ចម្លើយ8យ៉ាង​ដែល​អ្នកនឹង​បានទទួល ពេល​ប្រាប់​ឱ្យ​កូន​ប្រមូលរបស់​លេង​ទុក

ពេលនេះ​កូន​របស់​អ្នក​អាយុ​ប៉ុន្មាន​ហើយ? ធំ​ល្មម​នឹង​ចេះ​សម្អាតផ្ទះ ឬ​ប្រមែ​ប្រមូលរបស់​លេង​របស់​ខ្លួនឯង​ឱ្យមាន​របៀបរៀបរយ​ហើយ​ឬ​នៅ? ជា​ប្រក្រតី យើង​ត្រូវ​បង្ហាត់បង្រៀន​កូន​ឱ្យ​ចេះ​ប្រមូល​ទុកដាក់​របស់​លេង ឬ​របស់របរ​ខ្លួនឯង​នៅពេលដែល​គេ​មាន​អាយុប្រមាណ18ខែ​ឡើងទៅ ព្រោះ​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​ស្ដាប់បង្គាប់ និង​យល់​ពី​ពាក្យ​បញ្ជា​បាន​ហើយ។ បើ​យើង​ឆាប់​ចាប់ផ្ដើម​បង្រៀន​កូន កូន​នឹង​ស៊ាំ​ធ្លាប់​នឹង​ការប្រមូល​ទុកដាក់​របស់របរ តែបើ​ចាប់ផ្ដើម​បង្ហាត់បង្រៀន​កូន​ពេល​គេ​ធំ​ហើយ វា​នឹង​ក្លាយជា​បញ្ជា​ដែល​កូន​មិន​ចង់​ធ្វើតាម នៅពេលនោះ​តើ​អ្នក​ចង់ដឹង​ទេ​ថា ពេល​អ្នកបញ្ជា​ឱ្យ​កូន​បោសសម្អាត ឬ​ប្រមូល​ទុកដាក់​របស់​លេង តើ​អ្នកនឹង​បាន​ជួបនឹង​ទង្វើ ឬ​ចម្លើយ​បែបណាខ្លះ?

1 ការតវ៉ា ៈ “កូនសុំ​ប្រមូលរបស់​លេងក្រោយពេល​ញ៉ាំ​បាយល្ងាច​ហើយ​បានទេ? ពេលនេះ​កូន​ហត់​ខ្លាំងណាស់” នេះ​គឺ​ការតវ៉ា ហើយ​ចុងក្រោយ គឺ​អត់​ប្រមូល​ទុក​នោះទេ។
2 រង់ចាំ​មួយ​ភ្លែត​សិន ៈ “ចាំ​ឱ្យ​កូន​ធ្វើ​ត្រង់នេះ​ឱ្យ​រួច​សិន ចាំ​ឱ្យ​កូន​បាត់​ហត់​បន្តិច​សិន ចាំ​បន្តិច​កូន​នឹង​ត្រឡប់​ទៅលេង​ទៀតហើយ”។
3 ធ្វើ​ព្រងើយ ៈ អត់​ប្រមូល អត់​ធ្វើ អត់​បដិសេធ ធ្វើ​កិច្ចការងារ​ផ្សេង​ត​ទៀត​យ៉ាង​ព្រងើយ ទីបំផុត​អ្នក​ម្តាយ​ធុញ​រំខាន ខ្ជិល​ចាំ ក៏​ប្រមូល​ទុកដាក់​ខ្លួនឯង​ទៅ។
4 បន្តិចទៀត​ប្រមូល ៈ ទីបំផុត​ក៏​អត់​ប្រមូល​ទុក ងងុយគេង ឡើងទៅ​បន្ទប់​គេង​បាត់​ហើយ​ចា៎ស។
5 កំពុងតែ​លេង ៈ បើ​កូន​កំពុងតែ​លេង​របស់​លេង​ច្រើន​មុខកុំអាល​ឱ្យ​កូន​ប្រមូល​ទុកដាក់​អី ព្រោះ​កូន​ច្បាស់​ជា​មិន​ព្រម​ប្រមូល​ទុកដាក់​របស់​លេង​ទាំងនោះ​ជាដាច់ខាត ព្រោះ​គេ​នឹងមាន​អារម្មណ៍​ថា កំពុង​ត្រូវ​បង្អាក់​ការលេង​សប្បាយ​របស់គេ។


6 អត់! ៈ (ភាគច្រើន​ជា​ក្មេង​ដែលមាន​អាយុប្រមាណ​ជា2ឆ្នាំ​ដែល​ចូលចិត្ត​និយាយ​ពាក្យ​នេះ) អ្នក​ម្ដាយ​នឹង​ជួប​ចម្លើយ​បដិសេធ​ភ្លាម​តែម្ដង តែ​នេះ​គឺជា​វិវឌ្ឍនាការ​របស់​ក្មេង​ក្នុង​វ័យ​នេះ។
7 សុំ​លេង​ឱ្យអស់​ចិត្ត​សិន ហើយនឹង​ប្រមូល​ទុក ៈ សន្យាថា នឹង​ប្រមូល​ទុក​ដាក់ឱ្យ​ស្អាតបាត​ក្រោយ​លេង​រួច ឬ​ប្រើការ​រួច តែ​ចុងក្រោយ​ក៏​មិន​បានធ្វើ…។
8 ច្រើនតែ​សុំ​ដូរ​ដោះ​ដោយ​អ្វី​ម្យ៉ាង ៈដូចជា បើ​ប្រមូលរបស់​លេង​ទុកសុំ​ដូរ​ជាមួយ​អៃ​ស្គ្រី​ម ឬ​បាន​អង្គុយ​មើល​រឿង​តុក្កតា។ បើជា​រឿង​ទាំងអស់​ហ្នឹង អ្នក​ម្ដាយ​ក៏​គួរតែ​ឱ្យបាន។អាច​រាប់បាន​ថា ជា​លក្ខខណ្ឌ​ដូរ​ដោះ ដែល​កូន​នឹង​បាន​រៀន​យល់​ដឹងថា គ្មានអ្វី​មួយ​ដែល​នឹង​
បានមក​ដោយ​ស្រួល​ទេ។

បើ​អ្នក​ម្ដាយ​ចង់ឱ្យ​កូន​ចេះ​ប្រមូល​រៀបចំ​ទុកដាក់​របស់​លេង ឬ​របស់​ប្រើប្រាស់ផ្សេងៗរបស់​ខ្លួនឯង​ឱ្យមាន​របៀប មាន​ភាព​ទទួលខុសត្រូវ មិនចាំបាច់​ប្រាប់​នោះ អ្នក​ម្ដាយ​ត្រូវ​បង្ហាត់បង្រៀន​ឱ្យ​កូន​ចេះ​ធ្វើ​តាំងពី​នៅតូចៗ ព្រោះ​ពេល​នៅ​តូចកូន​នឹងមិន​តវ៉ា ឬ​តតាំង​ឡើយ តែ​ដល់​ធំ​ឡើង​បន្តិច សឹម​ចាប់ផ្ដើម​ដាក់​លក្ខខណ្ឌ​ជាមួយ​រឿងនេះ ដូច​ជាមាន​រង្វាន់​ឱ្យ​ជាដើម ដើម្បី​កូន​នឹង​បាន​ស៊ាំ​ធ្លាប់ ហើយនឹង​ធ្វើ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ត្រូវ​ប្រាប់​តទៅទៀត​ឡើយ៕

Advertisement