សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

ជូន​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប​លើ​ពិភពលោក​នេះ…

«នាង​ខ្ញុំ​មាន​អាជីព​ជា​ម្ដាយ​គេ និង​ក៏​មិន​ខុសប្លែក​ពី​ស្ត្រី​ជា​ម្ដាយ​ដទៃទៀត​ដែរ យើង​ព្យាយាម​ក្នុងការ​សម្របសម្រួល​ជីវិត​ការធ្វើការងារ​របស់​យើង ជាមួយនឹង​ការធ្វើជា​ម្ដាយ​របស់គេ។ យើង​ត្រូវបាន​ធ្វើឱ្យ​ភ័យខ្លាច និង​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាប់​ជានិច្ច​ថា តើ​យើង​បានធ្វើ​ខ្លួន​ជា​ម្ដាយ ដែល​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?។

កំណត់ត្រា​ទាំងឡាយ រឹតតែ​ធ្វើឱ្យ​យើង​ញាប់​ញ័រ​ថែមទៀត មិនថាតែ “ជាង​ពាក់កណ្ដាល​នៃកុមារៗយើង សព្វថ្ងៃ​មាន​សៀវភៅអាន​មិន​ដល់ 3ក្បាល​ឡើយ”…”ឪពុកៗ ជិត​ពាក់កណ្ដាល គ្មាន​ពេលវេលា​លេង​ជាមួយ​កូន”…”40ភាគរយ​នៃ​ក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការ​អភិវឌ្ឍ​ខ្លួន” និង “កុមារ​យើង​បច្ចុប្បន្ន មាន IQ ទាប​ជាង​កម្រិតស្តង់ដា”។ល។

ព័ត៌មាន​ទាំងអស់នេះ ធ្វើឱ្យ​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការតស៊ូ ដើម្បី​ក្លាយជា​ម្ដាយ​ដ៏​ល្អ តែ ពេលខ្លះ​ក៏​ចង់​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​ម្ដងម្កាល​ដែរ ព្រោះ​មិនមាន​ជំនួយ…ឬមួយ​ក៏​ដល់ពេល​ត្រូវ​ទទួលស្គាល់​ការពិតហើយ​ថា ការចិញ្ចឹម​កូន​ក្នុងសង្គម​បែបនេះ ពិតជា​លំបាក​មែនទែន…។

ខ្ញុំ​បានដឹង​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ដែល​តែងតែ​បញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹម​ក្មេង សំខាន់បំផុត​ក្នុងអំឡុងពេល 3ឆ្នាំ​ដំបូង។ ក្មេង​នឹង​សាង​ខ្លួនឯង និង​ជឿទុកចិត្ត​ពិភពលោក​មួយ​នេះ តាមរយៈ​ការទទួលបាន​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​យ៉ាង​គ្រប់គ្រាន់…ត្រូវ​ហើយ! ខ្ញុំ​ដឹង! អ្នក​ក៏​ដឹង! តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ បាន​រឹតរួត​យើង ឱ្យនៅ​ជាប់​នឹង​កៅអី​ធ្វើការ ហើយ​យើង​ត្រូវ​ជួល​មនុស្ស​ម្នាក់ មក​ចិញ្ចឹម​មើលថែទាំ​តំណក់ឈាម​របស់​ខ្លួនឯង…ពិភពលោក គឺ​ដូច្នេះ​ឯង ហើយ​តួនាទី​របស់​យើង គឺ​ត្រូវតែ​ទទួល​យកបែប​ហ្នឹង។

ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត គឺ​អង្គ​ប្រកបផ្សេងៗរបស់​ស្ថានភាព​ជុំវិញខ្លួន មាន​ភាព​សំខាន់បំផុត គឺ​បើ​ឱ្យ​កុមារ​ធំធាត់​ឡើង​ដោយ​ខ្លួនឯង សក្ដានុពល​របស់គេ​នឹង​ថយចុះ 30ភាគរយ…តួលេខ​នេះ គឺជា​ភាព​ធ្ងន់ធ្ងរ​មួយ ដែល​អ្នក​ម្ដាយ​គ្រប់រូប ត្រូវ​ទទួលបន្ទុក​នេះ។

ក្នុងឋានៈ​ជា​ម្ដាយ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា ម្ដាយ​គ្រប់រូប​ចង់ឱ្យ​កូន “ពូកែ ល្អ ឆ្លាត” ពាក្យ 3ម៉ាត់​នេះ គឺ​ការសាកល្បង​សមត្ថភាព​យើង។ ទោះជា​ហត់នឿយ​ប៉ុនណា បើ​មិនបាន​អាន​រឿងនិទាន​មុនពេល​គេង ឱ្យ​កូន​ស្ដាប់ យើង​នឹង​ក្លាយជា​ម្ដាយ ដែល​មិនបានការ​ភ្លាម​តែម្ដង ព្រោះថា លុយកាក់ មិន​មានន័យ​ស្មើនឹង​ពេលវេលា និង​ការយកចិត្តទុកដាក់​ចំពោះកូនៗឡើយ។ ការចាប់​ផ្ដើមធ្វើ​ដោយ​ដៃ​ទាំង2 របស់​ម្ដាយ គឺជា​រឿង​តូច​មួយ ដែល​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូន បានល្អ​បំផុត។ យើង​គ្រប់គ្នា គួរតែ​បានដឹង​ពី​វិធី​ការ​សាង​វិវឌ្ឍនាការ​ដល់​កូន។

