គន្លឹះនៃការចម្អិនអាហារ “បន្លែ” ឱ្យរក្សាបានសារធាតុអាហារបានច្រើនបំផុត

ការចម្អិនបន្លែជាអាហារនេះ រឿងសំខាន់បំផុតគឺ គួរប្រើភ្លើងខ្លាំង និងចម្អិនយ៉ាងឆាប់រហ័ស ព្រោះវានឹងធ្វើឱ្យមិនបាត់បង់គុណតម្លៃខាងសារធាតុអាហារច្រើន។ ការបន្ថែម “ទឹកខ្មេះ” ចូលទៅបន្តិចបន្តួចមិនត្រឹមតែជាការបង្កើនរសជាតិរបស់ម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការថែរក្សាវីតាមីន C បានទៀតផង ហើយការប្រើប្រាស់ឧបករណ៍ផ្ទះបាយសម្រាប់ឆា ឬស្ងោរបន្លែវិញ ក៏គួរប្រើឧបករណ៍ពពួកដែក ដូចជាខ្ទះដែក ជាដើម ដែលវានឹងជួយឱ្យបាត់បង់វីតាមីនអស់តិចបំផុត។

ការស្ងោរ

  1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានសម្រាប់ការស្ងោរបន្លែ។
  2. រង់ចាំឱ្យទឹកពុះខ្លាំង សឹមដាក់បន្លែចូលទៅ និងមិនគួរទុកឱ្យទឹកពុះ ឬរម្ងាស់យូរឡើយ។
  3. បិទគម្របឆ្នាំងគ្រប់ពេល ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែឆាប់ឆ្អិន។
  4. បន្លែពណ៌បៃតង ចូរស្រុស ឬដាក់ចូលនៅពេលទឹកពុះ រួចរង់ចាំឱ្យទឹកពុះម្ដងទៀត ទើបដួសឡើងតែម្ដង។
  5. បើជាបន្លែមើមវិញ គួរដាំទឹកឱ្យពុះ រួចបន្ថយភ្លើងបន្តិច ហើយយកបន្លែដែលត្រៀមរួចជាស្រេចដាក់ចូលទៅទាំងមូល ឬហាន់ជាដុំៗក៏បាន។
  6. បើបន្លែដែលយើងត្រូវការស្ងោរ ឬស្រុសមានបរិមាណច្រើន ចូរបែងជាចំណែកៗ មិនគួរយកទៅដាក់ស្ងោរ ឬស្រុសដំណាលគ្នាច្រើនៗទេ ព្រោះបើមានបរិមាណច្រើនជ្រុលពេក នឹងត្រូវប្រើពេលវេលាយូរ ហើយនឹងធ្វើឱ្យបាត់បង់គុណតម្លៃនៃសារធាតុអាហារអស់ច្រើនទៀតផង។

ការឆា

  1. ត្រៀមគ្រឿងផ្សំគ្រប់យ៉ាងឱ្យរួចជាស្រេច ដោយសារតែបន្លែដែលដាក់ឆានៅក្នុងខ្ទះរឹតតែយូរ រឹតតែបាត់បង់គុណតម្លៃនៃសារធាតុអាហារ និងភាពស្រួយឆ្ងាញ់ប៉ុននោះដែរ។
  2. ធ្វើឱ្យបន្លែស្ងួត ឬស្រស់ទឹកឱ្យបានច្រើនបំផុត ព្រោះបើនៅមានទឹកនៅជាប់លើបន្លែច្រើន(ជាពិសេសបន្លែស្លឹក)រឹតតែធ្វើឱ្យប្រើរយៈពេលនៃការឆាយូរឡើង ថែមទាំងបាត់បង់គុណតម្លៃនៃសារធាតុអាហារ និងភាពឆ្ងាញ់អស់ទៀតផង។
  3. មុនចាប់ផ្ដើមឆា គួរដាក់ខ្ទះនៅលើភ្លើងឱ្យក្ដៅសព្វជាមុនសិន។
  4. ធ្វើការញែកបំបែក ឬដាក់ផ្នែកណារបស់បន្លែដែលក្រឆ្អិនចូលឆាមុនគេ ដូចជា មែកបន្លែ និងដើម រួចសឹមដាក់ស្លឹកចូលទៅ ដាក់គ្រឿងឆាប់ៗ និងឆ្អិនហើយប្រញាប់ដួសឡើងពីខ្ទះ ហើយប្រញាប់ទទួលទានភ្លាមៗ។

ការរម្ងាស់ឱ្យផុយ

  1. ហាន់បន្លែទំហំធំល្មម មិនធំជ្រុលពេក ព្រោះអាចនឹងធ្វើឱ្យក្រឆ្អិន។
  2. ដាក់បន្លែស្លឹកចូលទៅក្រោយគេ ព្រោះវាឆាប់ផុយ។
  3. បិទគម្របឆ្នាំងឱ្យជិត។

ការចំហុយ

  1. ត្រូវដាំទឹកឱ្យពុះជាមុនសិន រួចសឹមដាក់បន្លែដែលត្រូវការចំហុយចូលទៅដើម្បីកុំឱ្យបន្លែប៉ះនឹងកម្ដៅយូរជ្រុលពេក។
  2. បិទគម្របឆ្នាំងឱ្យជិត ការពារកុំឱ្យចំហាយទឹកភាយចេញមកក្រៅ ព្រោះនឹងធ្វើឱ្យបាត់បង់កម្ដៅនៅខាងក្នុង និងធ្វើឱ្យអាហារក្រឆ្អិន៕
Advertisement