ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

រឿង​ដែល​នឹកស្មាន​មិន​ដល់ តែងតែ​កើតឡើង​គ្រប់ពេលវេលា…ដូច្នេះ​ស្ត្រី​មានគភ៌ គួរតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​ធ្លាប់​បានឃើញ​ឧទាហរណ៍​ជាច្រើន​រួចមកហើយ ដូចជា មាន​មិត្តភក្តិ​ជិតដិត​ម្នាក់ នាង​មាន​ផ្ទៃពោះ 5ខែ​ទៅហើយ តែ​ក៏​នៅតែ​ចូលចិត្ត​ធ្វើ​ការងារ​ប្រចាំថ្ងៃ ដូច​មនុស្ស​ទូទៅ​ធម្មតា​អ៊ីចឹង រហូតមកដល់​ថ្ងៃមួយ ទើប​ដឹងថា…រឿង​ដែល​នឹកស្មាន​មិន​ដល់ និង​ធ្លាប់តែ​ធ្វើជា​ប្រចាំ​នោះ បាន​ហុច​ផល​មិនល្អ​ដល់​ខ្លួន ហើយ​ថែមទាំង​មាន​ផល​អាក្រក់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​ទៀតផង រឿង​ទាំងនោះ​គឺ៖

គ្រាន់តែ​ការ​ទំពា​អាហារ​សោះ…

ដឹង​ទេ​ថា រឿង​ដ៏​តូចតាច​មួយ​នេះ បើ​ស្ត្រី​មានគភ៌​យើង​មើលរំលង រឿងនេះ​អាច​នាំមក​នូវ​ផល​អាក្រក់​ជាច្រើន​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូនតូច​បាន។ ស្ត្រី​មានគភ៌ ដែល​ទទួលទាន​អាហារ​បែបប្រញាប់ៗ ទំពា​អាហារ​តែមួយ​ភ្លែត ហើយ​លេប​នោះ ផល​អាក្រក់​ដែល​តាម​មក​គឺ អាហារ​ដែល​យើង​លេប​ចូលទៅក្នុង​ក្រពះ​នោះ នឹងមិន​រំលាយ ធ្វើឱ្យមាន​អាការ​ណែន​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលឱ្យ​ការទទួល​ទាន​អាហារ​លើក​ក្រោយ​ថយចុះ កូនតូច​នៅក្នុង​ផ្ទៃ​ក៏​ទទួលរង​ផលប៉ះពាល់​នេះ​តាម​ដែរ។ ដូច្នេះ​ក្នុងការ​ទទួលទាន​អាហារ ទោះជា​ពេលណា​ក៏ដោយ សូម​ស្ត្រី​មានគភ៌​យើង នឹក​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ថា ត្រូវ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ពេលវេលា ហើយ​ត្រូវ​ទំពា​អាហារ​ឱ្យបាន​ល្អិត ព្រោះនេះ គឺជា​រឿង​ល្អ​មួយ ដើម្បីឱ្យ​កូនតូច​របស់​អ្នក បានទទួល​សារធាតុ​អាហារ​បាន​ពេញលេញ​តាម​នោះដែរ។

