អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ?

លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!)

Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។

Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ខ្លួនឯង​ហ៊ាន​និយាយ ហ៊ាន​បញ្ចេញ​គំនិត​យោបល់​ច្រើនឡើង ដូចជា បើសិន​នាង​មិន​យល់ស្រប ជាមួយ​រឿង​ដែល​កំពុងតែ​សន្ទនា​គ្នា​នោះ នាង​ហ៊ាន​ក្នុងការ​និយាយ​ចេញទៅត្រង់ៗតែម្ដង​ថា វា​ដូចជា​មិនមែន​អ៊ីចឹង​ទេ​ណា៎! ជាដើម។ល។ ក្រៅពីនេះ ពេល​ទៅ​ញ៉ាំ​បាយ​នៅក្នុង​ហាង ក៏​ហ៊ាន​ក្នុងការ​ស្រែកហៅ​សេវាករ ដោយ​សំឡេង​ដ៏​ក្លៀវក្លា និង​មាំមួន​ខ្លាំង​ជាង​មុន។ បើ​សម័យមុន​វិញ បែប​ប្រហែលជា​ធ្វើ​បែប​ហ្នឹង​មិនកើត​ទេ តែ​គិត​ចុះ​គិត​ឡើង មូលហេតុ​ដែល​ទង្វើ​រប​ស់​ខ្លួនឯង​ប្រែប្រួល​បែបនេះ អាច​មិនមែន​កើតចេញពី​ការចិញ្ចឹម​មើលថែ​កូន​ក៏​អាច​ថា​បានដែរ តែ​ប្រហែលជា​មកពី​យើង ចាប់ផ្ដើម​មាន​អាយុ​ច្រើនឡើង​ហើយក៏​មិនដឹង? (-_-;)។

ចាប់ផ្ដើម​ចូល​សង្គម​ច្រើនឡើង

Yសាំង មានកូន អាយុ 5ខួប នាង​រៀបរាប់ថា តាំងពី​ពេល​នៅក្មេងៗ រហូតដល់​ពេលមុន​មានកូន នាង​មាន​អារម្មណ៍​ថា ការជួបជុំ និង​ការជជែក​គ្នា​ជាមួយ​អ្នកដទៃ វា​ជា​រឿង​ដ៏​គួរឱ្យ​រំខាន​ខ្លាំងណាស់។ ពេល​ត្រឡប់​មកពី​សាលារៀន ឬ​ត្រឡប់​មកពី​ធ្វើការ​ក្រុមហ៊ុន នាង​ច្រើនតែ​សម្ងំ​ខ្លួន និង​នៅតែ​ក្នុង​បន្ទប់ ស្ងាត់ៗតែម្នាក់ឯង ចង់​និយាយថា រាងដូចជា​ចង់​កើត​ជំងឺ ហ៊ិ​ឃិ​ខូ​ម៉ូ​រិ តិចៗហើយក៏​មិនដឹង? ម្យ៉ាងទៀត ប៉ា និង​ម៉ាក់ ក៏​មិនសូវ​ជា​រអ៊ូ អំពី​រឿង​ហ្នឹង​ទៀតផង ទើបត្រូវ​រស់នៅ​បែប​ហ្នឹង​រហូតមក។

បន្ទាប់ពី​មានកូន ក៏​ចាប់ផ្ដើម​មាន​មិត្តភក្តិ ដែលជា​អ្នក​ម្ដាយ​ដូចគ្នា​កាន់តែ​ច្រើនឡើង តែ​ក៏មាន​អារម្មណ៍​ថា ក្រុម​អ្នក​ម្ដាយ​ទាំងឡាយ​នោះ គួរឱ្យ​រំខាន​ខ្លាំងណាស់ ទើប​ព្យាយាម​មិនសូវ​ចង់​ចូលរួម វង់​សន្ទនា​ប៉ុន្មាន​ទេ តែ​បើសិនជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​កូន​វិញ ក៏​នឹង​ស្ទុះភ្លែត​ចូលទៅ​រួម​វង់​សន្ទនា​ភ្លាម​តែម្ដង! ធ្វើឱ្យ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា អេ៎? យើង​ក៏មាន​និស្ស័យ​ចូលចិត្ត​ចូល​សង្គម​នឹង​គេ​ដែរ​តើ?! រហូតមកដល់​ពេលនេះ ចាប់ផ្ដើម​មាន​អារម្មណ៍​ថា សប្បាយ​នឹង​ការជជែក​ពិភាក្សា ជាមួយ​មនុស្ស​ទាំងឡាយ​ច្រើនឡើង​ហើយ…។ បើសិន​មិនមាន​កូន​វិញ ថ្មើរណេះ ប្រហែលជា​កើត​ជំងឺ​ហ៊ិ​ឃិ​ខូ​ម៉ុ​រិ បាត់ទៅ​ហើយក៏​មិនដឹង? (- _ -*)។

