បន្ទាប់ពី​ប្រសូត​បុត្រ​ហើយថ្មីៗ អ្នក​ម្តាយ​គួរ​បរិភោគ​អាហារ​បែបណា?

អ្នក​ម្តាយ​ដែល​ទើបតែ​ឆ្លងទន្លេ​ហើយថ្មីៗនោះ រាងកាយ​ស្ថិតក្នុង​អំឡុង​ពេលដែល​ត្រូវតែ​ទទួលបាន​ការមើល​ថែទាំ និង​យកចិត្តទុកដាក់​យ៉ាង​ពិសេស ដោយសារតែ​ស្ត្រី​ដែល​ទើបនឹង​ប្រសូត​បុត្រ​រួចថ្មីៗនឹងមាន​អាការ​ល្វើយ​ខ្សោយ​ខ្លាំងណាស់ហើយ​រឹតតែ​ការ​ប្រសូត​ដោយ​វិធី​វះកាត់​ផង​នោះ អ្នក​ម្តាយ​នឹងមាន​អាការ​នឿយ​ល្វើយ​ខ្លាំង​ជាង​ការ​ប្រសូត​តាម​វិធី​ធម្មជាតិច្រើនដង​ណាស់។

នៅថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំ​ព័ត៌មានល្អៗពាក់ព័ន្ធ​នឹង​ការបរិភោគ​អាហារ និង​ការមើល​ថែទាំ​ខ្លួន​មក​ជំរាបជូន​ដូចខាងក្រោម ៖

ក្នុង​រយៈ​ដំបូង​បន្ទាប់ពី​ប្រសូត អ្នក​ម្តាយ​គួរ​តម​ការងារ​ផ្ទះ និង​ការងារ​ណា​ដែលធ្ងន់ៗ ទុក​ឲ្យ​ស្វាមី​ធ្វើ​សិន​ទៅ រឿងដែល​អ្នក​ម្តាយ​ថ្មីថ្មោង​គួរ​ធ្វើ​ក្នុងអំឡុងពេល​សំរាក​បំប៉ន​រាងកាយ​នោះ​គឺ ការ​សំរាក​ឲ្យ​បានច្រើនៗ ហាត់ប្រាណស្រាលៗ និងដែល​សំខាន់​នោះ​ត្រូវ​បរិភោគ​អាហារ​ដើម្បី​សុខភាព​ដែល​សម្បូរ​ទៅដោយ​វិ​តា​មីន និង​សារធាតុ​រ៉ែ​ឲ្យ​បាន​គ្រប់​ចំនួន។

អាហារ​ដែល​ល្អ និង​សក្តិសម​សម្រាប់​អ្នក​ម្តាយ​ទើបនឹង​សំរាល​បុត្រ​ហើយថ្មីៗ អ្នកជំនាញការ​បាន​ណែនាំ​ថា អ្នក​ម្តាយគួរតែ​ទទួលទាន​អាហារ​ដែល​ឧ​ត្ត​ម​សម្បូរ​ទៅដោយ សារធាតុ​រ៉ែ និង​វិ​តា​មីន​ដូចជា អាហារ​ពពួក​សាច់សត្វ ទឹកដោះ សណ្តែកសៀង ស៊ុត បន្លែ និង​ផ្លែឈើ​ស្រស់​គ្រប់​ប្រភេទ អ្វីដែល​សំខាន់​គឺ​គួរ​បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់​តាម​តម្រូវការ​របស់​រាងកាយ ។

ចំណែក​អាហារ​ដែល​អ្នក​ម្តាយ​ថ្មីថ្មោង​គួរ​តម​ទទួលទាន​ជាដាច់ខាត​នោះ​គឺ អាហារ​ប្រឡាក់​ផ្អាប់ អាហារ​ត្រាំ ឬ​ជ្រក់ផ្សេងៗ អាហារ​ដែលមាន​រសជាតិ​ខ្លាំង និង​អាហារ​ដែល​ស្ទើរ​ឆ្អឹ​ន​ស្ទើរ​ឆៅ ព្រោះ​អាហារ​ទាំងនោះ​អាចមាន​ផលប៉ះពាល់​ទៅដល់​ទារក ជាពិសេស​អ្នក​ម្តាយ​ដែល​ចិញ្ចឹម​កូន​ដោយ​បំបៅ​ដោះ អាចធ្វើ​ឲ្យ​ទារក​រាក​បាន៕

Advertisement