ប្រដាប់ពិនិត្យមើលគភ៌ គឺជាអ្វី តើត្រូវមើលនៅពេលណា និងមានប្រភេទណាខ្លះ?

សម្រាប់នារីៗដែលកំពុងត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ឬសង្ស័យថា ខ្លួនឯងប្រហែលជាកំពុងមានគភ៌ និងចង់ពិនិត្យមើលថា ខ្លួន​ឯងមានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯងនោះ មុនគេបង្អស់ប្រហែលជានឹកដល់ “ប្រដាប់ពិនិត្យមើលគភ៌” ហើយមែនទេ? តែទាំង​អស់​នេះសម្រាប់អ្នកដែលមិនធ្លាប់ប្រើប្រហែលជាមានសំណួរច្រើននៅក្នុងចិត្តជាមិនខានថា អាប្រដាប់ពិនិត្យគភ៌នោះគឺជាអ្វី? មានប៉ុន្មាន​បែប? និងពិនិត្យឃើញច្បាស់លាស់ប៉ុនណាទៅ?ឥឡូវសរុបថា ដើម្បីឱ្យបងប្អូននារីៗយើងអស់កង្វល់ក្នុងចិត្ត ឡារ៉ែន មានរឿង​ដែល​គួរយល់ដឹងពាក់ព័ន្ធនឹងប្រដាប់ពិនិត្យគភ៌នេះមកជម្រាបជូនដូចតទៅ។

ប្រដាប់ពិនិត្យគភ៌ គឺជាអ្វី?
សម្រាប់ “ប្រដាប់ពិនិត្យគភ៌” ឈ្មោះរបស់វាក៏បានប្រាប់យើងចំៗហើយថា ជាឧបករណ៍ទុកសម្រាប់ពិនិត្យមើលថា តើយើង​មានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯង។ ប្រដាប់ពិនិត្យគភ៌គឺជាការពិនិត្យរកមើលអ័រម៉ូន HCG(Human Chorionic Gonadotropin) នៅ​ក្នុងទឹកមូត្រដែលអ័រម៉ូននេះនឹងត្រូវបង្ហូរចេញមកក្រោយពីមានការចាប់បដិសន្ធិរួចហើយប្រមាណជា6-7ថ្ងៃ ដោយប្រដាប់​ពិនិត្យ​គភ៌​នេះមានភាពច្បាស់លាស់ប្រមាណជា99% ហើយដែលអាចពិនិត្យមើលបានតាំងពីថ្ងៃទី1នៃការបាត់វដ្តរដូវ តែបើអ្នកណា​ចង់ឱ្យ​ប្រាកដ​ក្នុងចិត្តមែនទែននោះ គួរពិនិត្យនៅក្នុងអំឡុងពេលក្រោយការចាប់បដិសន្ធិរួចហើយប្រមាណ8-12សប្ដាហ៍ ឬវដ្ត​រដូវ​បាត់តាំងពី​ថ្ងៃ​ទី10-14ឡើងទៅ លទ្ធផលដែលចេញមកនឹងមានភាពច្បាស់លាស់ខ្លាំងបំផុត។

ត្រូវពិនិត្យនៅពេលណា?
ការពិនិត្យការមានគភ៌ដើម្បីទទួលបានលទ្ធ-ផលដែលច្បាស់លាស់ គួរពិនិត្យពីទឹកមូត្រនៅពេលព្រឹកក្រោយភ្ញាក់ពីដំណេក ព្រោះពេលនោះទឹកមូត្រមានភាពខាប់ និងធ្វើឱ្យទទួលបានលទ្ធផលដែលទៀង និងច្បាស់លាស់បំផុត។

