ប្រយោជន៍ផ្សេងទៀតរបស់វត្ថុប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះដែលស្រ្តីមេផ្ទះគួរដឹង (ត)

7 . អំបិល

យើងអាចសម្អាតស្នាមប្រឡាក់ខ្មៅៗនៅលើគ្រឿងរបស់ប្រើប្រាស់ដែលធ្វើពីទង់ដែងឱ្យភ្លឺស្អាត ដោយគ្រាន់តែលាយទឹកខ្មេះជាមួយ​នឹងអំបិលប្រមាណជា 3ស្លាបព្រាបាយ រួចចាក់ចូលទៅក្នុងកំប៉ុងបាញ់ទឹក(ស្រ្បៃយ៍) រួចហើយយកទៅបាញ់នៅលើរបស់របរដែលធ្វើពី​ទង់ដែង​នោះឱ្យសព្វ ទុកចោលមួយស្របក់ ហើយសឹមជូតចេញដោយក្រណាត់ស្អាត។ តែប៉ុនហ្នឹង របស់ទាំងអស់នោះនឹងឡើងភ្លឺស្អាតថ្មីច្រឺងវិញមិនខាន។

8 . ទឹកថ្នាំខ្ពុរមាត់

បើកម្រាលឥដ្ឋផ្ទះរបស់អ្នកឡើងកខ្វក់ ឬឡើងខ្មៅស្រអាប់ មិនភ្លឺរលោង ហើយចៃដន្យទឹកសាប៊ូជូតផ្ទះក៏អស់ទៀតនោះ សូមសាកល្បងលាយទឹកថ្នាំខ្ពុរមាត់ 1គម្របពេញ ជាមួយនឹងទឹក 1ធុង ហើយយកមកជូតកម្រាលឥដ្ឋនោះ ព្រោះរូបមន្តនេះនឹងជួយសម្លាប់មេរោគ​បាក់​​តេរី និងជួយឱ្យកម្រាលឥដ្ឋឡើងស្អាតភ្លឺរលោងបានទៀតផង។

9 . ក្រដាស់ជូតដៃបែបសើម

ផ្ទះណាដែលមានក្រដាស់ជូតដៃបែបសើមប្រើប្រាស់ជាប់ជានិច្ច​នោះ ពេលនេះសូមសាកល្បងយកមកដុសខាត់សម្អាតក្បាល​ចំពួយទឹកធម្មតា ក្បាលចំពួយទឹកផ្កាឈូក ក្បាលចំពួយបាញ់ទឹក ឬដៃទ្វារ ជាដើមក៏បាន ព្រោះទឹកថ្នាំដែលមាននៅក្នុងក្រដាស់ជូតដៃបែបសើមនោះនឹងជួយសម្លាប់មេរោគ និងសម្អាតវត្ថុអស់ទាំងនោះបានយ៉ាងល្អ។ នេះគឺជាការសម្អាតផ្ទះមួយដែលងាយស្រួល និងអាចធ្វើបានគ្រប់​ពេល​​វេលា។

10 . ថ្នាំបញ្ចុះជាតិអាស៊ីតនៅក្នុងក្រពះ

ថ្នាំបញ្ចុះជាតិអាស៊ីតនៅក្នុងក្រពះប្រភេទគ្រាប់ដែលទំពារឱ្យម៉ដ្ឋមុនលេបនោះ អាចយកមកដាក់ឱ្យរលាយនៅក្នុងទឹក ទុកចោលប្រមាណ 20នាទី ហើយយកទៅចាក់ចូលក្នុងចានបង្គន់ដើម្បីលាងជម្រះវត្ថុកខ្វក់ទាំងឡាយដែលនៅក្នុងនោះបាន ឬបើចង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទៀតនោះ អាចចាក់ទឹកភេស្ជជៈកំប៉ុងដែលមានហ្គាសចូលទៅតាមក្រោយ ហើយយកច្រាសមកដុសសម្អាតទៀតក៏បាន។

11 . ក្រណាត់ចាស់ៗដែលឈប់ប្រើហើយ

កំណកជាតិកំបោរដែលកកជាប់នៅតាមក្បាលចំពួយទឹក ក៏អាចបងៗស្រ្តីមេផ្ទះកម្ចាត់ចេញបានយ៉ាងងាយស្រួលដែរ ដោយប្រើទឹកខ្មេះ។ យកក្រណាត់ចាស់ៗដែលលែងប្រើហើយនោះមកជ្រលក់នឹងទឹកខ្មេះឱ្យសើមជោក ហើយយកទៅរុំក្បាលចំពួយទឹកនោះឱ្យជិត និងយកដង្កៀបមកគាបដើម្បីឱ្យណែនបន្តិច ទុកចោលប្រមាណជា 1ម៉ោង រួចហើយសឹមស្រាយចេញ និងជូតសម្អាតម្តងទៀតជា​ការ​ស្រេច។

12 . នំប៉័ង

រូបភាពនៅជាប់ជញ្ជាំងដែលមិនបានទទួលការមើលថែទាំសម្អាតសោះនោះ ចូរសាកល្បងពូតសាច់ក្នុងនំប៉័ងជាដុំមូលៗ ហើយយកទៅលុញរមៀលនៅលើរូបភាពនោះ ដើម្បីផ្ដិតយកធូលីដី និងវត្ថុកខ្វក់ចេញឱ្យអស់ ពេលរួចហើយ​ចូរយកជក់ខ្នាតតូច​មួយ​មកបោសកម្ទេចនំប៉័ងចេញយ៉ាងថ្នមៗ តែប៉ុនហ្នឹងផ្ទាំងរូបភាពទាំងនោះនឹងមើលទៅស្អាតគួរឱ្យចង់គយគន់មិនខាន។

13 . ស្រោមដៃក្រណាត់ពណ៌ស

បើក្នុងផ្ទះលោកអ្នកមានស្រោមដៃក្រណាត់ពណ៌សប្រើដែរនោះ អ្នកអាចយកវាមកជូតសម្អាតវាំងននស្លាបព្រឹលបាន ដោយ​លាយទឹកសាជូរជាមួយនឹងទឹកក្តៅឧណ្ហៗក្នុងបរិមាណស្មើគ្នា ហើយពាក់ស្រោមដៃក្រណាត់នោះនៅដៃទាំងសងខាង រួចជ្រលក់ដៃទៅក្នុងទឹកល្បាយ​នោះឱ្យសើមជោក បន្ទាប់មកក៏ប្រើម្រាមដៃជូតសម្អាតបន្ទះស្លាបព្រឹលទាំងនោះម្តង 1សន្លឹកៗ នៅពេលស្រោមដៃប្រឡាក់ខ្លាំង​ហើយ ចូរលូកដៃទៅជ្រលក់លាងក្នុងល្បាយទឹកនោះ ហើយយកមកជូតសម្អាតជាបន្ត។ នេះជាវិធីសម្អាតវាំងននស្លាបព្រឹលដ័ងាយបំផុត។

Advertisement