រហ័ស​ទាន់​ចិត្ត ភ្លែតៗ ដល់​ណា​ដល់​ហ្នឹង​ដែរ…

ស្ត្រី​មានគភ៌​ខ្លះ ច្រើនតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពពោះ ធ្វើឱ្យ​ការដើរ ក្រោក អង្គុយ រត់ រួមទាំង​ការធ្វើ​ចលនាផ្សេងៗ ប្រព្រឹត្ត​ទៅតាម​ធម្មតា។  ចំពោះ​រឿងនេះ សូមជម្រាបថា បើ​ស្ត្រី​ដែលមាន​អាយុ​គភ៌​នៅ​តិច អាច​គ្មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​បើជា​ស្ត្រី​ដែល​អាយុ​គភ៌ ស្ថិតក្នុង​អំឡុង​ខែចុងក្រោយៗ ហើយ​មាន​ការធ្វើ​ចលនា ដូចជា ក្រោក ដើរ រត់ បែបរហ័សៗនោះ ប្រាកដ​ណាស់ ពិតជា​មាន​ផលប៉ះពាល់​ដល់​កូនតូច ដែល​នៅក្នុង​ផ្ទៃ​មិន​ខាន។  អាច​ដល់​ថ្នាក់ មានកា​បុក​ប៉ះ​នឹង​សាច់​ជញ្ជាំង​ស្បូន​ក្នុង​ពោះ ទៅ​ជំ​រុញឱ្យ​ស្បូន​បង្រួញ​ខ្លួន ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺពោះ និង​បើសិនជា​ស្បូន​កើតការ​បង្រួញ​ខ្លួនខ្លាំងៗផង​នោះ កូន​អាច​នឹង​ប្រសូត​ចេញមក មុនពេល​កំណត់​បាន។  ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវធ្វើ​ចលនា​ឱ្យយឺតៗ ដើម្បីឱ្យ​កូនតូច​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព មិន​ដូច្នោះ​ទេ បេះដូង​នឹងធ្វើ​ការ​ខ្លាំង អុក​ស៊ី​ហ្ស៊ែ​ន ដែល​ត្រូវ​បញ្ជូនទៅ​កូនតូច នឹងត្រូវ​ថយចុះ តែ​ផល​អាក្រក់ ដែល​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​នោះ​គឺ កូនតូច​នៅក្នុង​គភ៌​អាច​នឹងមិន​សូវ​រឺ​ង​មាំ និង​ធំធាត់​យឺត។

សត្វ​ចិញ្ចឹម​គួរឱ្យ​ស្រឡាញ់…

ជាពិសេស​ឆ្កែ និង​ឆ្មា  ស្ត្រី​មានគភ៌​ខ្លះ កើតរោគ​ប្រតិកម្ម​ចាញ់​ជាមួយ​រោមសត្វ ល្អងធូលី កេសរផ្កា តែ​ក៏​នៅតែ​ចូលចិត្ត​ចិញ្ចឹមសត្វ នៅក្នុង​ផ្ទះ និង​ចូលចិត្ត​លេង​ជាមួយ​ពួកវា ដោយ​មិនបាន​គិតដល់​សត្វ​ចៃ ដែល​នឹង​នាំ​មេរោគ​ចូល​មករក​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ ដោយ​មិនបាន​ដឹងខ្លួន​ឡើយ។  ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​មើលថែទាំ សម្អាត​សត្វ​ចិញ្ចឹម ដែល​ក្នុងផ្ទះ​ឱ្យបាន​កាន់តែខ្លាំង​ឡើង ដើម្បី​សុខភាព និង​អនាម័យ​ដ៏​ល្អ​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ។

ធ្មេញ​ពុក…

ស្ត្រី​មានគភ៌​មួយចំនួន អាច​គិតថា​ជា​រឿង​តូចតាច រហូត​បណ្តោយឱ្យ​កើត​អាការ​អញ្ចាញធ្មេញ​ឡើង​ហើម មាន​ខ្ទុះ ឬ​មិន​ព្រម​ព្យាបាល ព្រោះ​គិតថា អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់ មិនចាំបាច់​យកចិត្តទុកដាក់​ខ្លាំងពេក​ទេ រហូត​ធ្វើឱ្យ​កើតមាន​មេរោគ​បាក់តេរី កើនឡើង​ច្រើន រាលដាល​ទៅដល់​ឫសធ្មេញ ធ្វើឱ្យ​អញ្ចាញ​ក្លាយជា​ដំបៅ​ឡើង​ខ្ទុះ​ជាដើម។ ពេលនោះ រឿង​តូចតាច ក៏​ក្លាយជា​រឿង​ធំ​ឡើង ផលប៉ះពាល់​ដែល​តាម​មក គឺ​មេរោគ​ឆ្លង​ចូលទៅក្នុង​ក្រសែ​ឈាម ហើយ​ឆ្ពោះទៅរក​កូនតូច រហូតដល់​ថ្នាក់​អាចធ្វើឱ្យ​បាត់បង់​ជីវិត​បាន​ទៀតផង។ ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវតែ​ថែរក្សា​អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់​ឱ្យបាន​ល្អជា​ប់​ជានិច្ច ព្រោះនេះ គឺជា​រឿង​តូចតាច ដែល​អាចធ្វើឱ្យ​កើត​ទៅជា​រឿង​ធំ​បាន។

