បងៗស្ត្រីមេផ្ទះដឹងទេ អាហារ 14ប្រភេទដែលយើងតែងទុកដាក់រក្សាដោយវិធីដែលខុសមករហូត(តចប់)

បងៗស្ត្រីមេផ្ទះប្រហែលជាធ្លាប់គិតថា យើងអាចរក្សាទុកគ្រប់យ៉ាងនៅក្នុងទូទឹកកករបស់យើងបាន ទាំងបន្លែផ្លែឈើ បង្អែម និងនំប៉័ង-ល- អ្នកខ្លះថែមទាំងទុកទឹកស៊ីអ៊ីវ និងអាហារកំប៉ុងនៅក្នុងទូទឹកកកទៀតផង តែបងៗដឹងទេថា អាហារប្រភេទខ្លះមានរូបបែបនៃការរក្សាទុកខុសប្លែកពីគ្នា ហើយវិធីដែលខុស វាអាចធ្វើឱ្យកើតផលអាក្រក់ដល់អាហារទាំងនោះបាន។ ថ្ងៃនេះ អ្នកគ្រូ ឆវី មានគន្លឹះល្អៗក្នុងការទុកដាក់រក្សាចំណីអាហារមកជម្រាបជូនបងៗមេផ្ទះទាំងអស់គ្នាជាបន្ត…។

ផ្លែប៉េងប៉ោះ ៈ មិនគួររក្សាទុកនៅក្នុងទូទឹកកកទេ ដោយសារតែវានឹងបាត់បង់រសជាតិពីធម្មជាតិអស់។ សីតុណ្ហភាពដែលត្រជាក់នឹងធ្វើឱ្យកម្មវិធីការបន្ទុំខ្លួនរបស់វាតាមធម្មជាតិកាន់តែយឺតឡើង និងបំផ្លាញសរសៃសាច់ស្ដើងៗនៅខាងក្នុងផ្លែដែលនឹងហុចផលឱ្យវាមិនទុំជោរ។ គួររក្សាផ្លែប៉េងប៉ោះនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា ដោយដាក់នៅក្នុងកញ្ច្រែង ឬក្នុងឡាំង។

វត្ថដែលគួររក្សាទុកនៅក្នុងទូទឹកកក

ស៊ុត ៈ បងៗស្ត្រីមេផ្ទះជាច្រើនមានការរក្សាទុកស៊ុតខុសប្លែកពីគ្នា តែទាំងអស់គ្នាបានអះអាងដូចៗគ្នាថា មិនគួរទុកស៊ុតនៅក្នុងប្រឡោះសម្រាប់ដាក់ស៊ុតនៅខាងមាត់ទ្វារទូទឹកកកទេ តែគួរទុកនៅក្នុងកន្លែងដាក់របស់របរធម្មតាក្នុងទូទឹកកក ហើយអ្នកជំនាញបានណែនាំមិនឱ្យយកស៊ុតចេញពីកញ្ច្រែង ឬបន្ទះស្នោរទ្រស៊ុតដែលជាប់មកជាមួយស៊ុតនោះទេ គឺដើម្បីឱ្យវារក្សាភាពស្រស់បានយូរ។

ម្សៅ ៈ មើលទៅហាក់ដូចជាងាយស្រួលក្នុងការរក្សាទុក តែការពិតវិញ មិនមែនងាយស្រួលឡើយ។ សំណើម និងសីតុណ្ហភាពដែលខ្ពស់ នឹងនាំឆ្ពោះទៅរកការកើតមេរោគផ្សិត និងសត្វល្អិតក្នុងម្សៅ ដែលហុចផលធ្វើឱ្យពេលយកទៅកែច្នៃជាអាហារបរិភោគមិនបាន។ ជម្រើសដែលល្អ គឺការដាក់នៅក្នុងដបកែវបិទជិតទុកនៅក្នុងទូទឹកកក។

គ្រាប់សណ្ដែក ៈ ការរក្សាទុកដាក់របស់បងៗស្ត្រីមេផ្ទះភាគច្រើនគឺ ទុកគ្រាប់សណ្ដែកគ្រប់ប្រភេទនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា តែការពិតវិញ គ្រាប់សណ្ដែកប្រភេទខ្លះ ដូចជាអាល់ម៉ុន និងវ៉លណាត់ ជាដើម អាចស្ថិតក្នុងសភាពដើមបាន 1-2សប្ដាហ៍នៅក្នុងសីតុណ្ហភាពដែលកក់ក្ដៅ រួចហើយនឹងខូចអស់បន្ទាប់ពីនោះ។ ជម្រើសដែលល្អ គួរទុកដាក់គ្រាប់សណ្ដែកនៅក្នុងកន្លែងដែលឆ្ងាយពីពន្លឺថ្ងៃ សំណើម និងសីតុណ្ហភាពដែលខ្ពស់។ ពួកវាគួរត្រូវបានរក្សាទុកនៅក្នុងទូទឹកកក ដើម្បីថែរក្សាសភាពទុកឱ្យបានយូរដល់ទៅ 9ខែ។

បន្លែឃឹនឆាយបារាំង គួររក្សាទុកនៅក្នុងទូទឹកកក តែមិនគួរខ្ចប់នៅក្នុងថង់ប្លាស្ទិកដែលនឹងធ្វើឱ្យវាឆាប់ស្អុយរលួយខូចនោះទេ។ បងៗអាចប្រើក្រដាសអាលុយមីញ៉ូមដើម្បីខ្ចប់បន្លែឃឹនឆាយនេះបាន៕

Advertisement