ដាក់ឱ្យ​កូនតូច​គេង យ៉ាងណា​កុំឱ្យ​ក្បាល​សំប៉ែត?

រឿង​កង្វល់​មួយទៀត​របស់​ឪពុកម្ដាយ​ថ្មោងថ្មី គឺ​ប្រហែលជា​គេច​មិន​ផុតពី​រឿង​ចង់ឱ្យ​កូន​មាន​ក្បាល​មូល​ស្អាត មិន​សំប៉ែត​នោះឡើយ តែ​បច្ចុប្បន្ន​មាន​ក្មេង​ក្បាល​សំប៉ែត​កាន់តែ​ច្រើនឡើង ដោយសារតែ​ខាង​វេជ្ជសាស្ត្រ​បាន​ណែនាំ​ឱ្យ​ទារក​គេង​ផ្ងារ​ច្រើនជាង​គេង​ផ្កាប់ ដើម្បី​ការពារ​សភាវ SDS (Sudden Death Syndrome) ឬ​ឱកាស​ដែល​ក្មេង​ទារក​ស្លាប់បាត់​បង់ជីវិត​ខណៈ​គេង​លក់។

មូលហេតុ​របស់​ក្បាល​សំប៉ែត ដោយសារតែ​ឆ្អឹង​របស់​ទារក​ទើប​កើត​ដំបូង​ជា​ឆ្អឹង​ដែលមាន​ភាព​ទន់​ខ្ចី បើ​គេង​សង្កត់​ក្នុង​ឥរិយាបថ​ដដែល​គ្រប់ពេលវេលា នឹងធ្វើ​ឱ្យ​ឆ្អឹងលលាដ៍ក្បាល​របស់​ទារ​ក​ទៅជា​សំប៉ែត​បាន។ យ៉ាងណាក៏ដោយ សភាវ​ក្បាល​សំប៉ែត​នេះ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ (មាន​ផលប៉ះពាល់​តែ​លើ​ភាពស្រស់ស្អាត​របស់​ទ្រង់ទ្រាយ​ក្បាល​ប៉ុណ្ណោះ) ដូច្នេះ​សម្រាប់​លោកឪពុក​អ្នក​ម្ដាយ​ដែល​មិន​ចង់​កូន​មាន​ក្បាល​សំប៉ែត ឡា​រ៉ែ​ន មាន​ពាក្យ​ណែនាំ​យ៉ាងងាយៗមក​ជម្រាបជូន។

1/ រៀបចំ​ឥរិយាបថ​ឱ្យ​កូន​គេង​ផ្អៀង ឆ្លាស់គ្នា​ទៅមក ម្ដង​ឆ្វេង ម្ដង​ស្ដាំ។

2/ ឱ្យ​កូន​គេង​ផ្កាប់ ក្បាល​ច្បាស់​ជា​ស្អាត​ប្រាកដ​ណាស់ តែ​ក៏​ហាក់ដូចជា​ប្រថុយ​នឹង​គ្រោះថ្នាក់​ខ្លាំង​ដែរ ចំពោះ​ក្មេង​ទារក​អាយុ 3ខែ​ដំបូង ព្រោះ​អាច​នឹង​ធ្វើឱ្យ​ក្មេង​ស្ទះខ្យល់​ដកដង្ហើម ដូច្នេះ​បើ​ដាក់​កូនតូច​ឱ្យ​គេង​ផ្កាប់ ឪពុកម្ដាយ​ត្រូវ​នៅ​មើលថែទាំ​យ៉ាង​ជិតស្និទ្ធ​ដិតដល់ កុំ​ឱ្យមាន​ខ្នើយ ឬ​របស់​អ្វី​ម្យ៉ាង​ខ្ទប់​ច្រមុះ​កូន។

3/ បើ​កូន​មិន​ព្រម​គេង​ផ្កាប់ ចូរ​រក​ខ្នើយ​ដែលមាន​ប្រហោង​កណ្ដាល​មក​ដាក់ឱ្យ​កូន​គេង។

4/ អំឡុង​ពេលដែល​កូន​ភ្ញាក់ កុំឱ្យ​កូន​ស្ថិតក្នុង​ឥរិយាបថ​គេង​ផ្ងារ​តែ​ម្យ៉ាង ចូរ​ដាក់ឱ្យ​កូន​គេង​ក្នុង​ឥរិយាបថ​ផ្សេង​ទៀតផង ដូចជា គេង​ផ្កាប់​ដោយមាន​អ្វី​ទ្រ​ក្បាល គេង​ផ្អៀង ឬ​ពកូន​ឡើង​ក៏បាន ទោះជា​ក្នុងអំឡុងពេលខ្លីៗក៏ដោយ។

5/ មិនគួរ​ឱ្យ​គេង​ក្នុង ខា​រ៍​ស៊ីត ឬ​រទេះរុញ​សម្រាប់​ក្មេង​ទារក​យូរពេក​ទេ។

6/ ការ​បី ឬ​ពកូន​តូច ក៏​គួរតែ​ឆ្លាស់​ខាង​គ្នា ឆ្វេង ស្ដាំ​ដែរ។

7/ បើ​នឹង​បី ឬ​ពកូន មិន​ថា​នៅក្នុង​ផ្ទះ ឬ​នាំ​ចេញទៅ​ខាងក្រៅ​ក៏ដោយ ក៏​គួរប្រើ​ក្រណាត់​អង្រឹង​បីកូន ដើម្បីឱ្យ​ក និង​ក្បាល​កូនតូច​មិនមាន​គំនាប៕

Advertisement