ចេះ​គិត ចេះ​ធ្វើការ ចេះ​រៀនសូត្រ ចេះ​ដោះស្រាយ​បញ្ហា ចេះ​រស់នៅ​ជាមួយ​អ្នកដទៃ និង​អ្វីដែល​សំខាន់បំផុត​គឺ “ចេះ​មាន​សេចក្តីសុខ” ពាក្យ​ចុងក្រោយ​គេ​នេះ ជា​ពាក្យ​ដែល​សំខាន់​ខ្លាំងណាស់​សម្រាប់​នាង​ខ្ញុំ ព្រោះ​នាង​ខ្ញុំ​ខ្លាច​ខ្លាំងណាស់ ខ្លាច​កូន​មិនដឹង​ពី​វិធី​មាន​សេចក្ដីសុខ ក្នុង​ពិភពលោក ដែល​កាន់តែ​ពិបាក​រស់នៅ​ទៅ ពិបាក​រស់នៅ​ទៅ ដូច​សព្វថ្ងៃ។

មួយទៀត ការបន្ថែម​ជំនាញ​ផ្នែក​ភាសា ក៏​ជា​រឿង​មួយ ដែល​មិនគួរ​មើលរំលង​ដែរ ដូច្នេះ​អ្វីដែល​សំខាន់​គឺ “ការអាន​សៀវភៅ”។

លោកគ្រូ​ពេទ្យ​ខាងលើ​បន្ថែមថា “រឿង​ចាំបាច់​ចំពោះ​ការជំរុញ​វិវឌ្ឍនាការ​របស់​កុមារ គឺ​សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាព​ជុំវិញខ្លួន​ដែល​ល្អ អាន​សៀវភៅ និង​កន្លែង​ក្មេង​លេង” គាត់​បន្តថា របស់​លេង​នៅក្នុង​កន្លែង​ក្មេង​លេង ក៏​សំខាន់​ស្មើនឹង​សៀវភៅ​ដែរ។ ខួរក្បាល​របស់​កុមារ ជាមួយនឹង​ការអាន ក្នុងអំឡុង 3ដំណាក់កាល នឹង​អភិវឌ្ឍសន្សឹមៗតាម​លំដាប់។ ចាប់ផ្ដើម​ពី​ការរៀន​អាន ដើម្បី​ូ​ការរៀន​យល់ដឹង រៀន​យល់ដឹង​ពី​ជំនាញ​ការអាន រហូត​ទៅដល់​អាន​បាន​ដោយ​ខ្លួនឯង ដើម្បី​ការរៀន​យល់ដឹង​បន្ត។

ការជ្រើសរើស​សៀវភៅ ដែលមាន​ពាក្យ​ចុង​ជួន មិនចាំបាច់​មាន​អត្ថន័យ​ខ្លឹមសារ​ឱ្យ​គិត​ច្រើន មាន​សំឡេង​ឡើង​ចុះ នឹង​ធ្វើឱ្យ​ខួរក្បាល​របស់​កុមារ បើក​ទទួលយក​កាន់​ងាយស្រួល​ឡើង…អ៊ីចឹង​តើ! បានជា​កូនតូច​របស់ខ្ញុំ សើច​ក្អាកក្អាយ​គ្រប់ពេល ដែល​ម្ដាយ​ធ្វើ​សំឡេង​ឡើង​ចុះ ឬ​អាន​រឿងនិទាន(ដែល​មើលទៅ​ដូចជា​គ្មាន​ន័យ​អ្វី​ទាំងអស់)ឱ្យគេ​ស្ដាប់។

ការអភិវឌ្ឍ​ខួរក្បាល ជា​រឿង​សំខាន់​ក៏ពិតមែន តែ​ការ​សម្រាក​ខួរក្បាល ក៏​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ហើយ​ការណ៍​នេះ​អាចជា​លេស​មួយ ដែល​អាចឱ្យម្ដាយៗដូច​រូបយើង រក​ពេល​សម្រាក និង​បានធ្វើ​ការងារ​របស់ខ្លួន​ឯង​ខ្លះ ព្រោះ​វា​ប្រហែលជា​ដូចដែល​គេ​និយាយ​មែនហើយ​ថា ម្ដាយ​ដែលមាន​សេចក្ដីសុខ នឹង​សាង​កូន​ឱ្យមាន​សេចក្ដីសុខ បាន​ដូចគ្នា។

សូមជួយ​ជា​កម្លាំងចិត្ត ដល់​អ្នក​ម្ដាយ​គ្រប់រូប​យ៉ាង​មុតមាំ ហើយ​យើង​នឹង​ឆ្លងកាត់​សមរភូមិ នៃ​ការចិញ្ចឹម​មើលថែ​កូន​ទៅ​ជាមួយគ្នា…»

ពី​នាង​ខ្ញុំ ស្ត្រី​ជា​ម្ដាយ​ម្នាក់

រៀបរៀង​ដោយ អ្នកគ្រូ ឆវី

Advertisement