វ

តើបងៗស្ត្រីមេផ្ទះទាំងអស់ដឹងទេថា ចង្រ្កានម៉ៃក្រូវេហ្វអាចសម្លាប់មេរោគក្នុងក្រណាត់អេប៉ុងលាងចានរបស់យើងបានស្អាតហ្មត់ចត់ដល់ទៅ 99.99% ឯណោះ។ គ្រាន់តែបោកសម្អាតក្រណាត់អេប៉ុងលាងចាននោះដោយទឹកស្អាត ហើយយកទៅដាក់ចំហុយស្អួតនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វប្រមាណជា 3នាទី(តែត្រូវមើលឱ្យច្បាស់ផងថា ក្រណាត់អេប៉ុងនោះគ្មានលាយជាតិលោហ) ហើយក្រៅពីនេះយើងនៅ​អាច​​​យកជ្រុញឈើទៅសម្លាប់មេរោគដោយវិធីដូចគ្នានេះបានដែរ។

6 . បន្ទាប់ពីការប្រើចង្រ្កានម៉ៃក្រូវេហ្វរួចហើយ

យើងត្រូវសម្អាតចង្រ្កានម៉ៃក្រូវេហ្វនោះម្តង ដោយចាក់ទឹកចូលក្នុងកូនចានតូច​មួយ ហើយច្របាច់ទឹកក្រូចឆ្មារចូល និងដាក់សម្បកវាចូលទៅផង បន្ទាប់ពីនោះក៏យកទៅដាក់ចំហុយស្ងួតនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វនោះប្រមាណជា 5នាទីដោយមិនបាច់បិទគម្របឡើយ។ នៅពេលគ្រប់ 5នាទីហើយ ចូរយកក្រណាត់ស្អាតមកជូតស្នាមកខ្វក់ដែលដិតជាប់នៅខាងក្នុងចង្រ្កានម៉ៃក្រូវេហ្វនោះឱ្យស្អាត   តែប៉ុណ្ណឹងក្លិនអាហារ និងស្នាមកខ្វក់ដែលប្រឡាក់ជាប់ស្អិតទាំងប៉ុន្មាននឹងរលាយបាត់អស់ជាមិនខាន។

នៅមានរបស់របរជាច្រើនទៀតដែលមានគុណប្រយោជន៍ល្អៗផ្សេងទៀតក្រៅពីគុណប្រយោជន៍ចម្បងរបស់វា…ដូច្នេះសូមបងៗស្រ្តីមេផ្ទះទាំងអស់រង់ចាំតាមដាននៅលេខក្រោយទៀត៕

Advertisement