កំណត់សម្គាល់៖ ជំងឺ​ហ៊ិ​ឃិ​ខូ​ម៉ូ​រិ គឺ​ជំងឺ ដែល​អ្នកជំងឺ​មាន​ទង្វើ បដិសេធ​ការចូល​សង្គម (មិន​ចង់​ជួប​អ្នកដទៃ) និង​ច្រើនតែ​សម្ងំ​រស់​នៅតែ​ក្នុង​បន្ទប់ តែម្នាក់ឯង​ជានិច្ច។

ចេះ​គ្រប់គ្រង ចាត់ចែង​ពេលវេលា បានល្អ​ជាង​មុន

Sសាំង មានកូន អាយុ ៦ខួប នាង​រៀបរាប់ថា ពីមុន​នាង​មាន​អាជីព​ជា​អ្នកនិពន្ធ​ឯករាជ្យ មុនពេល​មានកូន នាង​មាន​និស្ស័យ​ខ្ជិលច្រអូស​ខ្លាំងណាស់ ទើប​ធ្វើការ​បែប​តាម​ដំណើរ ត្រេ​ត​ត្រត ពី ១ថ្ងៃ​ទៅ ១ថ្ងៃ និង​តែងតែ​ចុះចាញ់អ្វីៗ ដែល​ធ្វើ​ញាប់​ញ័រ​អារម្មណ៍ ដែល​នៅ​ជុំវិញខ្លួន​ជានិច្ច។ ឧទាហរណ៍​ដូចជា បន្ទាប់ពី​អង្គុយ​ធ្វើការ បាន​មិនយូរប៉ុន្មាន ពេល​នាង​ដឹងខ្លួន​ឡើង ទើប​ដឹងថា ខ្លួនឯង​មក​អង្គុយលេង​អ៊ី​ន​ធើ​ណិ​ត ឬ​អង្គុយ​មើល​ទូរទស្សន៍​បាត់ទៅហើយ ហើយ​ការងារ​ផ្ទះ ក៏ត្រូវត្រាំៗទុកចោល​សិន ទុក​ស្អែក​ចាំ​ធ្វើ ជារឿយៗទៅ។

តែ​ក្រោយពី​មានកូន រៀងរាល់ថ្ងៃ ត្រូវ​មក​អង្គុយ​រៀប​ផែនការ​ថា ថ្ងៃនេះ​នឹង​ទៅ​ទទួល​កូន ពីសា​លាមក​វិញ​នៅ​ម៉ោង​ប៉ុន្មាន? ពេលនេះ​ត្រូវ​ជម្រះ​ការងារ​ឱ្យ​ស្អាត​រួចរាល់​ឱ្យអស់​ណា៎ ពេលនេះ​ត្រូវតែ​ចាប់ផ្ដើម​ធ្វើការ​ងារ​ផ្ទះ​ហើយ​ណា៎ ពេលនេះ​អាច​សម្រាក​បាន​ហើយ​ជាដើម…ដែល​ការងារ​ទាំងអស់នេះ ពីដំបូងៗ ក៏​ធ្វើ​បែប​តាម​ដំណើរ​ពី១ថ្ងៃ​ទៅ១ថ្ងៃ ហើយ​ក៏មាន​អារម្មណ៍​ដឹងខ្លួន​ថា​ខុសពី១ថ្ងៃ​ទៅ១ថ្ងៃ​ដូចគ្នា​ដែរ តែ​ពេលនេះ មាន​អារម្មណ៍​ថា ខ្លួនឯង​អាច​ចាត់ចែង​ពេលវេលា​ធ្វើ​កិច្ចការងារផ្សេងៗ បាន​យ៉ាង​ពេញទំហឹង​ហើយ…(‘-o-’)។

ល្អិតល្អន់ និង​ហ្មត់ចត់​ជាង​មុន

Oសាំង មានកូន អាយុ 3ខួប និង 9ខួប នាង​រៀបរាប់ថា កាលសម័យ​នៅ​ជា​សិស្ស នាង​មាន​និស្ស័យ​ភ្លេច​នេះ ភ្លេច​នោះ​ជាប់​ជានិច្ច ដូចជា “អេ៎? យើង​ដូចជា​ភ្លេច​ផ្ញើ​កិច្ចការ​ផ្ទះ​ឱ្យ​លោកគ្រូ​ទេ​ដឹង?” ដល់ពេល​ចាប់ផ្ដើម​ចូលធ្វើការ ក៏​ច្រើនតែ​ភ្លេច​ជា​ញឹកញាប់ រឿង​កំណត់ពេល​ផ្ញើ​កិច្ចការងារ​ដែល​មេ​ប្រគល់ឱ្យ ទើបត្រូវ​ហាមាត់​សុំ​ពន្យារពេល​ជា​ញឹកញាប់​ដូចគ្នា។