តើប្រដាប់ពិនិត្យគភ៌មានបែបណាខ្លះ?
• ប្រដាប់ពិនិត្យគភ៌បែបជ្រលក់ មានលក្ខណៈជាបន្ទះវែងៗដែលមានកូនពែងតូចមួយសម្រាប់ដាក់ទឹកមូត្រមកជាមួយ។ វិធីការពិនិត្យ ចូរចាប់ផ្តើមពីការត្រងទឹកមូត្រដាក់ចូលពែង ហើយយកបន្ទះពិនិត្យគភ៌ខាងផ្នែកដែលមានរូបសញ្ញាព្រួញចង្អុល ជ្រលក់​ចូល​ទៅក្នុងទឹកមូត្រប្រមាណជា3-5វិនាទី រួកយកចេញមក ហើយរង់ចាំមើលលទ្ធផលប្រមាណជា5នាទី។
• ប្រដាប់ពិនិត្យគភ៌បែបបន្តក់ ឧបករណ៍នឹងប្រកបទៅដោយដន្លាប់សម្រាប់ពិនិត្យគភ៌ កូនពែងដាក់ទឹកមូត្រ និងបំពង់បន្តក់។ វិធីប្រើ ចូរចាប់ផ្តើមពីការត្រងទឹកមូត្រដាក់ចូលកូនពែងបន្ទាប់មកចូរយកបំពង់បន្តក់បឺតយកទឹកមូត្រហើយបន្តក់ទឹកមូត្រនោះ​នៅលើ​ដន្លាប់ពិនិត្យគភ៌ប្រមាណជា3ដំណក់ រួចហើយរង់ចាំលទ្ធផលប្រមាណជា5នាទី។
• ប្រដាប់ពិនិត្យគភ៌បែបឆ្លងកាត់ មានត្រឹមតែបន្ទះសម្រាប់ពិនិត្យគភ៌មួយប៉ុណ្ណោះ ឯវិធីប្រើវិញក៏ងាយស្រួលដែរ គឺគ្រាន់តែ​យក​បន្ទះពិនិត្យនោះមកកាន់ដោយឱ្យសញ្ញារូបព្រួញចង្អុលចុះក្រោម បន្ទាប់ពីនោះក៏ឱ្យទឹកម៉ូត្រហូរឆ្លងកាត់​បន្ទះពិនិត្យ​គភ៌នោះ​ឱ្យ​សើម​ជោក រួចហើយទុកចោលប្រមាណជា5នាទីដើម្បីរង់ចាំលទ្ធផល។

លទ្ធផលការពិនិត្យនៅលើប្រដាប់ពិនិត្យគភ៌
នៅពេលធ្វើការពិនិត្យការតាំងគភ៌រួចស្រេចហើយ ហើយក្រោយពីរង់ចាំលទ្ធផលប្រមាណជា5នាទីរួចហើយ លទ្ធផល​ដែល​ទទួល​បានតាមបែបនីមួយៗនឹងបញ្ជាក់ប្រាប់ដូចតទៅនេះ ៖
• នៅលើបន្ទះពិនិត្យគភ៌មានឡើង1ឆ្នូត ឬមាន1ឆ្នូតឡើងក្នុងទីតាំងអក្សរ C នោះមានន័យថា មិនមានគភ៌ទេ។
• នៅលើបន្ទះពិនិត្យគភ៌មានឡើង2ឆ្នូត ឬមានឆ្នូតឡើងទាំងក្នុងទីតាំងអក្សរ C និងអក្សរ T នោះមានន័យថា មាន​គភ៌​ហើយ​។
• នៅលើបន្ទះពិនិត្យគភ៌មានឡើងតែ 1ឆ្នូតក្នុងទីតាំងអក្សរ T មួយគត់ នោះមានន័យថា មិនច្បាស់លាស់ អាចបណ្តាលមក​ពី​ប្រដាប់ពិនិត្យគភ៌នោះខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។
• នៅលើបន្ទះពិនិត្យគភ៌គ្មានឡើងស្នាមឆ្នូតអ្វីទាំងអស់ មានន័យថា មិនច្បាស់លាស់ អាចបណ្តាលមកពីប្រដាប់​ពិនិត្យគភ៌​នោះ​ខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។

ទាំងអស់នេះ នៅពេលពិនិត្យការតាំងគភ៌រួចហើយ ប្រដាប់ពិនិត្យគភ៌បង្ហាញលទ្ធផលមិនច្បាស់លាស់ ឡារ៉ែន សូមណែនាំ​ឱ្យសាកល្បងពិនិត្យឡើងវិញម្ដងទៀត ដោយប្ដូរប្រដាប់ពិនិត្យគភ៌ថ្មី ឬប្ដូរម៉ាកយីហោផ្សេងណាមួយទៀតគឺជាការល្អបំផុត ឬបើអ្នក​ណា​ពិនិត្យ​ហើយឃើញលទ្ធផលវិជ្ជមាន ឬមានគភ៌នោះ ដើម្បីឱ្យច្បាស់លាស់ និងពិតប្រាកដ100% ឡារ៉ែន សូមណែនាំឱ្យទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យម្ដងទៀត ដើម្បីភាពប្រាកដប្រជា ព្រោះយ៉ាងណាប្រដាប់ពិនិត្យគភ៌គ្រាន់តែជាឧបករណ៍ពិនិត្យគភ៌រយៈដំបូងប៉ុណ្ណោះ៕

Advertisement