យួរ ឬ​លើក​របស់​ធ្ងន់…

ស្ត្រី​មានគភ៌ ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ថា ខ្លួន​អ្នក​កំពុង​តែមាន​ផ្ទៃពោះ!! ចូរ​កុំ​លើក​របស់ធ្ងន់ៗជាដាច់ខាត តែមាន​ពេលខ្លះ ស្ត្រី​មួយចំនួន​អាច​ភ្លេចខ្លួន​ពេល​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ដែល​ត្រូវ​យួរ​របស់របរ​ឡើង​ជ្រែ​កដៃ ពេលនោះ​សាច់ដុំ​ខ្នង សាច់ដុំ​ជើង និង​សន្លាក់ផ្សេងៗ ត្រូវ​ធ្វើការ​ធ្ងន់​ទាំងអស់ រហូត​ជំរុញ​ឱ្យ​កើតរោគផ្សេងៗឡើង ដូចជា​សម្ពាធ​លោហិត​ឡើង​ខ្ពស់ ដោយសារតែ​បេះដូង​ខំធ្វើការ​ខ្លាំងពេក ឈឺ​ខ្នង ឈឺ​ស្មា និង​សន្លាក់​ជាដើម។

បើក​សំឡេង​បទ​ភ្លេង​ឮខ្លាំងៗពេក…

ក្នុង​ចំណុច​នេះ​ចង់​បានន័យថា  ស្ត្រី​មានគភ៌​រូប​ណា ដែល​ចូលចិត្ត​បើក​បទ​ចម្រៀង ឮៗខ្លាំង​ជាង​ប្រក្រតី ព្រោះតែ​យល់ច្រឡំ​ថា កូនតូច​នៅក្នុង​ផ្ទៃ នឹង​បានឮ​ច្បាស់​នោះ ការពិតទៅ នេះ​ជា​គ្រោះថ្នាក់​សម្រាប់​កូនតូច​ទៅវិញ​ទេ  ព្រោះ​ជាការ​រុកកួន​រំខាន​កូនតូច​នៅក្នុង​ផ្ទៃ​ដោយផ្ទាល់​តែម្តង  ដោយសារតែ​សរសៃប្រសាទ​ត្រចៀក​របស់​កូន មិនទាន់​វិ​វ​ឌ្ឍ​បាន​ពេញទំហឹង​នៅឡើយ​ទេ។ អាចធ្វើឱ្យ​កូនតូច កើតក្តី​ធុញថប់​មួម៉ៅ មាន​ផលប៉ះពាល់​ធ្វើឱ្យ​ការវិវឌ្ឍ​របស់​កូន​ថមថយ​ចុះ​បាន។ ការបើក​បទ​ចម្រៀង ដើម្បី​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​នោះ គ្រាន់តែ​ចាក់​បទ​ភ្លេង ដែលមាន​ចង្វាក់ស្រាលៗ ពីរោះៗ ដូចជា​បទ​ភ្លេង​ក្លា​ស៊ី​ក ឬក៏​បទ​ចម្រៀង​ធម្មតា​ទូទៅ​ណា ដែលមាន​ចង្វាក់ និង​ទំនុកភ្លេង​ងាយស្រួល​ស្តាប់ មាន​ទំនុកច្រៀង និង​អត្ថន័យល្អៗ តែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ណាស់​ទៅហើយ៕

Advertisement