ប៉ុន្តែ រាល់ថ្ងៃនេះ ត្រូវ​នៅចាំ​ត្រួត​ពិនិត្យមើល និង​រៀបចំ​ត្រៀម​តម្រា​មេរៀន ឯកសារ​ការរៀនសូត្រ​របស់​កូន ឱ្យ​ហើយ​រួចរាល់​ជាប់​ជានិច្ច និង​ថែមទាំង​នៅចាំ​សរសេរ​កាលបរិច្ឆេទ ផ្ញើ​កិច្ចការ​ផ្ទះ​តាម​មុខវិជ្ជាផ្សេងៗនៅលើ​ប្រតិទិន​ដោយ​ប៊ិច​ពណ៌​ក្រហមធំៗ ដើម្បី​ការពារ​ការ​ភ្លេចភ្លាំង​ទៀតផង។ ក្រៅពីនេះ នៅបាន​ចាត់ចែង​រៀបចំ​ទុកដាក់​សៀវភៅ​ឯកសារ​មេរៀន​របស់កូនៗទាំង2 យ៉ាង​មាន​របៀបរៀបរយ​ទៀតផង។ រហូតមកដល់​ពេលនេះ មាន​អារម្មណ៍​រាង​ភ្ញាក់ផ្អើល​នឹង​ខ្លួនឯង​ដូចគ្នា​ដែរ​ថា ហេតុ​អី​បាន​រឿង​របស់​ខ្លួនឯង មិន​ព្រម​ល្អិតល្អន់​ហ្មត់ចត់​បែប​ហ្នឹង? តែបើ​រឿង​របស់កូនៗវិញ បែរជា​ធ្វើបាន​យ៉ាង​ល្អជា​និច្ច​តែម្ដង (* _ *)។

ចាប់ផ្ដើម​គិតថា ការពិតទៅ ក្មេងៗក៏​គួរឱ្យ​ស្រឡាញ់​ដែរ​តើ!

Hសាំង មានកូន អាយុ 3ខួប នាង​រៀបរាប់ថា ការពិតទៅ កាលពីពេល​មិនទាន់​មានកូន នាង​មាន​អារម្មណ៍​ថា មិន​ចូលចិត្តក្មេងៗសោះតែ​ម្ដង ព្រោះ​នាង​គិតថា ពួកក្មេងៗ ចូលចិត្ត​តែបើ​ក​ក្រពះ​ស្រែកយំឮៗ អាត្មានិយម​យ៉ាង​ចេះ​ស្ដាប់​អ្នកណា ស្មាន​ពី​អារម្មណ៍​មិនត្រូវ សូម្បីតែ​កូន​របស់​បងស្រី​ខ្លួនឯង ដែលជា​ក្មួយបង្កើត ក៏​នាង​មាន​អារម្មណ៍​មិន​ចូលចិត្ត​ដែរ។

តែ​ដល់ពេល​ខ្លួនឯង​មានកូន​ហើយ បែរ​ជាមាន​អារម្មណ៍​ចុះចាញ់​កូន​ដោយឯងៗតែម្ដង…អាច​ដោយសារតែ​បាន​ក្លាយជា​ម្ដាយ​របស់គេ ឬ​មិន​ទេ ក៏​អ័រម៉ូន​ក្នុង​ខ្លួន វា​ផ្លាស់ប្ដូរ​ក៏​មិនដឹង តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ​គឺ រាល់ថ្ងៃនេះ ពេល​ឃើញក្មេងៗ ដែល​រត់​លេង​នៅតាម​សួនច្បារ​សាធារណៈ​ពេលណា ស្រាប់តែ​របូតមាត់​និយាយ​ចេញមក​ថា “អា៎! ក្មេងៗគួរឱ្យ​ស្រឡាញ់​អ្វី​ម្ល៉េះ​ហ្ន៎?” រហូតដល់​ខ្លួនឯង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ថា ចុំ?! ម៉េច​បាន​យើង​របូតមាត់ និយាយ​ចេញមក​បែប​ហ្នឹង​កើត​ហ្ន៎? (=_=,)។

Hសាំង និយាយ​បញ្ចប់​ថា ទោះជា​ពេលនេះ នាង​មាន​អារម្មណ៍​ថា ស្រឡាញ់ក្មេងៗខ្លាំង​ក៏ដោយ តែ​ក៏ត្រូវ​ប្រយ័ត្ន​គំនិត​ខ្លួនឯង​ជាប់​ជានិច្ច​ដែរ ក្រែងលោ​ថា ថ្ងៃ​ណាមួយ ពេល​កូន​របស់​នាង​ធំ​ឡើង ហើយ​មក​និយាយ​មិន​ពីរោះពិសា​ដាក់​នាង​នោះ ច្បាស់​ជា​បាន​វិល​ទៅ​មើលឃើញក្មេងៗក្នុងន័យ​អវិជ្ជមាន​ដូច​ពីមុន​វិញ​មិន​ខាន៕

រៀបរៀង​ដោយ​អ្នកគ្រូ ឆវី

Advertisement